ភ្នំពេញ : នៅក្នុងបរិបទជំងឺកូវីដ-១៩នេះអាជ្ញាធរគ្រប់ជាន់ថ្នាក់បានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបង្ការទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះរហូតដល់ហាមមិនឱ្យមានការជួបជុំគ្នាតាមទីសាធារណៈជាដើម ជាពិសេសពេលនេះការជួបជុំគ្នានៅតាមទីវត្តអារាមសម្រាប់ប្រជាពលរដ្ឋធ្វើពិធីបុណ្យកាន់បិណ្ឌក៏ត្រូវបានអាជ្ញាធរតម្រូវឲ្យផ្អាកជាបណ្ដោះអាសន្នដែរដើម្បីបង្ការនិងទប់ស្កាត់ជំងឺដ៏កាចសាហាវកូវីដ-១៩។ តែផ្ទុយទៅវិញទីតាំងល្បែងស៉ីសងប្រភេទឡូតូ keno ដែលមានការជួបជុំគ្នាលេងភ្នាល់ស៊ីសងដាក់លុយបានបើកដំណើរការយ៉ាងរលូនមិនឃើញមានចាតវិធានការបង្ក្រាបពីសំណាក់អាជ្ញាធរដែនដីឡើយដែលជាមូលហេតុនាំឱ្យមានចោទជាសំណួរថា តើម្ចាស់ទីតាំងល្បែងស៊ីសងទាំងនេះខ្លាំងឬមួយអាជ្ញាធរអសមត្ថភាពក្នុងការបង្ក្រាប?
ទីតាំងល្បែងស៊ីសងប្រភេទឡូតូKenoខាងលើនេះស្ថិតនៅផ្ទះលេខ9E ផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ទីតាំងល្បែងស៊ីសងទាំងនេះបានប្រមូលផ្ដុំមនុស្សជាច្រើន ដោយមិនចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ៣កុំ ៣ការពារ របស់ប្រមុខរដ្ឋាភិបាលឡើយ ដែលបច្ចុប្បន្នអាជ្ញាធរគ្រប់ជាន់ថ្នាក់កំពុងយកចិត្តទុកដាក់ចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាល និងដើម្បីកាត់ផ្ដាច់នូវជំងឺ covid-19 ក្នុងសហគមន៍២០កុម្ភៈឱ្យបានជោគជ័យ។
ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធរខណ្ឌ៧មករា ដែលមានលោក លីម សុភា ប្រធានគណៈបញ្ជាការឯកភាព និងលោកវរសេនីយ៍ឯក នេត ស៉ីថុន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាហាក់មិនយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំខាងលើឡើយ ដោយបានបើកដៃឱ្យឈ្មួញល្បែងសុីសងបើកលេងយ៉ាងរំភើយក្នុងមូលដ្ឋានរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះការប្រព្រឹត្តនឹងល្មើសវិធានក្រសួងសុខាភិបាល ដែលបង្កឱ្យមានហានិភ័យរីករាលដាលជំងឺកូវីដ-១៩។ ក្នុងករណីដែលបណ្តែតបណ្តោយឱ្យមានការបើកក្លឹិបកម្សាន្តជួបជុំគ្នាផឹកស៊ី ច្រៀងរាំសប្បាយល្មើសវិធានការក្រសួងសុខាភិបាល គឺលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើ ហើយកុំឆ្លើយថាមិនដឹងនោះ ។
ពាក់ព័ន្ធនឹងបញ្ហាល្បែងស៊ីសងខាងលើនេះលោកអ៊ុន ភារម្យ នាយប៉ុស្តិ៍នគរបាលសង្កាត់វាលវង់បានឱ្យដឹងថា លោកធ្លាប់រាយការណ៍ទៅថ្នាក់លើម្ដងដែរតែដោយទីតាំងខាងលើនេះមានច្បាប់។ដោយឡែកលោកនេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករាបានប្រាប់ឱ្យដឹងថា កន្លងមកលោកបានបញ្ជាឲ្យនគរបាលប៉ុស្តិ៍ចុះបិទម្ដងហើយ ចុះម្ដេចក៏នៅតែដំណើរការដដែលបែបនេះទៀត ចាំមើលខ្ញុំបញ្ជាទៅមេប៉ុស្តិ៍ម្ដងទៀត ៕ដោយ ស សម