Chelsea និង Man Utd បាត់បង់ឱកាសឡើងឈរកំពូលតារាង ខណៈ Liverpool បានត្រឹមស្មើ

ចែករំលែក៖

ក្រុមខ្លាំងតោខៀវ Chelsea និងក្រុមខ្លាំងបិសាចក្រហម Manchester United បានបាត់បង់ឱកាសរកបាន៣ពិន្ទុពីគូប្រកួតក្នុងទឹកដីរបស់ខ្លួន ដោយរងការបរាជ័យសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី៦ កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ដោយចាញ់ក្រុមមេឃខៀវ Manchester City និងក្រុម Aston Villa ក្នុងលទ្ធផល១ទល់នឹង០ដូចគ្នា។

ក្រុមម្ចាស់ផ្ទះតោខៀវ Chelsea បានបើកកីឡដ្ឋាន Stamford Bridgeទទួលស្វាគមន៍ក្រុមមេឃខៀវ Manchester City ដោយក្រុមទាំង២សុទ្ធតែត្រូវការ៣ពិន្ទុដូចគ្នាដើម្បីឈរកំពូលតារាង។ ការប្រកួតក្នុងតង់ទី១ មិនមានគ្រាប់បាល់បញ្ចូលទីនោះទេ ដោយក្រុមភ្ញៀវ Man City ព្យាយាមសម្រុកផងដែរ ហើយក្រុមម្ចាស់ផ្ទះតោខៀវក៏មិនមានបណ្តោយឲ្យក្រុមភ្ញៀវធ្វើអ្វីបានដែរ។ ចូលដល់តង់ទី២ ក្រុមភ្ញៀវ មាន Man City មានឱកាសស៊ុតបាល់មួយគ្រាប់នៅនាទីទី៥៣ ដោយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Gabriel Jesus មួយគ្រាប់ដែលជាគ្រាប់ជ័យជម្នះរបស់ក្រុមមេឃខៀវតែម្តង។

លទ្ធផលនេះធ្វើឲ្យក្រុមតោខៀវ Chelsea ចាញ់ជាលើកដំបូងក្នុងក្របខ័ណ្ឌ Premier League ក្នុងរដូវកាលនេះ ដោយមាន១៣ពិន្ទុ ហើយក្រុមមេឃខៀវ Man City ទទួលបាន៣ពិន្ទុបន្ថែមមាន១៣ពិន្ទុដូចគ្នា ប៉ុន្តែ Man City មានគ្រាប់បាល់ចំណេញច្រើនជាង Chelsea និង Man Utd។

ចំណែកក្រុមម្ចាស់បិសាចក្រហម Manchester United បានរងបរាជ័យដ៏អាម៉ាសដែរក្នុងទឹកដីរបស់ខ្លួន ដោយបានចាញ់ក្រុមភ្ញៀវ Aston Villa ក្នុងលទ្ធផល១ទល់០។ ការប្រកួតក្នុងតង់ទី១មិនមានគ្រាប់បាល់ស៊ុតចូលទីដូចគ្នា ប៉ុន្តែចូលដល់តង់ទី២ កីឡាករខ្សែការពារ Hause របស់ក្រុម Aston Villa បានតែតបញ្ចូលទីបានសម្រេចទៅលើក្រុមបិសាចក្រហមនៅនាទីទី៨៨ ដែលស៊ុតចេញពីជ្រុង។ នៅនាទីទី៩០+៣ក្នុងម៉ោងបន្ថែមកីឡាករ Hause ដដែលបានធ្វើឲ្យមានកំហុសដោយបាល់ប៉ះដៃត្រូវអាជ្ញាកណ្តាលសម្រេចផ្តល់បាល់ពិន័យប៉េណាល់ទី ដែលស៊ុតដោយកីឡាករខ្សែបម្រើ Bruno Fernandes របស់ក្រុមបិសាចក្រហម ប៉ុន្តែមិនដូចការស្មាននោះទេ ដោយកីឡាកររូបនេះបានស៊ុតមិនចូល នាំឲ្យក្រុមបិសាចក្រហមបាត់បង់ឱកាសតាមស្មើនៅចុងម៉ោងតែម្តង ។

លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហមបាត់បង់៣ពិន្ទុ ដោយនៅបន្តមាន១៣ពិន្ទុដដែល ហើយក្រុម Aston Villa បានឡើងមកឈរលេខ៨ មាន១០ពិន្ទុក្នុងការប្រកួត៦ប្រកួតកន្លងមក ។ដោយឡែកក្រុមហង្សក្រហម Liverpool បានឡើងមកឈរកំពូលតារាង Premier League បណ្តោះអាសន្ន ក្រោយពីប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ Brentford ក្នុងលទ្ធផល៣ទល់៣។ ការប្រកួតនេះក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់នាំមុខមុននៅនាទីទី២៧ ដោយកីឡាករ Pinnock ប៉ុន្តែត្រូវកីឡាករ Diogo Jota របស់ក្រុមហង្សក្រហមរកបាន១គ្រាប់សងវិញនៅនាទីទី៣១។៊ចូលដល់ការប្រកួតក្នុងតង់ទី២ ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមហង្សក្រហមរកបាន១គ្រាប់នាំមុខវិញនៅនាទីទី៥៤ ខណៈដែលកីឡាករ Janelt របស់ក្រុម Brentford រកបាន១គ្រាប់សងវិញភ្លាមៗនៅនាទីទី៦៣។ នៅនាទីទី៦៧ កីឡាករ Jones របស់ក្រុម Liverpool រកបាន១គ្រាប់បន្ថែមទៀត ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះព្យាយាមសម្រុករហូតដល់នាទីទី៨៨ កីឡាករ Wissa របស់ក្រុមម្ចាស់ផ្ទះរកបាន១គ្រាប់តាមស្មើវិញ។

ការប្រកួតស្មើគ្នានេះ ធ្វើឲ្យក្រុមហង្សក្រហម Liverpool ទទួលបាន១ពិន្ទុបន្ថែមទៀត ដែលមាន១៤ពិន្ទុឈរលើគេក្នុងលីគកំពូលអង់គ្លេសបណ្តោះអាសន្ន។ ចំណែកក្រុម Brentford ទទួលបាន១ពិន្ទុបន្ថែមដែរឈរលេខរៀងទី៩ មាន៩ពិន្ទុនៅក្នុងដៃ ។

សម្រាប់ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សប្តាហ៍ទី៦នេះ នៅមាន២គូទៀតដែលត្រូវប្រកួតនៅរាត្រីថ្ងៃទី២៦ កញ្ញានេះគឺក្រុមម្ចាស់ផ្ទះ Southampton ត្រូវប៉ះក្រុម Wolverhampton នៅម៉ោង៨យប់ ខណៈដែលក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ត្រូវប៉ះក្រុមមាន់ខ្នាយមាស Tottenham នៅម៉ោង១០៖៣០នាទីយប់ម៉ោងនៅកម្ពុជា ៕

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print