លោក​ ម៉ាក្រុង ក្រោយឃើញទង្វើអាមេរិក៖​ ប្រាប់អឺរ៉ុបឱ្យឈប់ឆោត ត្រូវការពារប្រយោជន៍​ និងពង្រឹងសមត្ថភាពយោធាខ្លួន

ចែករំលែក៖

អន្តរជាតិ​៖​ លោក​ អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង​ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនិង​លោក Kyriakos Mitsotakis នាយករដ្ឋមន្រ្តីក្រិក កាលពីថ្ងៃទី២៨ ខែកញ្ញ ឆ្នាំ​២០២១នេះ​ ក្រោយការចុះកិច្ចព្រមព្រៀងទិញលក់នាវាចម្បាំងបារាំងក្នុងទំហំទឹកប្រាក់ប្រមាណ ៣,៥១ពាន់លានដុល្លារ​ យ៉ាងដូច្នេះ​ថា៖​ អឺរ៉ុប ត្រូវតែឈប់ឆោត នៅពេលត្រូវការពារផលប្រយោជន៍ និងពង្រឹងសមត្ថភាពយោធាខ្លួន។

ជាក់ស្ដែង​លោក ម៉ាក្រុង បានសង្កត់ធ្ងន់ «អឺរ៉ុប ត្រូវតែឈប់ឆោតទៀត»។ លោក​ប្រធានាធិបតី​បារាំង​រូប​នេះ​ បានបន្ថែមថា នៅពេលអឺរ៉ុបស្ថិតក្រោមសម្ពាធពីប្រទេសធំៗ អឺរ៉ុប គួរតែប្រតិកម្ម និងបង្ហាញពីអំណាច និងសមត្ថភាព ដើម្បីការពារខ្លួន។

ប្រធានាធិបតី​បារាំង​ បានគូសបញ្ជាក់ទៀត​ថា វាមិនមែនធ្វើឱ្យជម្លោះកាន់តែរីកធំឡើយ ប៉ុន្តែវាគ្រាន់តែជាសកម្មភាពការពារខ្លួនប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត វាក៏មិនមែនប្រឆាំងអាម៉េរិក ឬជំនួសអាម៉េរិកអ្វីឡើយ តែនេះគឺជាការទទួលខុសត្រូវរបស់អឺរ៉ុប នៅក្នុងបក្សសម្ព័ន្ធយោធាណាតូ។

សូមជម្រាបថា​ បន្ទាប់ពី​ទំនាក់ទំនងការទូតបារាំង​ ជាមួយសម្ព័ន្ធមិត្តមានអាមេរិក, អង់គ្លេស និងអូស្រ្តាលី បានធ្លាក់ចុះយ៉ាងខ្លាំង ខណៈ​ដែល​ប្រទេសទាំង៣នេះ បានឯកភាពលើការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរឱ្យអូស្ត្រាលី។ ចំណែក​ប្រទេស​បារាំងវិញ មិនពេញចិត្តលើរឿងនេះឡើយ ព្រោះមិត្តទាំងពីរ រកស៊ីកាត់មុខខ្លួន ដោយមិនពេញចិត្តនឹងទង្វើរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន លោក អេម៉ានុយអែល ម៉ាក្រុង មេដឹកនាំបារាំង បានជំរុញឱ្យអឺរ៉ុប កាន់តែមានស្វ័យភាពពីអាមេរិក។

ដោយ​ឡែក​បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា​ ក្នុងជំនួបរវាងមេដឹកនាំបារាំង និងក្រិក រដ្ឋាភិបាលក្រុងអាថែន បានឯកភាពទិញនាវាចម្បាំងចំនួន៣គ្រឿង ដោយភ្ជាប់ជាមួយជម្រើសអាចទិញនាវាចម្បាំងបានមួយគ្រឿងទៀត។ ក្នុងកិច្ចព្រមព្រៀងមានតម្លៃសរុបប្រមាណជាង៣ពាន់លានដុល្លារ។

គួរបញ្ជាក់ថា​ រដ្ឋាភិបាល​ក្រិក​ កន្លងមកបានកម្ម៉ង់ទិញយន្តហោះចម្បាំង Rafale ពីបារាំងប្រមាណ ២៤គ្រឿងដែរ។ ក្រិកជាប្រទេសអឺរ៉ុបតែមួយគត់ ដែលបានកម្មង់ទិញយន្តហោះចម្បាំង Rafale។ ជាមួយគ្នានេះ​ លោកនាយករដ្ឋមន្រ្តីក្រិក តាមរយៈកិច្ចព្រមព្រៀងទិញយន្តហោះ និងនាវាចម្បាំងនេះ បានយល់ថា វានឹងពង្រឹងទំនាក់ទំនងប្រទេសទាំងពីរបន្ថែមទៀត ហើយវាក៏ជួយការពារផលប្រយោជន៍របស់ក្រិកផងដែរ៕ដោយ​៖​ ស​ តារា​

...

រូបថត AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print