ខេត្តកណ្ដាល៖ ជនសង្ស័យ៤នាក់ក្នុងចំណោមបក្ខពួក៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួនក្នុងប្រតិបត្ដិការបង្ក្រាបករណីចែកចាយគ្រឿងញៀនមួយ កាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ នៅភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្ដកណ្ដាល ។ ប្រតិបត្ដិការខាងលើសមត្ថកិច្ចនរបាលបានធ្វើការរឹបអូសវត្ថុតាងមួយចំនួនរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២កញ្ចប់ ,ទូរស័ព្ទដៃចំនួន៣គ្រឿង ,ប្រាក់ដុងចំនួន៥៦០០០ដុង និងឧបករណ៏សម្រាប់វិចខ្ចប់ចែកចាយ-ប្រើប្រាស់គ្រឿងញៀនជាច្រើនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
អធិការនគរបាលស្រុកកោះធំលោកវរសេនីយ៏ ឈឿន ប៊ុនឆន បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន ទី១-ឈ្មោះ យិន យ៉ាទ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី២-ឈ្មោះ ភួង សុខុម ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ជនសង្ស័យទាំង២នាក់នេះមានទីលំនៅភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ទី៣-ឈ្មោះ ង្វៀង ថាន់យូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរកសិករ មានទីលំនៅភូមិលេខ៤ ឃុំខាន់អាង ស្រុកអាងភូ ខេត្ដអាងយ៉ាង ប្រទេសវៀតណាម ទី៤-ឈ្មោះ ង្វៀង យ៉ាំងសាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិវៀតណាម មុខរបរសិស្ស មានទីលំនៅភូមិលេខ៣ ឃុំខាន់អាង ស្រុកអាងភូ ខេត្ដអាងយ៉ាង ប្រទេសវៀតណាម ។
លោកវរសេនីយ៏ ឈឿន ប៊ុនឆន បានបន្ដថា ជនសង្ស័យទាំង៤នាក់នេះនិងបក្ខពួកម្នាក់ទៀតដែលបានរត់គេចខ្លួន គឺជាមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ។ កន្លងមកសមត្ថកិច្ចនគរបាលជំនាញសហការណ៏ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលតាមដានក្រុមជនសង្ស័យជាយូរមកហើយតែមិនមានវត្ថុតាងសម្រាប់ដាក់បន្ទុកចាប់ខ្លួន លុះមកដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលបានទទួលព័ត៌មានច្បាស់ការថាក្រុមជនសង្ស័យមានលាក់ទុកថ្នាំញៀនជាប់ខ្លួន ទើបសមត្ថកិច្ចរៀបចំកម្លាំងឡោមព័ទ្ធបង្ក្រាបឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះដកហូតវត្ថុតាងថ្នាំញៀន២កញ្ចប់ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស្អាងជ័យ