ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនពាលមួយក្រុមជិះឡានទំនើបពួនស្ទាក់វាយបុរសម្នាក់ស្ទើរស្លាប់ មកសាកសួរ និងបញ្ជូនទៅតុលាការនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦នេះ ខណៈសំណុំរឿងនេះមានមន្ដ្រីថ្នាក់ផ្កាយបីម្នាក់នៅភ្នំពេញអន្ដរាគមន៍ឲ្យដោះលែង។
ករណីនេះកើតឡើងកាលវេលាម៉ោង១១យប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ មានជនដៃដល់មួយក្រុមជិះរថយន្តម៉ាកហាយឡែនឌ័រ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2K-6261 ទៅពួនស្ទាក់វាយបុរសវ័យជាង៣០ឆ្នាំម្នាក់បណ្តាលឲ្យរងរបួសស្ទើរស្លាប់បែកក្បាលហូរឈាម ស្ថិតនៅចំណុចភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។
លោក ឈួរលាង ជនរងគ្រោះបានឲ្យដឹងថា លោកបានជិះម៉ូតូចេញពីផ្ទះក្នុងខាងអាស័យដ្ឋានខាងលើបានប្រហែលតែជាង១០ម៉ែត្រ ស្រាប់មានមនុស្សប្រុសជិត១០នាក់រត់សំដៅមកវាយលោកតែម្តង ដោយពួកគេខ្លះប្រើកណ្តាប់ដៃ ឯខ្លះគេប្រើដំបង។ លោកបានបន្ដថា ភ្លាមនោះលោកបានស្រែកហៅបងប្អូនសាច់ញាតិឲ្យជួយ ទើបប្អូនថ្លៃរបស់លោករត់ទៅដេញចាប់ជនដៃដល់ តែចាប់មិនបានពួកគេបានរត់ឡើងឡានបើកទៅបាត់។ លោក ឈួរលាង បានបន្តថា ពេលនោះងងឹតមុខសន្លប់ទើបបងប្អូនសាច់ញាតិជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ លោក ឈួរលាង បានឲ្យដឹងបន្ថែមថា លោកបានឲ្យប្អូនប្រុសរបស់លោក ទៅដាក់ពាក្យបណ្តឹងនៅឯប៉េអឹមខេត្តសៀមរាប ពីបទហិង្សាដោយចេតនា មានស្ថានទំងន់ទោស ដោយទាមទាសំណងជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ហើយសូមឲ្យសមត្ថកិច្ចផ្តន្ទាទោសជនដៃដល់ទៅតាមផ្លូវច្បាប់ផង។
លោក ទឹកសារ៉ាវី ត្រូវជាប្អូនថ្លៃជនរងគ្រោះខាងលើបានឲ្យដឹងថា នៅពេលបងថ្លៃលោកចេញម៉ូតូពីផ្ទះមិនបាន១០ម៉ែត្រផងស្រាប់លឺសំលេងស្រែកឲ្យជួយផង ភ្លាមនោះលោកបានរត់ទៅដល់ឃើញមនុស្សជិត១០នាក់ប្រដាប់ដោយដំបងកំពុងព្រួតវាយបងរបស់លោកដែលកំពុងដួលដេកលើដី។ លោកវីបានបន្តថា ពេលក្រុមជនដៃដល់ឃើញលោករត់ទៅជួយបងគាត់ ពួកក្រុមដៃដល់បែកវ៉ូងប្រសេកប្រសាច លោកបានរត់តាមចាប់ជនដៃដល់២នាក់ក្នុងចំណោមនោះ តែបែជាមានជនដៃដល់៣-៤នាក់ផ្សេងទៀតមកព្រួតវាយបងរបស់លោកបន្ថែមនៅមុខផ្ទះ ឃើញហេតុការណ៍ដូច្នេះលោករត់បកមកជួយបងវិញ តែក្រុមជនដៃដល់បាននាំគ្នារត់ឡើងឡានបើកចេញទៅបាត់។
លោក អ៊ុយចយ នាយការិយាល័យព្រហ្មទណ្ឌប៉េអឹមខេត្តសៀមរាប កាលពីម៉ោង១១និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្រុមជនដៃដល់មានគ្នា០៧នាក់ តែមិនអាចឲ្យឈ្មោះបានទេព្រោះកំពុងតែរៀបចំតាមនីតិវិធី ហើយរងចាំបញ្ជាពីថ្នាក់លើសិន។ លោក អ៊ុយចយ បានបន្ថែមថា ជនដៃដល់និងបញ្ជួនទៅតុលាការព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦នេះ។ ប៉ុន្ដែទោះជាយ៉ាងណា ប្រភពបែកធ្លាយសុំមិនបញ្ចេញឈ្មោះបានលួចបង្ហើបឲ្យដឹងថា ក្នុងករណីក្រុមជនដៃដល់មួយក្រុមដែលប៉ុនប៉ងវាយសម្លាប់ជនរងគ្រោះខាងលើនេះ មានអ្នកធំផ្កាយ៣ម្នាក់កំពុងព្យាយាមជួយអន្តរាគមន៍ដោះជនដៃដល់ពីសំណាញ់ច្បាប់ក្រៅផ្លូវការណ៍។
លោក ឈួរលាង ជនរងគ្រោះខាងលើសូមសំណូមពរទៅឯកឧត្តម ប៉ោ វណ្ណនិត មេប៉េអឹមខេត្តសៀមរាប សូមលោកមេត្តាជួយឲ្យកូនចៅរបស់លោក បញ្ជូនសំណុំរឿងខាងលើនេះទៅតុលាការឲ្យបានលឿនផង។ ហើយលោក ឈួរលាង សង្ឃឹមជឿជាក់យ៉ាងមុតមាំថា តុលាការខេត្តសៀមរាបនិងរកយុត្តិធម៌ជូនលោកដែលជាជនរងគ្រោះជាក់ជាមិនខាន។
សូមបញ្ជាក់ថា សមត្ថកិច្ចខាងលើ មិនបានអនុញ្ញាតិឲ្យអ្នកកាសែតថតរូបជនដៃដល់ទេ ៕
ដោយ៖ ជានិរន្ដរ៍