ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា មានមេសាខាគយ នឹងរដ្ឋាករខេត្តសៀមរាប ហាក់គ្មានឆន្ទះបង្ក្រាបទំនិញគេចពន្ធដែលគេមើលឃើញថាកំពុងសម្រុកហូរចូលយ៉ាងគំហុកក្នុងខេត្តទេសចរណ៍សៀមរាបដែល ករណីនេះគេសង្ស័យថាប្រធានសាខាគយខេត្តសៀមរាបនេះកំពុងត្រូវថ្នាំសណ្តំ។
ប្រភពព័ត៌មានបានទម្លាយឲ្យដឹងថា៖លោកសុខ សុដារ៉ាដែលកំពុងកាន់តំណែងជាប្រធានសាខាគយ នឹងរដ្ឋាករខេត្តសៀមរាប ជាប់ទាក់ទិនជាមួយអំពើពុករលួយក្នុងការឃុបឃិតឲ្យមានអំពើរត់ពន្ធទំនិញខុសច្បាប់ ចូលក្រុងសៀមរាប ដូចជាគ្រឿងសំណង់ ទំនិញចាប់ហួយដែលត្រូវបានឈ្មួញដឹកមកពីប្រទេសជិតខាង។ ប្រភពឲ្យដឹងទៀតថា ទំនិញទាំងនោះបង់ពន្ធមិនគ្រប់ដែលនាំឲ្យខាតបង់ចំណូលថវិកាជាតិ។ ប្រភពដដែលបានបន្តថា៖គេមិនដែលឃើញមន្ត្រីគយក្រោមបញ្ជា របស់លោក សុខ សុដារ៉ា ចេញបង្ក្រាបការដឹកជញ្ជូនទំនិញខុសច្បាប់ ឬទំនិញបង់ពន្ធមិនគ្រប់ម្តងណាឡើយ ចាប់តាំងពីពេលដែលលោកសុខសុដារ៉ាត្រូវបានតែងតាំងជាប្រធានសាខាគយ ប្រចាំខេត្តសៀមរាប បើទោះបីជាសកម្មភាពរត់ពន្ធទំនិញខុសច្បាប់កើតឡើងយ៉ាងអនាធិបតេយ្យក៏ដោយ។ ការកង្វះឆន្ទះក្នុងការបង្ក្រាបការដឹកជញ្ជូនទំនិញខុសច្បាប់ របស់លោកសុខ សុដារ៉ា បង្កើតឲ្យមានភាពប្រទាំងប្រទើសសម្រាប់ការកែទម្រង់គយ មិនគួរណារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬអគ្គនាយក អគ្គនាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជាមើលរំលងពីភាពអសកម្ម របស់លោកសុខ សុដារ៉ានោះទេ។
មន្ត្រីគយមួយចំនួនបានបង្ហើបឲ្យដឹងថា ការសម្ងំកើបលុយយ៉ាងស្ងៀមស្ងាត់បែបនេះអាចធ្វើឲ្យលោកសុខសុដារ៉ា ទទួលបានលុយក្រៅចំណូលបង់ពន្ធចូលរដ្ឋយ៉ាងច្រើនក្នុងមួយខែៗ ហាក់ដូចជាមិនតុល្យភាពទៅនឹងប្រាក់ខែជាមន្ត្រីគយនោះទេ។
លោកសុខ សុដារ៉ា មុនពេលតែ ងតាំងជាប្រធានសាខាគយប្រចាំខេត្តសៀមរាបគាត់មានបទពិសោធន៍ក្នុងការសម្រួល ឲ្យឈ្មួញរត់ពន្ធទំនិញខុសច្បាប់ តាំងពីដើមមកឈ្មួញទាំងតូចទាំងធំត្រូវឱនលំទោនសុំយោគយល់និងបង់លុយឲ្យលោកសុខ សុដារ៉ា ជាហូរហែ។ មានការទម្លាយថាការដឹកជញ្ជូនទំនិញ គ្រប់ប្រភេទមកពីតាមច្រកព្រំដែនប៉ោយប៉ែត,អូស្មាច់សំដៅចូលមកឃ្លាំងស្តុកទំនិញ របស់ឈ្មួញធំៗ នៅក្នុងខេត្តសៀមរាប ដើម្បីលក់ចែកចាយទៅតាមទីផ្សារនិងកន្លែងបោះដុំផ្សេងៗទៀតនឹងធ្លាយទៅតាមបណ្តាខេត្តផ្សេងៗត្រូវឆ្លងកាត់ខេត្តសៀមរាបហើយក្នុងតួនាទីជាប្រធានសាខាគយ ខេត្តខេត្តសៀមរាប លោក សុខ សុដារ៉ា កំពុងសុខស្រួលក្នុងការចាត់តាំងមន្ត្រីក្រោមឱវាទ ឲ្យប្រមូលលុយពីក្រុមឈ្មួញ ទាំងការដឹកជញ្ជូនទំនិញស្របច្បាប់និងទំនិញបង់ពន្ធមិនគ្រប់ ពោលគឺ គ្រប់ច្រក គ្រប់ដង្ហើមគ្រប់ទូរស័ព្ទរោទ៍សុទ្ធតែពាក់ព័ន្ធ នឹងបញ្ហាផលប្រយោជន៍ ដែលសុខសុដារ៉ាអាចប្រមូលយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។ទាក់ទិននឹងករណីចោទប្រកាន់ខាងលើនេះ។ លោក សុខ សុដារ៉ា ប្រធានសាខាគយ ខេត្តខេត្តសៀមរាប មិនអាចសុំការពន្យល់បានទេនាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦នេះ ដោយហៅទូរស័ព្ទ ទៅលោកចូលហើយ និយាយថា អាឡូ អាឡូ រួចក៏ចុចបិទទូរស័ព្ទតែម្តង ។
ករណីខាងលើនេះដែរ គេមានការសង្ឃឹមថា៖លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នឹងអាចមានចំណាត់ការស៊ើបអង្កេតលើ ករណីខាងលើនេះយ៉ាងណានោះទេ ដើម្បីស្រាយចម្ងល់ឲ្យមហាជនបានដឹង ពីករណីគយខេត្តសៀមរាបនេះផង។
សូមរំលឹកថា៖ នាពេលថ្មីៗនេះសម្តេចតេជោហ៊ុន សែ នបានចេញអនុក្រឹត្យតែង តាំងសមាសភាពបង្ក្រាបនិងទប់ស្កាត់អំពើរត់ពន្ធខុសច្បាប់ដោយមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាប្រធានអគ្គនាយកគយនិងរដ្ឋាករ ជាអនុប្រធានអចិន្ត្រៃយ៍ហើយប្រធានសាខាគយនៅតាមខេត្តក៏មានតួនាទីជាអនុប្រធានអចិន្ត្រៃយ៍នៅតាមមូលដ្ឋាននីមួយៗសំដៅធ្វើការងារឲ្យមានប្រសិទ្ធភាពក្នុងការប្រមូលពន្ធជូនរដ្ឋប៉ុន្តែក្រុមអ្នកតាមដានកំណែទម្រង់គយបានលើកឡើងថាវិធានការនេះមិនសូវមានប្រសិទ្ធភាពទេប្រសិនបើគ្មានការផ្លាស់ប្តូរតំណែងមន្ត្រីគយមួយចំនួនដែលគ្មានឆន្ទះក្នុងការអនុវត្តន៍កំណែទម្រង់ស៊ីជម្រៅនាពេលកន្លងមក។
ជាពិសេសច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាបវិញ ទំនិញដែលត្រូវបង់ពន្ធនាំចូលថ្លៃៗ គឺមានការឃុបឃិតគ្នារវាងឈ្មួញនឹងគយច្រកនេះ ក៏ដូចគយសាខាខេត្ត ឃើញថាមានទំនិញជាទូរស័ព្ទទំនើបៗ គ្រឿងក្រអូប សំលៀកបំពាក់ម៉ាកថ្លៃៗ ហូរចូលតាមអំពើចិត្ត នឹងប្រឈមការបង្ក្រាបពីសមត្ថកិច្ចក្នុងបទល្មើសជាក់ស្តែងថែមទៀត៕
ដោយ៖ ជានិរន្ដរ៍