ខេត្តកែប៖ ស្រី បង្គារ ក្តាម ខ្យង មច្ឆជាតិបានងាប់យ៉ាងព្រោងព្រាតស្ថិតនៅសមុទ្រកែប ដោយមិនទាន់ដឹងពីមូលហេតុ ខណៈដែលមន្ត្រីជំនាញបរិស្ថានបាននិងកំពុងពិនិត្យពិសោធន៍មើលទឹកសមុទ្រដែលមានលឿង និងធុំក្លិនឆ្អាបផងដែរ ។
អភិបាលខេត្តកែប លោក កែន សត្ថាមានប្រសាសន៍នៅល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ថា នៅលើផ្ទៃទឹកសមុទ្រតំបន់មុខកន្លែងលេងទឹក និងកន្លែងផ្សេងៗមួយចំនួនទៀត ក្នុងខេត្តកែប បានទទួលរងផលប៉ះពាល់ទឹកសមុទ្រមានលក្ខណៈពណ៌លឿង ហើយបច្ចុប្បន្ននេះ មន្ត្រីជំនាញបរិស្ថាននិងមន្ត្រីជលផលកំពុង ត្រួតពិនិត្យតាមដាន លើករណីនេះ ប៉ុន្តែពុំទាន់បានទទួលពត៍មានច្បាស់លាស់នៅទ្បើយ ។
លោកបន្តថា តាមការអង្កេតជាបឋម លក្ខណៈទឹកដូចគ្នានេះឃើញមាននៅព្រែក ហាទៀង ប្រទេសវៀតណាមដែរ ដែលទឹកមានលក្ខណៈពណ៌លឿង និងមានក្លិនឆ្អាប ហើយករណីទឹកពណ៍លឿង ដែលឃើញមាននៅតំបន់មួយចំនួនក្នុងសមុទ្រខេត្តកែប តាមការវាយតម្លៃជាបណ្តោះអាសន្ន ទឹកមិនល្អនេះ អាចមានប្រភពមកពីតំបន់ព្រែកចាកជិតបង្គោលព្រំដែន314 ប៉ុន្តែមិនទាន់ដឹងថា មានជាតិពុលអ្វីនៅឡើយទេ ដោយកំពុងរង់ចាំការធ្វើវិភាគពីមន្ត្រីក្រសួងបរិស្ថាននិងផ្នែកពាក់ពន្ធ័ ៕
ដោយ៖ ថាច់ យ៉ាត