ភ្នំពេញ, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ថ្ងៃនេះគឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌឬភ្ជុំធំ ដែលជាថ្ងៃកាន់បិណ្ឌចុងក្រោយ នៃពិធីបុណ្យកាន់បិណ្ឌរយៈពេល ១៥ ថ្ងៃ។ ពិធីបុណ្យភ្ជុំបិណ្ឌនេះ ជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង គឺជាពេលវេលា ដែលបងប្អូនប្រជាពលរដ្ឋ សប្បាយរីករាយជួបជុំជាមួយក្រុមគ្រួសារ ធ្វើបុណ្យធ្វើទាន សន្សំកុសល និងជួបជុំសាច់ញាតិ មិត្តភ័ក្តិ បងប្អូន តាមគេហដ្ឋាន តាមទីវត្តអារាម និងកន្លែងផ្សេងៗ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានក្រើនរំលឹកថា, សូមបងប្អូនជនរួមជាតិទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អគ្រប់គ្នាៗ ជាពិសេសការពារខ្លួនឲ្យចៀសឆ្ងាយពីជំងឺកូវីដ-១៩ ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសត្រូវអនុវត្តវិធានការ “បីកុំ បីការពារ” ឲ្យបានខ្ជាប់ខ្ចួនជានិច្ច។
សូមអោយការធ្វើដំណើរជិតឆ្ងាយរបស់បងប្អូន កូនក្មួយ ទទួលបាននូវសុខសុវត្ថិភាព ត្រូវគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ចេះយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តថា, ខ្ញុំសូមថ្វាយពរ និងជូនពរដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិគ្រប់រូប នៅក្នុងឱកាសភ្ជុំបិណ្ឌនេះ បានប្រកបដោយពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ, សិលា