បុគ្គលិកធនាគារអេស៊ីលីដាម្នាក់ រងការរិះគន់ពីប្រជាពលរដ្ឋថា ប្រើពាក្យសម្តីអសុរោះចំពោះអតិថិជន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋម្នាក់ បានសម្តែងនូវការមិនពេញចិត្តជាខ្លាំង ចំពោះបុគ្គលិកធនាគារ អេស៊ីលីដា មួយរូប ដែលបានមកសួរនាំ អតិថិជន ដោយប្រើពាក្យអសុរោះ និងតម្លើងសរសៃ.ក ហាក់គ្មានសីលធម៌ក្នុងខ្លួន ខណះជនរងគ្រោះ ខកខានមិនបាន ទៅបង់ប្រាក់ឲ្យទាន់ពេលវេលា ដោយសារមានជម្ងឺ ឈឺធ្ងន់ ដេកនៅនិងកន្ទេល ។

តាមការឲ្យដឹងពីស្រ្តីរងគ្រោះ យ៉េន អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិអូរល្ហុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កាលពីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ មានបុគ្គលិកធនាគារ អេស៊ីលីដា ម្នាក់ បានមកដល់ផ្ទះអ៊ុំស្រី ដើម្បីសួរនាំ ហេតុអ្វីខកខាន មិនបានទៅបង់ប្រាក់ រហូតលើសដល់១៨ថ្ងៃ? ភ្លាមនោះ អ៊ុំស្រីយ៉េន បានធ្វើការបកស្រាយ ចំពោះកំហុសមិនបានទៅបង់ប្រាក់ ឲ្យទៀងពេល សម្រាប់ខែនេះ ដោយសារអ៊ុំស្រីមានជម្ងឺធ្ងន់ធ្ងរ ម្យ៉ាងគ្មានអ្នកជំនួសដៃជើង យកប្រាក់ទៅបង់ ។

ទោះបីជាមានការបកស្រាយយ៉ាងណា បុគ្គលិករូបនោះ ហាក់ដូចជាស្តាប់ មិនចូលត្រចៀក រួចប្រើពាក្យសម្តីអសុរោះ តឹងសរសៃ.ក ថែមទាំងគំរាមថា បើមិនយកប្រាក់ទៅបង់ទេ គេនឹងដកហូតដី និងផ្ទះលក់ឡៃឡុង ។ ដោយសារឈឺចាប់ នឹងសម្តីដ៏អសីលធម៌ របស់បុគ្គលិកធនាគារ អេស៊ីលីដា ដែលមានឈ្មោះ រ័ត្ឋ ស្រ្តីរងគ្រោះបានងើបទៅបង់ប្រាក់ ទាំងយ៉ាប់យឺន ព្រោះជម្ងឺមិនទាន់ជាសះស្បើយ ។ អ៊ុំស្រីយ៉េន បាននិយាយទាំងតឹងទ្រូងថា ថ្វីត្បិតតែរូបគាត់ក្រីក្រ ខ្ចីលុយធនាគារពិតមែន តែគាត់ក៏មានសីលធម៌ក្នុងខ្លួន និងគោរពពេលវេលា ខ្លាំងណាស់ ។

អ៊ុំស្រីបន្តថា ខណះបុគ្គលិករូបនោះ បានស្តាប់ការបកស្រាយ និងឃើញផ្ទាល់ភ្នែក ថាអ៊ុំស្រីឈឺពិតមែនហើយ នៅតែខ្វះសីលធម៌ ចំពោះអតិថិជន ដោយប្រើពាក្យសម្តី អសុរោះបែបនេះ ធ្វើឲ្យរូបគាត់ មានការមិនពេញចិត្តជាខ្លាំង ។ ជាចុងក្រោយ អ៊ុំស្រីយ៉េន បានធ្វើការសំណូមពរឲ្យ លោកប្រធានធនាគារអេស៊ីលីដា សាខាខេត្តឧត្តរមានជ័យ មេត្តាជួយពិនិត្យនិងកែសម្រួល កិរិយាមាយាទ និងពាក្យសម្តី របស់បុគ្គលិកលោកផង ។

ពាក់ព័ន្ធបញ្ហានេះ ជនរងការចោទប្រកាន់ អ្នកសារព័ត៌មានយើង មិនអាចទាក់ទង សុំការបំភ្លឺបានទេ ព្រោះមិនស្គាល់ លេខទូរស័ព្ទ ៕

image187

ប្រភពហ្វេសប៊ុក៖ អ៊ឹម សុខា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print