ភ្នំពេញ, សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃសុក្រ ២ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ។
លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្តី ថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ តូ្រវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១
នៅព្រឹកថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨និង២០នាទីព្រឹក នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖
១-សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ២-សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន។
៣-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤។
៤-បញ្ហាផ្សេងៗ៖
សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ន នីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិទាក់ទងទៅនឹង ការកាត់សេចក្ដីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់ អង្គជំនុំជម្រះវិសាមញ្ញ។
ក្រោយពីបានស្តាប់របាយការណ៍និងមតិពិភាក្សាផ្លាស់ប្ដូរយោបល់រួចមក សម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី បានសម្រេចអនុម័ត៖
១សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា១៥ថ្មី មាត្រា៨២ថ្មី មាន១០៦ថ្មី(មួយ មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមានការទទួលខុសត្រូវក្នុងការ សម្រេចលើកិច្ចការសំខាន់ៗដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឧត្តមប្រយោជន៍ជាតិនិងប្រជាជន កម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ឬការ បង្គាប់បញ្ហាចំពោះគោលនយោបាយជាតិនិងអន្តរជាតិរបស់កម្ពុជា។ ផ្អែកលើមូលដ្ឋាននេះ ប្រធាន រដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សុទ្ធតែត្រូវបានកំណត់ ឱ្យមានកាតព្វកិច្ចត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ ដោយត្រូវសច្ចាប្តេជ្ញាជាដាច់ខាតក្នុងការ អនុវត្តកាតព្វកិច្ចស្មោះត្រង់ចំពោះជាតិ និងការការពារឧត្តមប្រយោជន៍ ដែលជាអាយុជីវិតរបស់ជាតិ និងប្រជាជនកម្ពុជា។
សូមអាននូវខ្លឹមសារលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ! ទាំងស្រុងដូចខាងក្រោម ៕
ដោយ, សិលា