ខេត្តបាត់ដំបង៖ បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានឱ្យដឹងនៅថ្ងៃពុធទី១៣ ខែតុលា ឆ្នាំ២០២១នេះថា៖ កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាង ១០នាក់ក្នុងករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។
បេីតាមលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានបញ្ជាក់បន្ថែមថា
ការចុះអនុវត្តច្បាប់បង្ក្រាបខាងលេីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ ក្នុងបរិវេណស្ថានីយ៍រថភ្លើង ឋិតក្នុងក្រុមទី ២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បន្ទាប់ពីមានការលើកឡើង ជាបន្តបន្ទាប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ លើមូលដ្ឋានកើតហេតុ លោកបានរៀបចំប្រើប្រាស់ កម្លាំងជំនាញ ចុះស៊ើបអង្កេតជាច្រើនថ្ងៃ រហូតកំណត់ មុខសញ្ញា ជនល្មើសបាន ហើយបើកការបង្ក្រាប ប្រមូលអ្នកជាប់ពាក់ព័ន្ធ ទាំងអស់តែម្តង ក្នុងបទល្មើសជាក់ស្តែង។
អធិការនគរបាលរូបនេះ បានបន្តទៀតថា ប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀននេះ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានជនសង្ស័យ ប្រុស ស្រី សរុបចំនួន ១២នាក់ ជាអ្នករស់នៅក្នុងក្រុងបាត់ដំបង និងមួយចំនួនទៀត រស់នៅក្នុងស្រុកសង្កែ និងស្រុកមោងឫស្សី។
ដោយឡែកវត្ថុតាងចាប់យកពីជនសង្ស័យ រួមមាន៖ ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (សង្ស័យជាម៉ាទឹកកក ចំនួន ៣០កញ្ចប់) ទម្ងន់ ២០,៧៧ក្រាម ទូរស័ព្ទដៃចំនួន ៥ គ្រឿង រួមទាំងសម្ភារៈសម្រាប់ប្រើប្រាស់ ចែកចាយគ្រឿងញៀន មួយចំនួនទៀត៕
ដោយ៖អារុណរះ