ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះប្រមូលជនអនាថា ប្រុសស្រីក្មេងចាស់ជាង៣០នាក់ ក្នុងមូលដ្ឋានខណ្ឌ ដូចជានៅតំបន់វត្តកោះ ផ្សាររាត្រី និងសូរិយាម៉ល ដើម្បីធ្វើសំណាកតេស្តរហ័ស រួចមានអ្នកវិជ្ជមាន covid-19 ម្នាក់ត្រូបបញ្ជូនខ្លួនទៅព្យាបាល និងអ្នកទទួលលទ្ធផលអវិជ្ជមានបញ្ជូនទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ។
ប្រតិបត្តិការចុះប្រមូលជនអនាថានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ដោយមានការណែនាំពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ចាត់ឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះប្រមូលជនអនាថាបានសរុបចំនួន៣១នាក់ ក្នុងនោះរួមមានមនុស្សចាស់២៧នាក់ ស្រី១៣នាក់ និងក្មេង៤នាក់។
តាមប្រភពព័ត៌មានពីមន្រ្តីសាលាខណ្ឌដូនពេញបានឱ្យដឹងថា កន្លងមកអាជ្ញាធរខណ្ឌតែងតែចុះប្រមូលជាញឹកញាប់ដែរ តែនៅតែមានជនអនាថាជាហូរហែមកដេកសម្រាកនៅតាមចិញ្ចើមផ្លូវ តាមវត្តជាដើម។ល។ រហូតដល់ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានបន្តចុះប្រមូលជនអនាថាបានចំនួន៣១នាក់ យកមកទុកនៅកន្លែងក្បែរសាលាខណ្ឌដូនពេញ ដើម្បីរង់ចាំមន្រ្តីជំនាញសុខាភិបាលមកធ្វើតេស្តសំណាក។ ក្រោយធ្វើតេស្តសំណាករួច បានរកឃើញស្ត្រីម្នាក់វិជ្ជមានcovid-19 ត្រូវបានបញ្ជូនទៅព្យាបាល។ ចំណែកអ្នកផ្សេងទៀតទាំងចាស់ទាំងក្មេងលទ្ធផល អវិជ្ជមានត្រូវបានកម្លាំងអាជ្ញាធរបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។
ជាចុងក្រោយអាជ្ញាធរខណ្ឌដូនពេញ សំណូមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ណែនាំរបស់ប្រមុខដឹកនាំ ៣កុំ ៣ការពារដើម្បីចូលរួមបង្ការទប់ស្កាត់ កាត់ផ្ដាច់ជំងឺ Covid-19 ឲ្យទទួលបានជោគជ័យក្នុងសហគមន៍យើងទាំងអស់គ្នា៕ ដោយ រ៉ារ៉ា