មន្រ្តីជាន់ខ្ពស់​ក្រសួង​ទេសចរណ៍​៖ “ស្ត្រីគឺជាផ្នែកមួយនៃការប្រែក្លាយអនាគតទេសចរណ៍នៅកម្ពុជា”

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាម​ប្រភពព័ត៌មាន​ពីក្រសួង​ទេសចរណ៍​ បានឱ្យដឹងថា​ លោកស្រី​ ហ៊ុន ដានី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ ត្រីមាសទី៣ ឆ្នាំ២០២១ ដើម្បីត្រួតពិនិត្យលើការអនុវត្តការងារនាពេលកន្លងមក និងដាក់ចេញនូវទិសដៅការងារបន្ត។

កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន (Zoom) ដែលមានការចូលរួមពីថ្នាក់ដឹកនាំស្ត្រីតាមអគ្គនាយកដ្ឋាន វិទ្យាស្ថានជាតិទេសចរណ៍ បណ្តានាយកដ្ឋាននានាចំណុះក្រសួងទេសចរណ៍ លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងមន្ត្រីជំនាញជាច្រើនរូប។

ថ្លែងក្នុងកិច្ចប្រជុំ លោកស្រី​រដ្ឋលេខាធិការ បានលើកឡើងថា បើទោះបីស្ថិតិក្នុងបរិបទនៃជំងឺកូវីដ-១៩ក៏ដោយ ស្ត្រីនៅតែមានការចូលរួមយ៉ាងសកម្មនៅគ្រប់ទិដ្ឋភាពសង្គមដោយនិយាយជារួម និងនិយាយដោយឡែកក្នុងវិស័យទេសចរណ៍។ ស្ត្រីក្នុងវិស័យទេសចរណ៍ ត្រូវបានអង្គការទេសចរណ៍ពិភពលោក (UNWTO) ផ្តោតជាអាទិភាពពិសេសមួយនៅក្នុងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ “ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន”។ ក្នុងន័យនេះ បានបញ្ជាក់ថាស្ត្រីមានតួនាទីសំខាន់នៅគ្រប់សរសៃឈាមនៃទេសចរណ៍ ជាកម្លាំងចលករដែលមិនអាចខ្វះបានតាមរយៈការងារក្នុងវិស័យនេះ និងការរកប្រាក់ចំណូលដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

ដោយឡែកក្នុងស្ថានភាពចំពោះមុខ ស្ត្រីជនបទនិងសហគមន៍ទេសចរណ៍ គឺជាសក្តានុពលខ្ពស់ក្នុងការស្រោចស្រង់និងស្តារវិស័យទេសចរណ៍ឡើងវិញ ដោយផ្អែកទៅតាមនិន្នាការទេសចរណ៍ក្នុងបរិបទកូវីដ-១៩។ សហគមន៍ទេសចរណ៍បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាសហគមន៍មូលដ្ឋានតារយៈការបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលពីសកម្មភាពទសេចរណ៍ក្នុងសហគមន៍។

ក្នុងបរិការណ៍កូវីដ-១៩ ក្រសួងទសេចរណ៍បានខិតខំតាមគ្រប់រូបភាព ដើម្បីជួយបង្កើនភាពអង់អាចដល់ស្ត្រីតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលទាំងក្នុងកម្រិតជាតិនិងតំបន់ ទាំងដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ សំដៅជួយស្ត្រីឱ្យមានទាំងជំនាញទន់ និងជំនាញរឹងសម្របទៅតាមទីផ្សារការងារ និងក្លាយជាអ្នកដឹកនាំនៅក្នុងអាជីវកម្មខ្នាតតូច-មធ្យម ព្រមទាំងត្រៀមខ្លួនសម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍នាពេលខាងមុខផងដែរ។

លោកស្រី​រដ្ឋលេខាធិការ បានថ្លែងបញ្ចាក់ថា៖ “ស្ត្រីគឺជាផ្នែកមួយនៃការប្រែក្លាយអនាគតទេសចរណ៍នៅកម្ពុជា” ឱ្យក្លាយជាគោលដៅទេសចរណ៍ដែលផ្តល់ភាពកក់ក្តៅនិងសុវត្ថិភាព តាមរយៈការធ្វើបដិសណ្ឋារកិច្ច និងស្នាមញញឹមរបស់ស្ត្រី។ ផ្តើមពីតួនាទីដ៏មានសារៈសំខាន់របស់ស្ត្រី ក្រសួងបានចាត់ទុកស្ត្រីគឺជាកម្លាំងចលករដ៏មានសក្តានុពល និងជាភាគីពាក់ព័ន្ធដែលមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។ កិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តសកម្មភាពនានា ជាពិសេសជំរុញការលើកកម្ពស់សិទ្ធិ តួនាទីស្ត្រី និងបង្កើនភាពអង់អាចដល់ស្ត្រីដែលជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួង និងស្ត្រីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍ ជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។

ដូច្នេះ កិច្ចប្រជុំបូកសរុបលទ្ធផលការងារនៅថ្ងៃនេះ ក៏នឹងក្លាយជាឱកាសដើម្បីអនុញ្ញាតឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្តធ្វើការចែករំលែកបទពិសោធន៍ និងដាក់ចេញនូវគម្រោងផែនការរួម ដើម្បីពង្រឹង-ពង្រីកសកម្មភាព និងសមត្ថភាពរបស់ស្ត្រីនៅក្នុងវិស័យនេះឱ្យកាន់តែប្រសើរឡើង។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី​រដ្ឋលេខាធិការ ក៏បានធ្វើការកោតសរសើរដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងមន្ត្រីទទួលបន្ទុកអនុវត្តការងារទាំងអស់ ដែលបានខិតខំចូលរួមចំណែកជាមួយក្រសួងក្នុងការអនុវត្ត និងជំរុញការផ្សព្វផ្សាយអំពីវិធានសុវត្ថិភាពទេសចរណ៍ ក៏ដូចជានីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) ដែលជាកិច្ចការអាទិភាពបំផុតសម្រាប់ដំណើរការទេសចរណ៍ក្នុងគន្លងប្រក្រតីភាពថ្មី៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print