ភ្នំពេញ, នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់អោយដឹងថា, កងរាជអាវុធហត្ថ សូមធ្វើសេចក្តីប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាប ៖ អំពីការបើកការស៊ើបអង្កេតបឋម ដោយមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ លើករណីប្រើអំពើហិង្សាទៅលើក្មេងស្រី ជាកូនឈ្នួលបម្រើនៅផ្ទះ បណ្ដាលឱ្យរងរបួស ពេលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនថា មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ បាននិងកំពុងធ្វើការស៊ើបអង្កេតបឋម តាមនីតិវិធី ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ។ លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានន្តរសក្តិវរសេនីយ៍ត្រី មុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មូលហេតុ បុគ្គលនេះ បានប្រព្រឹត្តអំពើហិង្សាទៅលើក្មេងស្រីដែលជាកូនឈ្នួល (អ្នកបម្រើនៅផ្ទះ)។ ទន្ទឹមនឹងនោះ ក៏បានឃាត់ខ្លួនបុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផងដែរ។
កន្លងទៅ កងរាជអាវុធហត្ថ បានដាក់ចេញនូវទិសស្លោក “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ជាមួយគ្នានោះដែរ ក្រោមការគ្រប់គ្រង ដឹកនាំ បញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលគ្រប់រូប ដែលប្រព្រឹត្តបទល្មើសត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាប។
សូមបញ្ជាក់ផងដែរថា, ករណីនេះបានកើតហេតុកាលពីយប់់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ក្មេងស្រីរងគ្រោះឈ្មោះ ត្រែក ធារ៉ា អាយុ១២ឆ្នាំ និងឈ្មោះ វ៉ន ពិសី ១២ឆ្នាំដូចគ្នា ក្មេងស្រីរងគ្រោះទាំងពីរនាក់នេះត្រូវជាបងប្អូនជីដូនមួយ រស់នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ និងបានមកស៊ីស្មួលបំរើនៅផ្ទះលោកមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ។ ដើមហេតុដោយសារកូនស្រីលោកមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ ជេរកូនឈ្នួលបម្រើខ្លាំងពេក កុមាររងគ្រោះក៏ខឹងចាប់ឆ្កែម្ចាស់ផ្ទះយកទៅជ្រលក់ទឹក ចៃដន្យកូនឆ្កែនោះក៏ងាប់ ទើបលោកមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ ខឹងប្រើហិង្សា យកជើងជាន់ ក និងអោយមន្ត្រីរបស់ខ្លួន ទះបីកំផ្លៀង និងបង្ខំអោយសុីអាចម៍ឆ្កែ, សំពះថ្នូឆ្កែ , និងហៅឪពុកម្តាយក្មេងរងគ្រោះអោយមកកន្លែងរបស់ខ្លួន ហើយធ្វើលិខិតអោយចេញលុយសងក្នុង១ខែ១០០ដុល្លារ រយះពេល៣ឆ្នាំ។ នេះបើតាមយោងឲ្យដឹងពីការបញ្ជាក់របស់ក្មេងស្រីរងគ្រោះ ក៏ដូចជាម្ដាយរបស់ខ្លួន ។
ស្ត្រី ឈ្មោះ ពិន តុប ៣៦ ត្រូវជាម្តាយ ពិសី
ឈ្មោះ ឈិន សុខឃឿន អាយុ៣៥ឆ្នាំ ម្តាយនាងធារ៉ា បានរៀបរាប់ប្រាប់សមត្ថកិច្ចក៏ដូចជាអង្គការមួយចំនួននៅក្នុងមន្ទីរពេទ្យថា, ខ្លួនមានការតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីដឹងថា,លោកមេបញ្ជាការកងរាជអាវុធក្រុងក្រចេះ បានប្រើអំពើហិង្សាមកលើកូនរបស់ខ្លួន និងបង្ខំឲ្យស៊ីអាចម៍ឆ្កែ ។ រួចហើយមេប៉េអឹមក៏ឲ្យខ្លួននឹងប្ដីរួម ជាមួយកូនចំនួន សរុប ៦នាក់ មកផ្តិតមេដៃនៅកន្លែងធ្វើការរបស់គាត់ បង្ខំឲ្យបង់សងប្រាក់ក្នុងមួយខែ១០០ដុលារ រយះពេល៣ឆ្នាំ បើមិនព្រមផ្តិតមេដៃឬអនុវត្តតាមទេត្រូវចាប់កូនដាក់គុក។
សូមជម្រាបជូនផងដែរថា,រឿងហិង្សានេះ អាចឮដល់លោកនាយឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាឲ្យមានចំណាត់ការ ទើបលោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ភិតភ័យ រូបវិធីអង្វរខាងឪពុកម្ដាយកុមាររងគ្រោះ តាមរយៈការសុំទោសដោយផ្ទាល់ ការសុំបង់ជំងឺចិត្តជាប្រាក់ចំនួន ២០លានរៀល , ឈានដល់ចំនួន ២ម៉ឺនដុល្លារ ប៉ុន្តែឪពុកម្ដាយកុមាររងគ្រោះមិនព្រមទទួល ដោយគាត់បានបញ្ជាក់ថា, រឿងនេះខ្លួនបានប្រឹងទៅតុលាការរួចហើយ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារកុមាររងគ្រោះ សូមថ្លែងអំណរគុណចំពោះចំណាត់ការរបស់ សមត្ថកិច្ចកងរាជអាវុធហត្ថពីថ្នាក់លើ និងតំណាងអយ្យការចាត់ការក្នុងរឿងព្រហ្មទណ្ឌមួយនេះ៕ ដោយ សុខ ខេមរា