ខេត្តកោះកុង ៖ ក្មេងប្រុស៣នាក់បានរងរបួសធ្ងន់ ខណៈពួកគេទៅឃ្វាលក្របីហើយបានប្រទះឃើញគ្រាប់កាំភ្លើងផ្លោងប្រភេទ៦០មីល្លិម៉ែត្រ(យុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាម)១គ្រាប់ដែលគេបោះចោលនៅក្នុងកម្ពោតព្រៃ រួចរើសយកមកគប់លេងបណ្តាលឲ្យផ្ទុះរបួសរដូករណែល ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២ និង៥០នាទីរសៀល ស្ថិតនៅចំណុចព្រៃធំ ភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកស្រែអំបិល ។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលអណ្តូងទឹកបានឲ្យដឹងថា
ជនរងគ្រោះមាន១-ឈ្មោះ ឡូ លុយ អាយុ១២ឆ្នាំ, ២-ឈ្មោះ សាយ សុវណ្ណរ៉ា អាយុ១៣ឆ្នាំ និង៣-ឈ្មោះ ជីន អេង អាយុ១៣ឆ្នាំ។ ក្មេងប្រុសទាំង០៣នាក់ មានទីលំនៅកន្លែងកើតហេតុខាងលើ (រងរបួសធ្ងន់ ត្រូវរបួសជើងទាំង០៣នាក់)។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ក្មេងប្រុសទាំង៣នាក់បាននាំគ្នាទៅឃ្វាលក្របីនៅខាងក្រោយភូមិ។ពេលនោះពួកគេបានឃើញគ្រាប់កាំភ្លើងផ្លោងធុន60មិល្លីម៉ែត្រ ១គ្រាប់នៅក្នុងព្រៃដែលគ្រាប់នេះបន្សល់ទុកតាំងពីសម័យសង្រ្គាមរួចនាំគ្នារើសយកមកគប់លេង។ចៃដន្យគប់ត្រូវគល់ឈើធ្វើឲ្យគ្រាប់ផ្ទុះឡើងកក្រើកនៅចុងភូមិ ហើយក្មេងប្រុសទាំង៣នាក់ដួលរបួសជើងរដូករណែលតែម្តង។
ក្រោយពេលកើតហេតុក្មេងទាំង៣នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅមណ្ឌលសុខភាព អណ្ដូងទឹក តែដោយឃើញរងបួសជើងធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិលវិញ ៕