ទៅឃ្វាលក្របីរើស​គ្រាប់​៦០​មិល្លីម៉ែត្រ​គប់​លេង​ បណ្តាល​អោយ​ផ្ទុះ​រង​របួសធ្ងន់

ចែករំលែក៖

ខេត្ត​កោះកុង​ ៖​ ក្មេង​ប្រុស​៣​នាក់​បាន​រង​របួសធ្ងន់​ ខណៈ​ពួក​គេ​ទៅ​ឃ្វាលក្របី​ហើយបានប្រទះ​ឃើញ​គ្រាប់​កាំភ្លើងផ្លោងប្រភេទ​៦០​មី​ល្លិ​ម៉ែត្រ​(​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​)​១គ្រាប់ដែលគេបោះចោលនៅក្នុងកម្ពោតព្រៃ រួចរើសយក​មក​គប់​លេង​បណ្តាល​ឲ្យ​ផ្ទុះ​របួសរដូករណែល ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង២ និង​៥០​នាទី​រសៀល ស្ថិត​នៅ​ចំណុច​ព្រៃធំ​ ភូមិ​ជី​ត្រេះ​ ឃុំ​អណ្ដូងទឹក​ ស្រុកស្រែ​អំបិល​ ។​
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលអណ្តូងទឹកបានឲ្យដឹងថា
​ជនរងគ្រោះមាន១-ឈ្មោះ​ ឡូ​ លុយ​ អាយុ​១២​ឆ្នាំ​,​ ២-​ឈ្មោះ​ សាយ​ សុវណ្ណ​រ៉ា​ អាយុ​១៣​ឆ្នាំ​ និង​៣-ឈ្មោះ​ ជី​ន​ អេ​ង​ អាយុ​១៣​ឆ្នាំ​។ ក្មេង​ប្រុស​ទាំង​០៣​នាក់​ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​ (​រង​របួសធ្ងន់​ ត្រូវ​របួស​ជើង​ទាំង​០៣​នាក់​)​។​
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ក្មេងប្រុសទាំង៣នាក់បាននាំគ្នាទៅឃ្វាលក្របីនៅខាងក្រោយភូមិ។ពេលនោះពួកគេបានឃើញគ្រាប់កាំភ្លើងផ្លោងធុន60មិល្លីម៉ែត្រ ១គ្រាប់នៅក្នុងព្រៃដែលគ្រាប់នេះបន្សល់ទុកតាំងពីសម័យសង្រ្គាមរួចនាំគ្នារើសយកមកគប់លេង។ចៃដន្យគប់ត្រូវគល់ឈើធ្វើឲ្យគ្រាប់ផ្ទុះឡើងកក្រើកនៅចុងភូមិ ហើយក្មេងប្រុសទាំង៣នាក់ដួលរបួសជើងរដូករណែលតែម្តង។
ក្រោយ​ពេល​កើតហេតុ​ក្មេងទាំង៣នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ អណ្ដូងទឹក​ តែដោយ​ឃើញ​រង​បួស​ជើង​ធ្ងន់ធ្ងរ​ពេក ក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុកស្រែ​អំ​បិលវិញ ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print