ខេត្តបាត់ដំបង: បើកតាមលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មខណ្ឌកម្រិតនៃស្នងការខេត្តបាត់ដំបងបានឲដឹងថា÷កាលពីថ្ងៃសៅរ៍ ៩រោចខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២១និង២២ នាទី នៅចំណុចផ្ទះសំណាក់យីហោ ភ្នំ ឌិន តារា ដែលស្ថិតនៅក្នុងភូមិផ្សារ ឃុំភ្នំឌិន ស្រុកគិរីវង់ ខេត្តតាកែវ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលលើនីតិវិធីពី លោកកែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង រួមទាំងបានការសម្របសម្រួលលើនីតិវិធីពី លោក ជីវ ចន្ទតារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប រួមគ្នាជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯកពេជ្រ សារ៉ែន ជាអធិការ សហការជាមួយ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលមានកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ឯក ឃុង ញីវ ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ ប្រតិបត្តិការបង្ក្រាបករណីលួច
(យករថយន្ត ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ចំនួន ០១ នាក់ ឈ្មោះ វ៉ាន មឿន ហៅ ឡាក់ ឡូ ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិក្តាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយរថយន្តរស់ជនរងគ្រោះម៉ាក Lexus RX330 ពណ៌ ទឹកមាស ស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2B-8568 មកជាមួយផង។
លោកវរសេនីយ៍ឯក នាយការិយាល័យកម្រិតស្រាលព្រហ្មខណ្ឌបានបន្តថា÷ករណីដោយ មូលហេតុឈានដល់ការឃាត់និងនាំខ្លួនមុខសញ្ញាជាជនសង័្សយខាងលើនេះគឺកាលពីថ្ងៃទី២៨ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង ១០និង២០ នាទី នៅចំណុចមន្ទីរពេទ្យ កែ ស៊ីនួន ស្ថិតនៅក្នុងក្រុមទី ២០ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានធ្វើសកម្មភាព និយាយកុហកទៅជនរងគ្រោះ ឈ្មោះ អុង ប៊ុនធាង ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិ ផ្សារព្រំ សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ថាខ្លួនជាសន្តិសុខមន្ទីរពេទ្យនេះ ដើម្បីឱ្យជនរងគ្រោះប្រគល់កូនសោរថយន្តឱ្យខ្លួន បើកយកទៅទុកនៅកន្លែងចតរថយន្តរបស់មន្ទីរពេទ្យ នៅក្នុងខណៈដែលជនរងគ្រោះខាងលើ នាំក្រុមគ្រួសាររបស់គាត់មកកាន់មន្ទីរពេទ្យនេះ។
លោកបានបន្តទៀតថា÷នៅពេលដែលជនរងគ្រោះប្រគល់កូនសោរថយន្តឱ្យហើយ ជនសង្ស័យក៏បានបើករថយន្តនេះចេញទៅបាត់រហូត ហើយពេលបន្ទាប់មក ក៏មានករណីឆោឡោអំពីសកម្មភាពរបស់ជនសង័្សយខាងលើ បន្លំខ្លួនជាសន្តិសុខមន្ទីរពេទ្យ ដោយលួចយករថយន្តរបស់អតិថិជនដែល មកពិគ្រោះជំងឺនៅមន្ទីរពេទ្យ ដែលតាមរយៈការឆោឡោនេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងភ្លាមៗចូលមកសមត្ថកិច្ចនគរបាល ផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីស្វែងរកជនសង័្សយខាងលើ ។
– រថយន្តរស់ជនរងគ្រោះម៉ាក Lexus RX330 ពណ៌ ទឹកមាស ស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2B-8568។
ក្រោយពេលទទួលបានព័ត៌មាននេះ អនុវត្តតាមបទបញ្ជាយ៉ាងហ្មឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលបានធ្វើសកម្មភាពស្រាវជ្រាវស្វែងរកជនសង័្សយខាងលើនេះ រហូតដល់ថ្ងៃទី៣០ ខែ តុលា ឆ្នាំ ២០២១ ទើបសមត្ថកិច្ច ស្វែងរកឃើញនិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាននៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ និងដកហូតបានរថយន្ត ម៉ាក Lexus RX330 ពណ៌ ទឹកមាស ស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2B-8568 ( ជារថយន្តរបស់ជនរងគ្រោះ)នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងខណៈដែលជនសង័្សយកំពុងស្នាក់នៅក្នុងផ្ទះសំណាក់យីហោ ភ្នំ ឌិន តារា ។
នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ ការបន្តតាមនីតិវិធី រីឯរថយន្តត្រូវប្រគល់ជូនជនរងគ្រោះវិញ។
ជាមួយនឹងរឿងហេតុដ៏កម្រកើតមាននេះ ក្នុងនាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមធ្វើការរំលឹកចំពោះម្ចាស់ទីតាំងប្រកបអាជីវកម្មដ្ឋាននានា នៅក្នុងខេត្តបាត់ដំបងសូមមេត្តាប្រុងប្រយ័ត្ន និងត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំ ចំពោះសមាសភាពណាមួយដែលជ្រៀតបន្លំខ្លួនចូលមកធ្វើសកម្មភាពជា(សន្តិសុខឬ ជាអ្នកយាម)នៅក្នុងទីតាំងរបស់ខ្លួន ដែលតាម ពិតរូបគាត់មិនមែនជា(សន្តិសុខឬអ្នកមានភារកិច្ច)នៅទីនោះហើយធ្វើសកម្មភាពប្រព្រឹត្តអំពើល្មើសច្បាប់នានា ដែលនាំឱ្យបាត់បង់ទ្រព្យ សម្បត្តិម្ចាស់ទីតាំងឬទ្រព្យសម្បត្តិរបស់អតិថិជនរបស់ខ្លួនដែលមានវត្តមាននៅទីតាំងអាជីវកម្មនោះ ។លោកសូមរំលឹកដាស់តឿនដល់ ប្រជាពលរដ្ឋ ទូទៅ សូមមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពណាមួយ មុនពេលប្រគល់សម្ភារៈឬវត្ថុមានតម្លៃឱ្យទៅគេ ដើម្បីចៀសវាងនូវសកម្មភាពដូចករណីខាងលើនេះស្រាប់៕ដ,ស សារ៉េត