ខេត្តកណ្តាល: រសៀលថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ស្រុកកណ្តាលស្ទឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ លោក ណុប រ័ត្ននិមល ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ដោយមានការចូលរួមពីសំណាកលោកបណ្ឌិត ដួង ហេង និងលោក រ៉េត ស៊ីថា បាននាំយកអំណោយ និងថវិកាដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត យកមកចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន ៥២២គ្រួសារ ស្ថិតនៅឃុំដេីមឫស ៤២២គ្រួសារ ឃុំរកា ៥០គ្រួសារ ឃុំរលាំងកែន ៥០គ្រួសារ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។
សូមបញ្ជាក់ថា, អំណោយក្នុងមួយគ្រួសារទទួលបាន សម្ភារៈ និងថវិកា រួមមាន៖
១-អង្ករ ចំនួន ២០គីឡូក្រាម
២-មី ចំនួន ១កេស
៣-ទឹកត្រី ចំនួន ១យួរ
៤-ទឹកស៊ីអ៊ីវ ចំនួន ១យួរ
៥-ថវិកា ចំនួន ៤ម៉ឺនរៀល។
ស្ថិតក្នុងកាសនេះដែរ លោក ណុប រ័ត្ននិមល បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ ពិសេសពេលទឹកជន់លិចខ្លាំងអាចមានសត្វអសិរពិសផ្សេងៗចូលក្នុងសម្បែង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងមើលថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាតផឹកទឹកឆ្អិន រក្សាអនាម័យជាប្រចាំ ពិសេសបើមានស្ថានភាពសុខភាពមិនស្រួល ត្រូវប្រញាប់រួសរាន់ប្រាប់មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕