អ្នកទោសនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាននឹងដោះលែងក្នុងពេលឆាប់ៗនេះដែលជាគោលបំណងរបស់ទីប្រឹក្សាជាតិ និងជារដ្ឋមន្ត្រីការបរទេស លោកស្រីអ៊ុង សានស៊ូជី។ លោកស្រីនឹងខំប្រឹងធ្វើការដើម្បី ជំរុញឲ្យគេដោះលែងអ្នកទោសនយោបាយ និងនិស្សិតឲ្យបានឆាប់បំផុត ទោះជាមិនអាចក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ាដោយសារតែរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាក៏ដោយ។ លោក ស្រីអតីតមេបក្សប្រឆាំងមីយ៉ាន់ម៉ាបានប្រកាសរួចហើយថា លោកស្រីនឹងមានអំណាចច្រើននៅពីលើប្រធានាធិបតី។
បន្ថែមពីលើតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងជារដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យប្រធានាធិបតី លោកស្រីអ៊ុងសាន ស៊ូជី ទើបត្រូវបានលោកប្រធានាធិបតីថ្មីរបស់ មីយ៉ាន់ម៉ា ទីន ក្យាវ តែងតាំងជាផ្លូវការកាលពីថ្ងៃពុធឲ្យធ្វើជាទីប្រឹក្សារដ្ឋពិសេស។ មុខតំណែង ទី៣របស់លោកស្រីអ៊ុងសាន ស៊ូជី នឹងផ្តល់ សិទ្ធិឲ្យលោកស្រីមានឥទ្ធិពលទៅលើសមាជិកសភាហើយនិងទីស្តីការគណៈរដ្ឋមន្ត្រី។
នៅថ្ងៃព្រហស្បតិ៍ក្នុងនាមជាទីប្រឹក្សា រដ្ឋពិសេសនេះហើយដែលលោកស្រីអ៊ុងសាន ស៊ូជី បានចេញសេចក្តីថ្លែងការណ៍ សរសេរថា លោកស្រីនឹងព្យាយាមធ្វើយ៉ាងណាឲ្យគេលែងអ្នកទោសនយោបាយ និងក្រុមនិស្សិតដែលទើបត្រូវបានចាប់ឃុំខ្លួនដោយសារការធ្វើបាតុកម្មនិងការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ កាលពីខែមីនា ឆ្នាំ ២០១៥។
យោងតាមសមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ាគិតរហូតដល់ខែ កុម្ភៈ ដើមឆ្នាំនេះមីយ៉ាន់ម៉ាមានអ្នក ទោសនយោបាយ៩០នាក់ រីឯសកម្មជនចាប់ខ្លួនដោយសាររឿងនយោបាយ និងរឿងដីធ្លីជាង៤០០នាក់ផ្សេងទៀតកំពុងរង់ចាំការជំនុំជម្រះនៅតុលាការ។ ក្នុងចំណោមនោះមាននិស្សិតមីយ៉ាន់ម៉ា៧០នាក់ដែលត្រូវបានអាជ្ញាធរចាប់ខ្លួននៅក្នុងអំឡុងពេលបង្ក្រាបក្រុមបាតុករដែលប្រឆាំងនឹងកំណែទម្រង់វិស័យអប់រំនៅមីយ៉ាន់ម៉ា។
នៅក្នុងសេចក្តីថ្លែងការណ៍លោកស្រីអ៊ុងសាន ស៊ូជី មិនបានបញ្ជាក់ពីការកំណត់ ដែលអ្នកទោសនយោបាយនឹងត្រូវដោះលែងនោះទេ។ ប៉ុន្តែអន្តរាគមន៍របស់លោក ស្រីដែលមានឥទ្ធិពលខ្លាំងទៅលើវិមានប្រធានាធិបតីធ្វើឲ្យគេជឿថា ការដោះលែង អ្នកទោសនយោបាយនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។
សូមរំលឹកថា មុននឹងឈ្នះឆ្នោតចូលដឹក នាំប្រទេស លោកស្រីអ៊ុងសាន ស៊ូជី ព្រមទាំងសមាជិករដ្ឋាភិបាលសភាមួយភាគធំធ្លាប់ជាប់ក្នុងមន្ទីរឃុំឃាំងរបស់របបសឹកមីយ៉ាន់ម៉ា។ លោកស្រីអ៊ុងសាន ស៊ូជីផ្ទាល់របបសឹកចាប់ដាក់ឃុំក្នុងគេហដ្ឋានអស់ រយៈពេល១៥ឆ្នាំមុននឹងដោះលែងឲ្យមានសេរីភាពនៅឆ្នាំ២០១១៕
ប្រែសម្រួល៖ ម៉ែវ សាធី