ភ្នំពេញ : លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមកិច្ចប្រជុំលើកទី២ នៃរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីអភិវឌ្ឍន៍នៃក្រុមប្រទេស G7 ក្រោមអធិបតីភាពចក្រភពអង់គ្លេស នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាននៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។
តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមកិច្ចប្រជុំលើកទី២ នៃរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីអភិវឌ្ឍន៍ន ក្រុមប្រទេស G7 ក្រោមអធិបតីភាពចក្រភពអង់គ្លេស នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
ក្នុងចំណោមប្រធានបទ ដែលរំពឹងថានឹងត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះ រួមមាន វ៉ាក់សាំង និងសន្តិសុខផ្នែកសុខភាពពិភពលោក កំណើនសេដ្ឋកិច្ច បច្ចេកវិទ្យា និងហេដ្ឋារចនា សម្ព័ន្ធ កិច្ចសហប្រតិបត្តិការ និងការវិវត្តស្ថានការណ៍ក្នុងតំបន់ រួមទាំងនៅតំបន់អាស៊ានផងដែរ។ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញធ្វើ អន្តរាគមន៍លើប្រធានបទទាំងនេះ និងលើអាទិភាពរបស់កម្ពុជាក្នុងការដឹកនាំកិច្ចប្រឹងប្រែងកសាង សហគមន៍អាស៊ាន៕
ដោយ : សុខ ខេមរា