សាធារណរដ្ឋកូរ៉េ : ស្ថានឯកអគ្គរាជទូតព្រះរាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់អោយដឹងថា,នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នេះ លោកស្រី ជ្រឹង បុទុមរង្សី បានដឹកនាំប្រតិភូស្ថានទូតកម្ពុជាបំពេញទស្សនៈកិច្ច និងជួបពិភាក្សាការងាររឹតចំណងមិត្តភាពជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យសាកលវិទ្យាល័យសេអ៊ូល SNUH ដឹកនាំដោយលោកបណ្ឌិត Paik Nam-Jong ប្រធាន និងជាអគ្គនាយកមន្ទីរពេទ្យ។
ស្ថានឯកអគ្គរាជទូតព្រះរាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងថា, ក្នុងជំនួបពិភាក្សានេះលោកស្រីបានស្នើសុំថ្នាក់ដឹកនាំមន្ទីរពេទ្យពិនិត្យលទ្ធភាពក្នុងការចុះអនុស្សារនៈយោគយល់(MOU)ជាមួយស្ថានទូត ដើម្បីជួយសម្រួលដល់សហគមន៍ខ្មែរនៅប្រទេសកូរ៉េដែលមានជីវភាពខ្វះខាតលើការព្យាបាល ក៏ដូចជាការបញ្ចុះតម្លៃសេវាដល់ប្រជាជនខ្មែរ និងមន្រ្តីរាជការស្ថានទូត។ ជាការឆ្លើយតបលោកបណ្ឌិត Paik Nam-Jong ប្រធានមន្ទីរពេទ្យសូមថ្លែងអំណរគុណដល់លោកស្រី និងប្រតិភូ ដែលអញ្ចើញមកបំពេញទស្សនៈកិច្ច និងលើកឡើងពីបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមរវាងមន្ទីរពេទ្យ និងស្ថានទូត។
សូមជម្រាបថា, នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ លោកស្រី ជ្រឹង បុទុមរង្សី បានអញ្ជើញចូលរួមសន្និសីទ្ធអន្ដរជាតិស្ដីអំពី New Southern Policy Plus: Vision, Progress, and the Future ដែលរៀបចំដោយ វិទ្យាស្ថានគោលនយោបាយសេដ្ឋកិច្ចអន្ដរជាតិកូរ៉េ ដោយមានការចូលរួមពី តំណាងក្រសួងការបរទេសកូរ៉េ ឯកអគ្គរាជ និងរដ្ឋទូត អាស៊ាន សាធារណរដ្ឋឥណ្ឌា និងតំណាងស្ថាប័នអន្ដរជាតិមួយចំនួនផ្សេងទៀត។
ក្នុងនោះ លោកស្រី បានលើកឡើងសញ្ញាណមួយចំនួនអំពីគោលនយោបាយសាធារណរដ្ឋកូរ៉េ សម្រាប់ការសហប្រតិបត្តិការដ៏ល្អប្រសើរកន្លងមក និងការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា ក្នុងការជំរុញសហប្រតិបត្តិការទ្វេភាគី-ពហុភាគីឱ្យបានគ្រប់ជ្រុងជ្រោយ។ ក្នុងន័យនេះ ប្រទេសកម្ពុជា សហការជាមួយប្រទេសដៃគូ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួម ត្រលប់មកភាពប្រសើរឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ១៩កន្លងមក។
លើសពីនេះ លោកស្រី បានលើកឡើងនៅក្នុងអង្គពិធីអំពីសក្ដានុពលកម្ពុជាបច្ចុប្បន្ន និងការរៀបចំខ្លួនរួចរាល់របស់កម្ពុជា ក្នុងការស្វាគមន៍ភ្ញៀវទេសចរណ៍ វិនិយោគ និងធុរកិច្ចលើគ្រប់វិស័យនៅកម្ពុជា៕
ដោយ : សិលា