ខេត្តកំពង់ចាម : កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តប្រគល់ជែលលាងដៃចំនួន ៨០០កេស (ស្មេីនឹង ១២,៨០០ដប) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងមន្ទីរពេទ្យបង្អែកខេត្ត-ស្រុកចំនួន៩ សម្រាប់ប្រេីប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលពិធីប្រគល់-ទទួល បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ នាស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសេីរចំពោះថ្នាក់ដឹកនាំ-ប្រតិបត្តិករនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម គ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដី ជាពិសេសក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានលះបង់យ៉ាងធំធេង ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។
ជាមួយគ្នានេះ លោកស្រី បានលេីកឡេីងថា «ជែលលាងដៃទាំងអស់នេះជាអំណោយរបស់ ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ដែលបានប្រគល់ជូនកាកបាទក្រហមកម្ពុជា ជំហានទី១ ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប) កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ហេីយដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ចែងឱ្យមន្ត្រីទីស្នាក់ការកណ្តាលចុះប្រគល់ជែលទាំងអស់ជូនដល់ សាខាកាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យបង្អែក នៅទូទាំង២៥រាជធានី-ខេត្ត ដែលជាប្រតិបត្តិករជួរមុខប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសដេីម្បីលេីកកម្ពស់ការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយផ្តោតលេីការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក នៅទូទាំងប្រទេស ក្នុងការព្យាបាលជំងឺជូនប្រជាពលដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន»។ ទន្ទឹមនឹងនេះ លោកជំទាវ សង្ឃឹមជឿជាក់ថាខ្លឹមសារនៃ យុទ្ធសាស្ត្រស្តីពី «ការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩» នឹងជ្រួតជ្រាបកាន់តែច្បាស់ដល់បងប្អូនប្រជាពលរដ្ឋយេីង ដេីម្បីធានាបាននូវស្ថិរភាពនៃការបេីកដំណេីរការប្រទេសឡេីងវិញ និងស្តារសេដ្ឋកិច្ច-សង្គមឡេីងវិញ»។
ក្នុងឱកាសនោះដែរ លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខភាព និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់ជែលលាងដៃនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីតាមគោលដៅ ក្នុងការរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតាមមូលដ្ឋាននានាឱ្យមានប្រសិទ្ធភាព៕
ដោយ : សិលា