ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃបានមានប្រសាសន៍ថា ក្រុមចោរប្លន់ប្រដាប់អាវុធចូលប្លន់ក្នុងផ្ទះអ្នកលក់ឡេកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ឃាត់ខ្លួនបានចំនួន ១២នាក់ (ស្រី ៣នាក់ និងប្រុស ៩នាក់) ដោយក្នុងនោះមានប្រធានគណបក្សខ្មែរក្រោកផងដែរ និងចាប់យកវត្ថុតាងដែលប្លន់បានមួយចំនួន រួមទាំងកាំភ្លើង៥ដើម។
សូមបញ្ជាក់ថា, ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់លើអ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ចាប់បានសរុបជាង១០នាក់ ក្នុងនោះមានលោក William Guang ប្រធានគណបក្សខ្មែរក្រោក គឺជា «មេខ្លោង» រៀបចំផែនការ និងបានដឹកនាំផ្ទាល់ទៅប្លន់ផ្ទះ អ៊ាន សៀវម៉ី ហើយលោក Willam Gaung ក៏បានសារភាពប្រាប់សមត្ថកិច្ច អំពីទង្វើរបស់ខ្លួនដែរ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់អាវុធហត្ថថ្លែងប្រាប់បណ្តាញសារព័ត៌មាន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា, ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានហើយ។
លោកបន្តថា, ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោកផ្ទាល់ជា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម)។
អាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)។
នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ មន្ត្រីជំនាញនគរបាលយុត្តិធម៌កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយតាមនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតំណាងអយ្យការចាត់ការស៊ើបសួរបន្ត ។ ដោយឡែក លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បាន នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក៏បានបញ្ជាក់ថា, ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនអ្នកសារព័ត៌មានជ្រាបថា នាវេលាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរាជអាវុអហត្ថរាជធានីភ្នំពេញ បានប្រតិបត្តិការបង្ក្រាប និងមានការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងករណីប្លន់មួយចំនួនពិតមែន។
ដោយសារការស៊ើបអង្កេតកំពុងបន្តនីតិវិធី ខ្ញុំបាទសូមជម្រាបបញ្ជាក់បានត្រឹមប៉ុណ្ណេះ ពីព្រោះនេះជាការសម្ងាត់វិជ្ជាជីវៈ ដែលត្រូវតែគោរព។
លោកបានលើកហេតុផលថា, មាត្រា ៨៣. ការសម្ងាត់នៃការស៊ើបអង្កេត – ការស៊ើបអង្កេត ត្រូវតែជាការសម្ងាត់ ។ បុគ្គលទាំងឡាយ ដែលចូលរួមក្នុងការស៊ើបអង្កេត ជាពិសេសចៅក្រមខាងអយ្យការ មេធាវី ក្រឡាបញ្ជី នគរ បាល កងរាជអាវុធហត្ថ មន្រ្តីរាជការ អ្នកជំនាញ អ្នកបកប្រែ គ្រូពេទ្យ និងបុគ្គលដែលមានសមត្ថកិច្ចដូចមានចែងក្នុងមាត្រា ៩៥ (ការត្រួតពិនិត្យខាងផ្នែកបច្ចេកទេស ឬវិទ្យាសាស្ត្រ) នៃក្រមនេះ ត្រូវរក្សាការសម្ងាត់នៃវិជ្ជាជីវៈ ។
ប៉ុន្តែ ការគោរពនូវការសម្ងាត់វិជ្ជាជីវៈ មិនមែនជាឧបសគ្គដល់ការប្រើសិទ្ធិនៃការការពារ ខ្លួនឡើយ ។
ម្យ៉ាងទៀត ព្រះរាជអាជ្ញាត្រូវបានអនុញ្ញាតឱ្យធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈ កាលណា ខ្លួនយល់ឃើញថាព័ត៌មានដែលផ្សព្វផ្សាយពីរឿងណាមួយនោះ ជាព័ត៌មានមិនពិត ។ ការបំពានលើការសម្ងាត់នៃការស៊ើបអង្កេត គឺជាបទល្មើសដែលត្រូវផ្តន្ទាទោសតាមច្បាប់ ព្រហ្មទណ្ឌជាធរមាន ។
ប្រភពខ្លះបានបង្ហើបថា, ចម្លើយមេខ្លោង សុខ សុវណ្ណវឌ្ឍនា សាប៊ុង ប្រធានគណបក្សខ្មែរក្រោក គឺជាអ្នកដឹកនាំទៅប្លន់ផ្ទាល់ និងបញ្ជាផ្ទាល់ពីក្នុងរថយន្តឱ្យប្លន់ឧកញ៉ា អ៊ាន សៀវមុី គឺធុញ ស្អប់ ជ្រេញ អ្នកអួតទ្រព្យសម្បត្តិ ។
ទោះជាយ៉ាងណាក៏ដោយ ខាងអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឬក៏អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងផ្តល់ជូនព័ត៌មានលម្អិតជាផ្លូវការ បន្ទាប់ពីដំណើរការនីតិវិធីរួចរាល់ ៕
ដោយ : សុខ ខេមរា