នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផលខេត្តព្រៃវែង៖​ បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍ឆក់ និង​អូស​ឈិបបច្ចុប្បន្ន​នេះមានការ​ថយចុះ

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ បេី​តាមការបញ្ជាក់ពី​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផលខេត្តព្រៃវែង លោក អូន ស៊ី​ណាត​ នៅ​ថ្ងៃពុធ​ទី​២២ ខែធ្នូ ឆ្នាំ​២០២១​នេះ​ បានឱ្យដឹងថា​ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បានឃាត់ខ្លួនជនល្មើសជាបន្ដបន្ទាប់​ពាក់ព័ន្ធ​នឹងបទល្មើស​នេសាទដោយ​ប្រើ​ឧបករណ៍ឈិ​បនិង​ឆក់ នៅក្នុង​ភូមិសាស្ត្រខេត្តព្រៃវែង​កន្លងមក​ រហូត​មកទល់​ពេល​នេះ​មានការថយចុះច្រើន។ ប៉ុន្តែ​បទល្មើស​ដោយ​ប្រើស្បៃ​មុង ដែល​នៅមិនទាន់​អស់ សមត្ថកិច្ច​ជំនាញ​​កំពុង​បន្ត​ចុះ​ស្រាវជ្រាវ និង​ធ្វើការ​បង្ក្រាបបានជា​បន្តបន្ទាប់។​

លោក អូន ស៊ី​ណាត បានឱ្យដឹងទៀតថា​ ជនល្មើសមួយចំនួនត្រូវបានសមត្ថកិច្ចជំនាញ​ឃាត់ខ្លួន​បញ្ជូន​ទៅតុលាការ​ ក៏ត្រូវ​​ចៅក្រម​សម្រេចចោទប្រកាន់តាមនីតិវិធីដោយ​​ឃុំខ្លួនដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​។ ចំណែក​​ជនល្មើស​ខ្លះកំពុង​រត់គេចខ្លួន​ ហេីយ​សមត្ថកិច្ច​កំពុងតាមស្វែងរក​ចាប់ខ្លួនផងដែរ។ លោកនាយ​ខណ្ឌ​រដ្ឋបាល​រូបនេះ​បន្តថា​ ការបង្ក្រាប​បទល្មើស​នេសាទសព្វថ្ងៃនេះ បើ​ពឹង​ទៅលើ​កម្លាំង​ជលផល​ម្នាក់ឯងធ្វើ​មិន​បានទេ ព្រោះ​មាននៅ​សល់​កម្លាំង​តិចតួច​ណាស់នៅតាម​ខណ្ឌ,ផ្នែក,សង្កាត់នីមួយៗ​នោះ ។ ការបង្ក្រាប​បទល្មើសបានកន្លងទៅគឺដោយសារ​មាន​កិច្ចសហការយ៉ាង​ល្អពី​កម្លាំងសហគមន៍​នេសាទ ពី​ស្ថាប័ន​តុលាការ ជាពិសេស​កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរមូលដ្ឋាន​។​
​បន្ថែមពីនេះ​ លោកនាយ​ខណ្ឌ​រដ្ឋបាល​រូបនេះ​បានសង្កត់ធ្ងន់ថា៖​ “ដែន​នេសាទក្នុង​ខេត្តព្រៃវែងមាន​ទំហំ​ធំ រីឯកម្លាំង​ជំនាញ​ជលផលមាន​តិច ពេលទៅដល់​កន្លែង​អ្នកនេសាទខុសច្បាប់បានដឹង​ជាមុនរួចក៏នាំគ្នា​រត់គេច​បាត់អស់ ដូច្នេះ​មានតែ​កម្លាំង​សហគមន៍,​ ​កម្លាំងប្រដាប់អាវុធ​ និង​អាជ្ញាធរ​ទេ​ដែល​អាចជួយ​ទប់ស្កាត់បាន”។ ​

​គួរជម្រាបថា​ កាលពី​ថ្ងៃទី​២១ ខែធ្នូ​ ឆ្នាំ​២០២១ម្សិលមិញនេះ​ ពាក់ព័ន្ធ​នឹង​ការងារ​បង្ក្រាបបទល្មើស​នេសាទនៅក្នុង​ខេត្តព្រៃវែង ក្រុមការងារពង្រឹង​ការអនុវត្ត​ច្បាប់បាន​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផលនៅ​កន្លែង​អភិរក្ស​ជលផល អន្លង់​គល់ ឃុំ​ពាម​មានជ័យ ស្រុក​ពាម​រក៍។ ជាក់ស្ដែង​អនុវត្ដ​បានមួយ​ករណីពីបទ​នេសាទដោយ​ប្រើ​ឧបករណ៍​ល្មើស​មួយចំនួន​រួមមាន៖ លូ​សាច់​អួន ចំនួន​១២​មាត់​, របាំង​ស្បៃ​មុងប្រវែង៦០០ ម៉ែត្រ , បង្គោល​ចម្រឹងចំនួន៣៥០ដើម​ ក៏ត្រូវបានកម្លាំងជំនាញ​រុះរើ និង​ដុតបំផ្លាញចោលនៅនឹងកន្លែងផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print