ខេត្តព្រៃវែង៖ បេីតាមការបញ្ជាក់ពីនាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង លោក អូន ស៊ីណាត នៅថ្ងៃពុធទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនល្មើសជាបន្ដបន្ទាប់ពាក់ព័ន្ធនឹងបទល្មើសនេសាទដោយប្រើឧបករណ៍ឈិបនិងឆក់ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែងកន្លងមក រហូតមកទល់ពេលនេះមានការថយចុះច្រើន។ ប៉ុន្តែបទល្មើសដោយប្រើស្បៃមុង ដែលនៅមិនទាន់អស់ សមត្ថកិច្ចជំនាញកំពុងបន្តចុះស្រាវជ្រាវ និងធ្វើការបង្ក្រាបបានជាបន្តបន្ទាប់។
លោក អូន ស៊ីណាត បានឱ្យដឹងទៀតថា ជនល្មើសមួយចំនួនត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបញ្ជូនទៅតុលាការ ក៏ត្រូវចៅក្រមសម្រេចចោទប្រកាន់តាមនីតិវិធីដោយឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន។ ចំណែកជនល្មើសខ្លះកំពុងរត់គេចខ្លួន ហេីយសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនផងដែរ។ លោកនាយខណ្ឌរដ្ឋបាលរូបនេះបន្តថា ការបង្ក្រាបបទល្មើសនេសាទសព្វថ្ងៃនេះ បើពឹងទៅលើកម្លាំងជលផលម្នាក់ឯងធ្វើមិនបានទេ ព្រោះមាននៅសល់កម្លាំងតិចតួចណាស់នៅតាមខណ្ឌ,ផ្នែក,សង្កាត់នីមួយៗនោះ ។ ការបង្ក្រាបបទល្មើសបានកន្លងទៅគឺដោយសារមានកិច្ចសហការយ៉ាងល្អពីកម្លាំងសហគមន៍នេសាទ ពីស្ថាប័នតុលាការ ជាពិសេសកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន។
បន្ថែមពីនេះ លោកនាយខណ្ឌរដ្ឋបាលរូបនេះបានសង្កត់ធ្ងន់ថា៖ “ដែននេសាទក្នុងខេត្តព្រៃវែងមានទំហំធំ រីឯកម្លាំងជំនាញជលផលមានតិច ពេលទៅដល់កន្លែងអ្នកនេសាទខុសច្បាប់បានដឹងជាមុនរួចក៏នាំគ្នារត់គេចបាត់អស់ ដូច្នេះមានតែកម្លាំងសហគមន៍, កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទេដែលអាចជួយទប់ស្កាត់បាន”។
គួរជម្រាបថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ ពាក់ព័ន្ធនឹងការងារបង្ក្រាបបទល្មើសនេសាទនៅក្នុងខេត្តព្រៃវែង ក្រុមការងារពង្រឹងការអនុវត្តច្បាប់បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងអភិរក្សជលផល អន្លង់គល់ ឃុំពាមមានជ័យ ស្រុកពាមរក៍។ ជាក់ស្ដែងអនុវត្ដបានមួយករណីពីបទនេសាទដោយប្រើឧបករណ៍ល្មើសមួយចំនួនរួមមាន៖ លូសាច់អួន ចំនួន១២មាត់, របាំងស្បៃមុងប្រវែង៦០០ ម៉ែត្រ , បង្គោលចម្រឹងចំនួន៣៥០ដើម ក៏ត្រូវបានកម្លាំងជំនាញរុះរើ និងដុតបំផ្លាញចោលនៅនឹងកន្លែងផងដែរ៕ដោយ៖សហការី