ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីនាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃចន្ទទី១០ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា៖ កម្លាំងជំនាញ បានចុះត្រួតពិនិត្យ និងឆែកឆេររោងចក្របារីយីយោ”ហុងអន្តរជាតិ” រកឃើញវត្ថុតាងពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយបារីម៉ាកក្លែងក្លាយមួយចំនួនធំ និងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់។
ប្រភពដដែលបន្តថា កម្លាំងជំនាញ នៃនាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បានចុះត្រួតពិនិត្យ ឆែកឆេររោងចក្របារីហុងអន្តរជាតិ ដែលស្ថិតនៅផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរកឃើញនូវសម្ភារៈវត្ថុតាងជាច្រើន ពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយបារីម៉ាក JET ក្លែងក្លាយ និងបារីម៉ាក ៥៥៥ក្លែងក្លាយមួយចំនួនធំ។
មន្ត្រីជំនាញ បានគូសបញ្ជាក់ថា បន្ទាប់មកតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យសមត្ថកិច្ចចម្រុះ ធ្វើការដកហូតសម្ភារៈខាងលើយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅនាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នឹងធ្វើការបិទផ្លុំបេទ្វារឃ្លាំង និងច្រកចេញចូល នៃទីតាំងរោងចក្រខាងលើ ជាបណ្ដោះអាសន្ន និងបានឃាត់ខ្លួនម្ចាស់ទីតាំងខាងលើមានឈ្មោះ ង៉ូវ ម៉ុក ភេទ ស្រី ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីច្បាប់៕
ដោយ៖ស តារា