កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះត្រួតពិនិត្យនិងឆែក​ឆេររោងចក្របារីយីយោ”ហុងអន្តរជាតិ” រកឃើញវត្ថុតាងពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយបារីម៉ាក JET ក្លែងក្លាយ និងបារីម៉ាក ៥៥៥ក្លែងក្លាយមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​នាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ ក្រសួង​មហាផ្ទៃ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១០​ ខែមករា​ ឆ្នាំ​២០២២នេះ​ បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ថា៖​ កម្លាំងជំនាញ​ បានចុះត្រួតពិនិត្យ​ និងឆែក​ឆេររោងចក្របារីយីយោ”ហុងអន្តរជាតិ” រកឃើញវត្ថុតាងពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយបារីម៉ាកក្លែងក្លាយមួយចំនួនធំ​ និងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់។

ប្រភពដដែលបន្តថា​ កម្លាំងជំនាញ នៃនាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ និង​អាជ្ញាធរមូលដ្ឋានក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២កន្លងទៅ​ថ្មីៗ​នេះ​​ បានចុះត្រួតពិនិត្យ ឆែក​ឆេររោងចក្របារីហុងអន្តរជាតិ ដែលស្ថិតនៅផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរកឃើញនូវសម្ភារៈវត្ថុតាងជាច្រើន ពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយបារីម៉ាក JET ក្លែងក្លាយ និងបារីម៉ាក ៥៥៥ក្លែងក្លាយមួយចំនួនធំ។

មន្ត្រីជំនាញ​ បានគូសបញ្ជាក់ថា​ បន្ទាប់មកតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច​ឱ្យសមត្ថកិច្ចចម្រុះ ធ្វើការដកហូតសម្ភារៈខាងលើយកទៅរក្សាទុកជាបណ្ដោះ​អាសន្ននៅនាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នឹងធ្វើការបិទផ្លុំបេទ្វារឃ្លាំង និងច្រកចេញចូល នៃទីតាំងរោងចក្រខាង​លើ ជាបណ្ដោះអាសន្ន និងបានឃាត់ខ្លួនម្ចាស់ទីតាំងខាងលើមានឈ្មោះ ង៉ូវ ម៉ុក ភេទ ស្រី ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីច្បាប់៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print