លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកត់សម្គាល់ឃើញថា បទល្មើសបានកើតឡើងច្រើននៅក្នុងរាជធានីភ្នំពេញ គឺស្រដៀងទៅនឹងទីក្រុង ហូ ជីមិញកាលពីប៉ុន្មានឆ្នាំមុន ។ លោកឧបនាយករដ្ឋមន្ដ្រីផ្ដល់អនុសាសន៍ឱ្យកម្លាំង ប្រដាប់អាវុធប្រើគ្រប់វិធីដើម្បីទប់ស្កាត់បទល្មើស ។
គេមិនដឹងថា តើសមត្ថកិច្ច ប្រដាប់អាវុធនៅរាជធានីភ្នំពេញរបស់យើងមាន“វិធី”ដើម្បីទប់ស្កាត់បទល្មើស ដែរឬយ៉ាងណានោះទេ? ប៉ុន្ដែអ្វីដែលជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ សមត្ថកិច្ចនគរបាលតាមប៉ុស្ដិ៍ ក៏ដូចជាតាមអធិការដ្ឋាននានានៅរាជធានីភ្នំពេញ បែរជាព្យាយាមលាក់ព័ត៌មានអំពីបទល្មើសមិនឱ្យអ្នកកាសែតដឹង ។ នេះជា“វិធី” ដើម្បីកាត់បន្ថយបទល្មើសមែនឬទេ?
នៅឯប៉ុស្ដិ៍ទន្លេបាសាក់ ស្ដ្រីពីរនាក់ដែលត្រូវចោរឆក់ខ្សែក ហើយបានទៅដាក់ ពាក្យបណ្ដឹង បែរជានគរបាលប៉ុស្ដិ៍ហៅចូលក្នុងបន្ទប់ បិទទ្វារខាងមុខ បិទភ្លើង ខ្លាចអ្នកកាសែតចូលទៅសួរនាំ និងផ្សាយព័ត៌មាននោះ ។ នៅឯប៉ុស្ដិ៍ចោមចៅ ក៏ដូចជាប៉ុស្ដិ៍កាកាប ខណ្ឌពោធិ៍សែនជ័យ ក៏មានរឿងស្រដៀងគ្នានេះដែរ ។
ស្រដៀងគ្នាត្រង់ថា លៃយ៉ាងណាមិនឱ្យព័ត៌មានស្ដីពីបទល្មើស ករណីចោរលួច ចោរប្លន់ឱ្យដល់ក្រុមអ្នកកាសែតបានដឹងនោះទេ ។ មន្ដ្រីនគរបាលនៅមូលដ្ឋាន ព្យាយាមលាក់បាំងព័ត៌មានដែលពាក់ព័ន្ធនឹងបទល្មើសនានា ប្រយោជន៍ដើម្បីកុំឱ្យ ថ្នាក់លើស្ដីបន្ទោស ។ នេះជាវិធីនៃការកាត់បន្ថយបទល្មើស?
បើយ៉ាងដូច្នេះមែន វាជារឿងគួរឱ្យអស់សំណើច ព្រោះប្រជាពលរដ្ឋពិតជាបាន ដឹងអំពីបញ្ហានៅក្នុងសង្គម ។ ការព្យាយាមលាក់បាំងព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ មិនមែនជាដំណោះស្រាយដើម្បីកាត់បន្ថយបទល្មើសនោះទេ ។ ផ្ទុយទៅ វិញ ទង្វើបែបនេះកាន់តែផ្ដល់នូវផលអាក្រក់សម្រាប់ប្រជាពលរដ្ឋដែលនឹងក្លាយ ទៅជាជនរងគ្រោះបន្ដទៀតដោយមិនដឹងខ្លួន និងដោយគ្មានការប្រុងប្រយ័ត្ន ។
ការ អប់រំប្រជាពលរដ្ឋឱ្យបានដឹងអំពីការប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរ គ្រាដែលមាន ពាក់គ្រឿងលម្អ ប្រយោជន៍ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនពីពួកចោរឆក់គឺជា វិធីដែលអាចកាត់បន្ថយបទល្មើសបានមួយចំណែក ។ ការផ្សព្វផ្សាយឱ្យប្រជាពល រដ្ឋបានដឹងពីបទល្មើស និងចូលរួមចំណែកប្រុងប្រយ័ត្នទាំងអស់គ្នាជាវិធីមួយដ៏ល្អ សម្រាប់ជាការចូលរួមក្នុងការកាត់បន្ថយបទល្មើស ។
សម្រាប់នៅភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចបែរជាប្រើ“វិធី”បិទព័ត៌មានមិន ឱ្យអ្នកកាសែតដឹង និងចៀសពីការស្ដីបន្ទោសរបស់ថ្នាក់លើ ។ អ្វីទៅជាការស្ដី បន្ទោស? ថ្នាក់លើគឺជាអ្នកដែលទទួលខុសត្រូវធំបង្អស់ ។
មិនមែនរឿងអ្វីដែល កើតឡើង ចាំតែស្ដីបន្ទោសថ្នាក់ក្រោមនោះទេ ។ វិធានការអន្ដរាគមន៍ទាន់ពេល ចំពោះបទល្មើសដែលបានកើតឡើងនៅក្នុងមូលដ្ឋានណាមួយជាវិធានការដែល ត្រូវធ្វើជាចាំបាច់ ។ កម្លាំងមូលដ្ឋានមិនអាចជាអ្នកទទួលខុសត្រូវធំបំផុតនៅក្នុង មូលដ្ឋានរបស់ខ្លួននោះទេ ។
ករណីចោរឆក់នៅតាមផ្លូវ មិនមែនពួកចោរទាំង នោះមើលទៅលើសមត្ថភាពមន្ដ្រីនគរបាលថ្នាក់ប៉ុស្ដិ៍ណាមួយនោះឡើយ ។ ប៉ុន្ដែ ពួកគេមើលឱកាសហុចឱ្យគឺឆក់យកតែម្ដង ។ បើយ៉ាងនេះ តើថ្នាក់លើអាចចាំតែ ស្ដីបន្ទោសមន្ដ្រីថ្នាក់មូលដ្ឋានដែរឬទេ?
គេអាចនិយាយថា មន្ដ្រីថ្នាក់ប៉ុស្ដិ៍មានសមត្ថភាពខ្សោយ ។ ប៉ុន្ដែបើនៅគ្រប់ ទីកន្លែងក្នុងរាជធានីភ្នំពេញ នៅតាមប៉ុស្ដិ៍, ខណ្ឌណា ក៏មានប្លន់, ចោរលួច, ចោរ ឆក់…ដែរនោះ តើវាជាការទទួលខុសត្រូវរបស់ថ្នាក់ណា? នេះហើយដែលចាំបាច់ ត្រូវមានអ្នកទទួលខុសត្រូវចុងក្រោយ ។
មិនមែនរឿងធំប៉ុនមហាមេឃ យកមន្ដ្រី ប៉ុស្ដិ៍ម្នាក់ឱ្យមកទទួលខុសត្រូវនោះទេ ។ ដូចគ្នានេះដែរ វិធីនៃការកាត់បន្ថយបទ ល្មើសទូទាំងរាជធានីភ្នំពេញ មិនមែនបញ្ជាឱ្យមន្ដ្រីប៉ុស្ដិ៍បិទបាំង ឬលាក់ព័ត៌មានពី អ្នកកាសែតនោះទេ ។ ផ្ទុយទៅវិញ ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ក្នុង ការចូលរួមចំណែកកាត់បន្ថយបទល្មើស ។ ការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹង ពីបទល្មើសដែលកំពុងកើតមាននៅក្នុងរាជធានីជាមួយនឹងការអប់រំផងនោះជាវិធី មួយដ៏ល្អក្នុងការរួមចំណែកកាត់បន្ថយបទល្មើស ។
អ្វីដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញមួយរយៈចុងក្រោយនេះ មិនមែន សមត្ថកិច្ចត្រូវប្រើវិធីបិទបាំងព័ត៌មានមិនឱ្យឮដល់ថ្នាក់លើ ប្រយោជន៍ឱ្យទទួល បានការកោតសរសើរថា ភ្នំពេញពោរពេញទៅដោយសុវត្ថិភាព គ្មានចោរលួច ចោរឆក់នោះទេ ។ ករណីចោរលួច ចោរឆក់ទៅលើជនបរទេស បើទោះបីជា កាសែត និងទូរទស្សន៍ក្នុងស្រុកមិនផ្សាយ ក៏កាសែត ទូរទស្សន៍បរទេសគេផ្សាយ ដែរ។
តើសមត្ថកិច្ចរាជធានីភ្នំពេញមានលទ្ធភាពខ្ទប់ព័ត៌មានពីកាសែត ទូរទស្សន៍ បរទេសនោះបានឬទេ? ការដែលហ៊ានទទួលស្គាល់ការពិត ហើយកែប្រែនូវចំណុច ខ្សោយណាមួយនោះជាចំណុចវិជ្ជមានមួយដ៏ល្អសម្រាប់ការអភិវឌ្ឍខ្លួនឯង ។ ការ រាំងខ្ទប់ព័ត៌មាន មិនមែនជាដំណោះស្រាយទេ ៕