បិទទ្វារ​ បិទ​ភ្លើង​បាំង​ព័ត៌មាន​ដើម្បី​កាត់​បន្ថយ​បទល្មើស​?

ចែករំលែក៖

​លោក​ឧបនាយករដ្ឋមន្ដ្រី​ ស​ ខេ​ង​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​កត់សម្គាល់​ឃើញ​ថា​ បទល្មើស​បាន​កើតឡើង​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ គឺ​ស្រ​ដៀង​ទៅ​នឹង​ទីក្រុង​ ហូ​ ជី​មិ​ញ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ ។​ លោក​ឧបនាយករដ្ឋមន្ដ្រី​ផ្ដល់​អនុសាសន៍​ឱ្យ​កម្លាំង​ ប្រដាប់​អាវុធ​ប្រើ​គ្រប់​វិធី​ដើម្បី​ទប់ស្កាត់​បទល្មើស​ ។​

គេ​មិនដឹង​ថា​ តើ​សមត្ថកិច្ច​ ប្រដាប់​អាវុធ​នៅ​រាជធានី​ភ្នំពេញ​របស់​យើង​មាន​“​វិធី​”​ដើម្បី​ទប់ស្កាត់​បទល្មើស​ ដែរ​ឬ​យ៉ាងណា​នោះ​ទេ​?​ ប៉ុន្ដែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ សមត្ថកិច្ច​នគរបាល​តាម​ប៉ុស្ដិ៍​ ក៏​ដូច​ជា​តាម​អធិការដ្ឋាន​នានា​នៅ​រាជធានី​ភ្នំពេញ​ បែរជា​ព្យាយាម​លាក់​ព័ត៌មាន​អំពី​បទល្មើស​មិន​ឱ្យ​អ្នកកាសែត​ដឹង​ ។​ នេះ​ជា​“​វិធី​”​ ដើម្បី​កាត់​បន្ថយ​បទល្មើស​មែន​ឬទេ​?​

​នៅ​ឯ​ប៉ុស្ដិ៍​ទន្លេបាសាក់​ ស្ដ្រី​ពីរ​នាក់​ដែល​ត្រូវ​ចោរឆក់​ខ្សែ​ក​ ហើយ​បាន​ទៅ​ដាក់​ ពាក្យបណ្ដឹង​ បែរជា​នគរបាល​ប៉ុស្ដិ៍​ហៅ​ចូល​ក្នុង​បន្ទប់​ បិទទ្វារ​ខាង​មុខ​ បិទ​ភ្លើង​ ខ្លាច​អ្នកកាសែត​ចូល​ទៅ​សួរនាំ​ និង​ផ្សាយ​ព័ត៌មាន​នោះ​ ។​ នៅ​ឯ​ប៉ុស្ដិ៍​ចោម​ចៅ​ ក៏​ដូច​ជា​ប៉ុស្ដិ៍​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ក៏​មានរឿង​ស្រ​ដៀង​គ្នា​នេះ​ដែរ​ ។​

ស្រ​ដៀង​គ្នា​ត្រង់​ថា​ លៃ​យ៉ាងណា​មិន​ឱ្យ​ព័ត៌មាន​ស្ដី​ពី​បទល្មើស​ ករណី​ចោរលួច​ ចោរប្លន់​ឱ្យ​ដល់​ក្រុម​អ្នកកាសែត​បានដឹង​នោះ​ទេ​ ។​ មន្ដ្រី​នគរបាល​នៅ​មូលដ្ឋាន​ ព្យាយាម​លាក់បាំង​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​នានា​ ប្រយោជន៍​ដើម្បី​កុំឱ្យ​ ថ្នាក់លើ​ស្ដីបន្ទោស​ ។​ នេះ​ជា​វិធី​នៃ​ការ​កាត់​បន្ថយ​បទល្មើស​?​

បើ​យ៉ាង​ដូច្នេះ​មែន​ វា​ជា​រឿង​គួរ​ឱ្យ​អស់សំណើច​ ព្រោះ​ប្រជាពលរដ្ឋ​ពិតជា​បាន​ ដឹង​អំពី​បញ្ហា​នៅ​ក្នុង​សង្គម​ ។​ ការ​ព្យាយាម​លាក់បាំង​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ទូរទស្សន៍​ មិនមែន​ជា​ដំណោះស្រាយ​ដើម្បី​កាត់​បន្ថយ​បទល្មើស​នោះ​ទេ​ ។​ ផ្ទុយ​ទៅ​ វិញ​ ទ​ង្វើ​បែប​នេះ​កាន់តែ​ផ្ដល់​នូវ​ផល​អាក្រក់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​នឹង​ក្លាយ​ ទៅ​ជា​ជន​រង​គ្រោះ​បន្ដ​ទៀត​ដោយ​មិនដឹង​ខ្លួន​ និង​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ ។​

ការ​ អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​បានដឹង​អំពី​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ពេល​ធ្វើ​ដំណើរ​ គ្រា​ដែល​មាន​ ពាក់​គ្រឿង​លម្អ​ ប្រយោជន៍​ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ពី​ពួក​ចោរឆក់​គឺជា​ វិធី​ដែល​អាច​កាត់​បន្ថយ​បទល្មើស​បាន​មួយ​ចំណែក​ ។​ ការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជា​ពល​ រដ្ឋ​បានដឹង​ពី​បទល្មើស​ និង​ចូលរួម​ចំណែក​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​ជា​វិធី​មួយ​ដ៏​ល្អ​ សម្រាប់​ជា​ការ​ចូលរួម​ក្នុង​ការ​កាត់​បន្ថយ​បទល្មើស​ ។​

​សម្រាប់​នៅ​ភ្នំពេញ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​បែរជា​ប្រើ​“​វិធី​”​បិទ​ព័ត៌មាន​មិន​ ឱ្យ​អ្នកកាសែត​ដឹង​ និង​ចៀស​ពី​ការ​ស្ដីបន្ទោស​របស់​ថ្នាក់លើ​ ។​ អ្វី​ទៅ​ជា​ការ​ស្ដី​ បន្ទោស​?​ ថ្នាក់លើ​គឺជា​អ្នក​ដែល​ទទួលខុសត្រូវ​ធំ​បង្អស់​ ។​

មិនមែន​រឿង​អ្វី​ដែល​ កើតឡើង​ ចាំតែ​ស្ដីបន្ទោស​ថ្នាក់​ក្រោម​នោះ​ទេ​ ។​ វិធានការ​អន្ដរាគមន៍​ទាន់​ពេល​ ចំពោះ​បទល្មើស​ដែល​បាន​កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​ណាមួយ​ជា​វិធានការ​ដែល​ ត្រូវធ្វើ​ជា​ចាំបាច់​ ។​ កម្លាំង​មូលដ្ឋាន​មិន​អាច​ជា​អ្នក​ទទួលខុសត្រូវ​ធំ​បំផុត​នៅ​ក្នុង​ មូលដ្ឋាន​របស់​ខ្លួន​នោះ​ទេ​ ។​

ករណី​ចោរឆក់​នៅ​តាម​ផ្លូវ​ មិនមែន​ពួក​ចោរ​ទាំង​ នោះ​មើលទៅ​លើ​សមត្ថភាព​មន្ដ្រី​នគរបាល​ថ្នាក់​ប៉ុស្ដិ៍​ណាមួយ​នោះ​ឡើយ​ ។​ ប៉ុន្ដែ​ ពួក​គេ​មើល​ឱកាស​ហុច​ឱ្យ​គឺ​ឆក់​យក​តែ​ម្ដង​ ។​ បើ​យ៉ាងនេះ​ តើ​ថ្នាក់លើ​អាច​ចាំតែ​ ស្ដីបន្ទោស​មន្ដ្រី​ថ្នាក់​មូលដ្ឋាន​ដែរ​ឬទេ​?​

​គេ​អាច​និយាយ​ថា​ មន្ដ្រី​ថ្នាក់​ប៉ុស្ដិ៍​មាន​សមត្ថភាព​ខ្សោយ​ ។​ ប៉ុន្ដែ​បើ​នៅ​គ្រប់​ ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​តាម​ប៉ុស្ដិ៍​,​ ខណ្ឌ​ណា​ ក៏​មាន​ប្លន់​,​ ចោរលួច​,​ ចោរ​ ឆក់​…​ដែរ​នោះ​ តើ​វា​ជា​ការ​ទទួលខុសត្រូវ​របស់​ថ្នាក់​ណា​?​ នេះ​ហើយ​ដែល​ចាំបាច់​ ត្រូវ​មាន​អ្នក​ទទួលខុសត្រូវ​ចុង​ក្រោយ​ ។​

មិនមែន​រឿង​ធំ​ប៉ុន​មហាមេឃ​ យក​មន្ដ្រី​ ប៉ុស្ដិ៍​ម្នាក់​ឱ្យមក​ទទួលខុសត្រូវ​នោះ​ទេ​ ។​ ដូច​គ្នា​នេះ​ដែរ​ វិធី​នៃ​ការ​កាត់​បន្ថយ​បទ​ ល្មើស​ទូ​ទាំង​រាជធានី​ភ្នំពេញ​ មិនមែន​បញ្ជា​ឱ្យ​មន្ដ្រី​ប៉ុស្ដិ៍​បិទ​បាំង​ ឬ​លាក់​ព័ត៌មាន​ពី​ អ្នកកាសែត​នោះ​ទេ​ ។​ ផ្ទុយ​ទៅ​វិញ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ ការ​ចូលរួម​ចំណែក​កាត់​បន្ថយ​បទល្មើស​ ។​ ការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង​ ពី​បទល្មើស​ដែល​កំពុង​កើត​មាននៅ​ក្នុង​រាជធានី​ជាមួយនឹង​ការ​អប់រំ​ផង​នោះ​ជា​វិធី​ មួយ​ដ៏​ល្អ​ក្នុង​ការ​រួមចំណែក​កាត់​បន្ថយ​បទល្មើស​ ។​

​អ្វី​ដែល​បាន​កើតឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ មិនមែន​ សមត្ថកិច្ច​ត្រូវ​ប្រើ​វិធី​បិទ​បាំង​ព័ត៌មាន​មិន​ឱ្យ​ឮ​ដល់​ថ្នាក់លើ​ ប្រយោជន៍​ឱ្យ​ទទួល​ បានការ​កោតសរសើរ​ថា​ ភ្នំពេញ​ពោរពេញ​ទៅ​ដោយ​សុវត្ថិភាព​ គ្មាន​ចោរលួច​ ចោរឆក់​នោះ​ទេ​ ។​ ករណី​ចោរលួច​ ចោរឆក់​ទៅ​លើ​ជនបរទេស​ បើ​ទោះបីជា​ កាសែត​ និង​ទូរទស្សន៍​ក្នុងស្រុក​មិន​ផ្សាយ​ ក៏​កាសែត​ ទូរទស្សន៍​បរទេស​គេ​ផ្សាយ​ ដែរ​។​

...

តើ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​មាន​លទ្ធភាព​ខ្ទប់​ព័ត៌មាន​ពី​កាសែត​ ទូរទស្សន៍​ បរទេស​នោះ​បាន​ឬទេ​?​ ការ​ដែល​ហ៊ាន​ទទួលស្គាល់​ការ​ពិត​ ហើយ​កែប្រែ​នូវ​ចំណុច​ ខ្សោយ​ណាមួយ​នោះ​ជា​ចំណុច​វិជ្ជមាន​មួយ​ដ៏​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួនឯង​ ។​ ការ​ រាំង​ខ្ទប់​ព័ត៌មាន​ មិនមែន​ជា​ដំណោះស្រាយ​ទេ​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print