ភ្នំពេញ៖ប្រភពច្បាស់ការណ៍បានបញ្ជាក់ថាអតីតតារាសម្តែងស្រីល្បីឈ្មោះអ្នកស្រីអម្ពរទេវី នឹងបង្ហាញវត្តមានជាថ្មីក្នុងខ្សែភាពយន្តខ្នាតធំមួយដែលដឹកនាំការផលិតដោយអ្នកស្រីពាន់ភួងបុប្ផា គឺរឿង”ទឹកចិត្តម្តាយសម័យថ្មី”។ ការបង្ហាញវត្តមានជាថ្មីនេះស្របតាមការទទួចពីអ្នកគាំទ្រតារាសម្តែងរូបនេះថា ចង់ឃើញវត្តមាននាងជាថ្មីក្នុងការសម្តែង។
អស់រយៈពេលជាង១ទស្សវត្សរ៍មកហើយដែលអតីតតារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង អម្ពរ ទេវី បានបាត់មុខពីការងារសិល្បៈ ។កន្លងមកតារាសម្តែងរូបនេះបានធ្វើឲ្យអ្នកទស្សនាចាំមិនភ្លេចព្រោះតែនាងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងវិស័យសម្តែងភាពយន្តក្រោយពីកម្ពុជាងើបផុតពីភ្នក់ភ្លើងសង្គ្រាម។ អតីតតារាសម្តែងស្រីល្បីឈ្មោះក្នុងអំឡុងទសវត្សរិ៍ទី៩០ រូបនេះ បានបានចាកចេញ ពីកម្ពុជាទៅរស់នៅសហរដ្ឋអាមរិក ដែលក្រោយមកនាងបានរៀបការប្តីថ្មី។ទោះជាយ៉ាងណាដំណឹងនៃការវិលមករកការសម្តែងឡើងវិញបានលេចលឺឡើងកាលពីដើមឆ្នាំ២០១៦នេះដែលធ្វើឲ្យអ្នកគាំទ្រនាងសប្បាយចិត្ត។
អ្នកស្រីពាន់ភួង បុប្ផាបានបញ្ជាក់ថា អ្នកនាងអម្ពរទេវីពិតជាសម្រេចចិត្តចូលប្រឡូកអាជីពសិល្បៈជាថ្មីស្របតាមការស្នើសុំរបស់អ្នកគាំទ្រ។ អ្នកស្រីពាន់ភួងបុប្ជាដែលទើបតែងាកមកបង្កើតស្នាដៃផលិតរឿងឡើងវិញក្រោយផ្អាកជិត២ឆ្នាំបានថ្លែងថារឿង«ទឹកចិត្តម្តាយសម័យថ្មី»ជារសជាតិថ្មីមួយមានកម្សត់អប់រំ។ក្នុងនោះទស្សនិកជនចាំបានកាលពីរឿង«ទឹកចិត្តម្តាយ»កាលពីប៉ុន្មានឆ្នាំមុនគឺមហាជនផ្អើលទស្សនាអ្នកណាក៍បានមើល។ដូចនេះរឿងថ្មីគឺពិតជាចាប់អារម្មណ៍មិនចាញ់រឿងពីមុនដែរហើយតួសម្តែងសុទ្ឋតែខ្លាំងៗ។អ្នកស្រីបញ្ជាក់ថា ក្រោយទំនាក់ទំនងជាយូមកនោះអ្នកស្រីអម្ពរទេវីនឹងចូលរួមសម្តែងជាមួយនឹងតារាសម្តែងជើងចាស់ល្បីឈ្មោះមួយចំនួនដើម្បីឲ្យខ្សែភាពយន្តខ្នាតធំថ្មីរបស់អ្នកស្រីកាន់តែទទួលបានការចាប់អារម្មណ៍។ អ្នកស្រីមិនបានបញ្ជាក់ពីតម្លៃខ្លួន និងពេលវេលាជាក់លាក់នោះទេ ប៉ុន្តែខ្សែភាពយន្តនេះនឹងស្ថិតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនៃបេសកម្មផលិតខ្សែភាពយន្តរប់សអ្នកស្រី។ ក្រៅពីអ្នកស្រីអម្ពរទេវីក៏នឹងមានវត្តមានតារាសម្តែងស្រីជើងចាស់ជាច្រើននឹងចូលរួមសម្តែងខ្សែភាពយន្ត”ទឹកចិត្តម្តាយសម័យថ្មី”នេះផងដែរមានដូចជាអ្នកស្រីឌីសារ៉េត អ្នកនាងស៊ឹម សូលីកា និងតារាឆ្នាស់ឆ្នើមស្វែង សុជាតាជាដើម។
ដៃគូសម្តែងរបស់អ្នកស្រីអម្ពរទេវីគឺលោកទេព រិន្ទដារ៉ូបានទទួលស្គាល់ថាអ្នកនាងអម្ពរទេវីគ្រោងមកកាន់កម្ពុជាយើងនាអំឡុងខែកក្កដាដោយត្រៀមថតភាពយន្តឲ្យអ្នកស្រីពាន់ភួងបុប្ជា។លោកបញ្ជាក់ថា ទោះបីជាបែកឆ្ងាយពីគ្នាយូប៉ុន្តែលោកតែងភ្ជាប់ទំនាក់ទំនងគ្នាជានិច្ចពិសេសការសាកសួរសុខទុក្ខគ្នា។យ៉ាងណាលោកសប្បាយចិត្តប្រសិនបើអ្នកនាងអម្ពរទេវីងាកមកថតកុននៅស្រុកខ្មែរវិញពិតជាញាំងឲ្យពិភពភាពយន្តខ្មែររីកទៅមុខទៀតនាំឲ្យតារាយើងជំនាន់ក្រោយគាត់ខំបន្តទៀត។លោកបន្តថាប្រសិនបើខ្សែភាពយន្តខាងលើនេះលេចចេញជារូបរាងពិតជាធ្វើឲ្យមហាជនចង់ទស្សនាជាក់ជាមិនខាង។
គួររំលឹកដែរថាបច្ចុប្បន្នអតីតារាសម្តែង អម្ពរទេវីកំពុងរស់នៅ ទីក្រុង Tacoma រដ្ឋ Washington ជាមួយកូនពីរនាក់គឺកូនប្រុសបងឈ្មោះភិរុណ ឥន្ទបុត្រ អាយុ១៤ឆ្នាំ និងកូនស្រីឈ្មោះភិរុណ លក្ស្មីទេវី អាយុ៦ឆ្នាំ។ នៅចុងទសវត្សរ៍ឆ្នាំ៨០ និងក្នុងទសវត្សរ៍ឆ្នាំ៩០ ស្នាដៃសម្តែងខ្សែភាពយន្តរបស់អ្នកនាងអម្ពរ ទេវី បានសម្ដែងមិនតិចជាង១០០រឿងនោះទេ ដោយរឿងល្បីៗរួមមាន រឿង «សម្ដីចុងក្រោយ» រឿង «ឆ្អឹងអណ្ដែត» រឿង «ចុងស្រល់» និងរឿង «ជើងមេឃដាច់ស្រយាល»ជាដើម។ ខ្សែភាពយន្តចុងក្រោយដែលនាងសម្តែងនិងទទួលបានការគាំទ្រច្រើនគឺរឿង “ពស់កេងកង”ដែលដឹកនាំសម្តែងដោយលោកហ្វៃ សំអាង៕
វឌ្ឍនា