ភ្នំពេញ៖ តារាសម្តែងកូនមួយ អ្នកនាង សារ៉ាយ សក្កណាបានវិលមកទឹកដីកំណើតជាលើកទី២កាលពីដើមឆ្នាំនេះដោយនាងបាននាំកូនស្រីស្វាមីនិងឪពុកម្តាយក្មេងមកកម្សាន្តពិសេសសាកសួរសុខទុក្ខក្រុមគ្រួសារ។មុនពេលចាកចេញពីកម្ពុជានាងក៏ឆ្លៀតពេលថតខ្សែភាពយន្តខ្នាតធំមួយរឿងរបស់ផលិតកម្ម Red Picture គឺរឿង”សង្សាខ្ញុំក្រមុំកូនមួយ”។
តារាសម្តែង សារ៉ាយ សក្កណាបានរៀបការជាមួយមេធាវីមកពីសហរដ្ឋអាមេរិក លោក ប៊ុន មេត្រី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ និងបានចេញទៅរស់នៅជាមួយស្វាមីកាលពីពាក់កណ្តាលខែមករាឆ្នាំ២០១៤។ នាងបានក្លាយជាសិល្បករល្បីឈ្មោះម្នាក់ចាកចេញពីសិល្បៈទៅរស់នៅបរទេសជាមួយស្វាមីទាំងនៅមានឈ្មោះល្បីដូចគ្នានឹងតារាសម្តែង ដាញ់ ម៉ូនីកា វ៉េត រតនាជាដើម. ក្រោយរៀបការ សារ៉ាយ សក្ខណា បានសម្រាលបានកូនស្រីជាលើកដំបូងដែលពេលនេះកូនស្រីនាងមានវ័យ ១ឆ្នាំហើយ ។ ក្នុងជំនួបផ្ទាល់នាកម្មវិធីសម្ពោធខ្សែភាពយន្តរឿង “ទង់ព្រលឹង” តារាសម្តែងស្រីរូបនេះបានបញ្ជាក់ថា នេះគឺជាលើកទី២ដែលនាងបានធ្វើដំណើរកាន់ទឹកដីកំណើតក្រោយចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី។ នាងបញ្ជាក់ថានាងនឹងចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកវិញនៅចុងខែមេសា នេះបន្ទាប់ពីនាងចំណាយពេលជាង២ខែដើរកម្សាន្តនៅទឹកដីកំណើត។ នាងលើកឡើងថា កន្លងមកមានផលិតកម្មជាច្រើនបានទាក់ទងនាងដើម្បីថតខ្សែភាពយន្តប៉ុន្តែនាងមិនអាចទទួលបានព្រោះតែនាងត្រូវចំណាយពេលច្រើនដើម្បីនាំកូនស្វាមីនិងឪពុកម្តាយក្មេកទៅដំណើរកម្សាន្តនៅតំបន់ផ្សេងៗ។ ទោះជាយ៉ាងណានាងក៏សម្រេចចិត្តទទួលថតខ្សែភាពយន្តមួយរបស់ផលិតកម្ម Red Picture ផងដែរគឺរឿង “សង្សាខ្ញុំក្រមុំកូន១”ដែលជាខ្សែភាពយន្តបែបកំប្លែង ដែលនឹងបញ្ចប់មុនពេលនាងចេញទៅអាមេរិកនេះ។ នាងបញ្ជាក់ថា ការសម្រេចចិត្តទទួលយកការសម្តែងនេះព្រោះតែចិត្តនៅស្រលាញ់សិល្បៈ ហើយក្រុមការងារផលិតកម្មក៏ជួយសម្រួលនូវការសម្តែងដើម្បីឲ្យប្រាកដថា ឆាប់រួចរាល់មុនពេលថ្ងៃឡើងយន្តហោះមកដល់។ នាងថា ពិតជាសប្បាយចិត្តសម្រាប់ផលិតករ និងអ្នគគាំទ្រដែលនៅតែផ្តល់ឱកាសសម្រាប់នាងបើទោះបីជានាងមានស្វាមីនិងកូនទៅហើយក្តី។ នាងថានឹងបន្តការងារសិល្បៈទៅមុខទៀតប្រសិនបើនាងមានពេលវេលាគ្រប់គ្រាន់។នាងបញ្ជាក់ថា ស្វាមីសារ៉ាយ សក្កណា នៅតែបើកសិទ្ធចំពោះភរិយាប្រសិនបើនាងចង់ថតខ្សែភាពយន្ត ប៉ុន្តែស្វាមីនាងនៅតែខ្វាយខ្វល់ពីសុខភាពភរិយាដែលលោកចង់ឲ្យភរិយាមានពេលច្រើននៅជាមួយកូនតូច និងឆ្លៀតពេលសិក្សាភាសាអង់គ្លេសបន្ថែម៕
សារ៉ាយ សក្កណា តួឯករឿង “សង្សាខ្ញុំក្រមុំកូនមួយ”
...