ភ្នំពេញ៖ កម្លាំងសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ដឹកនាំដោយលោក ភេ សុមុនី ប្រធានសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ និងលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបាន ចុះត្រួតពិនិត្យឯកសារ ដើម្បីបញ្ជាក់បង្កការបទល្មើសផ្សេងៗ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ។ ក្នុងនោះកម្លាំងសាខាគយបានរកឃើញរថយន្ត Land Cruiser ស៊េរីទំនើប១គ្រឿង ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-6577 កំពុងចតនៅមុខភូមិគ្រឹះ៦៥ ផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ចូលទៅត្រួត ពិនិត្យរកឯកសារ ។
មន្រី្តគយម្នាក់បានឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យនេះ ក្រុមមន្ត្រីគយមិនបានចោទប្រកាន់ទៅលើរថយន្តថ្មីស្រឡាងនេះឡើយ គ្រាន់តែសុំពិនិត្យឯកសាររបស់រថយន្តពីអ្នកបើកបរម្នាក់ទៅតាមនីតិវិធី ដើម្បីបញ្ជាក់ថារថយន្តមួយនេះមានឯកសារស្របទៅតាមច្បាប់របស់រាជរដ្ឋាភិបាលដែរឬអត់? ហើយតាមរយៈអ្នកបើកបរបានប្រាប់មន្ត្រីគយថា រថយន្តខាងលើនេះមានម្ចាស់ឈ្មោះលោក ចាន់ធី និងមានឯកសារគ្រប់គ្រាន់ប៉ុន្តែមិនបានបញ្ជាក់ថាលោក ចាន់ធី បម្រើការងារនៅអង្គភាពណាទេ ។
ទោះយ៉ាងណារថយន្តខាងលើនេះត្រូវបានកម្លាំងគយនាំយកទៅធ្វើកំណត់ហេតុតាមនីតិវិធីច្បាប់និងឲ្យម្ចាស់យកឯកសារផ្សេងៗមកបង្ហាញផងដែរ ៕
ដោយ៖ ប្រាថ្នា