ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សាលារាជធានីភ្នំពេញ និងរដ្ឋាករស្វយត័ដឹកជញ្ជូនសាធារណៈរថយន្តក្រុងនឹងរៀបចំតំឡើងប្រាក់ខែជូនអ្នកបើកបររថយន្តដឹកអ្នកដំណើរក្នុងក្រុងក្នុងចន្លោះពី១៨០ដុល្លារដល់២៥០ដុល្លារដោយបូកបញ្ចូលទាំងប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ចាប់ពីខែមិថុនា ឆ្នាំ២០១៦នេះតទៅ ។ លោកប៉ា សុជាតិវង្ស បានបញ្ជាក់ឲ្យដឹងបែបនេះខណៈលោកកោះប្រជុំជាបន្ទាន់ជាមួយអ្នកគ្រប់គ្រងរថយន្ដដឹកអ្នកដំណើរក្នុងក្រុង និងគណៈបញ្ជាការឯកភាពខណ្ឌទាំង១២ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅសាលាក្រុងភ្នំពេញ ។
លោកបន្តថា នេះជាការខិតខំស្វែងរកលទ្ធភាពសំរាប់ឧបត្ថម្ភពីលើប្រាក់ខែគោល ហើយជាមួយគ្នានេះ អង្គភាពរដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងត្រូវរៀបចំបទបញ្ជាផ្ទៃក្នុង និងទប់ស្កាត់អំពើក្លែងបន្លំផ្សេងៗពីការលក់សំបុត្ររថយន្តក្រុង ដើម្បីឲ្យមានតម្លាភាពលើការគ្រប់គ្រងចំណូលឲ្យបានច្បាស់លាស់។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ការតំឡើងប្រាក់ឧបត្ថម្ភនេះ ត្រូវគិតពីប្រភពចំណូលព្រោះការធ្វើបបែបនេះមិនមែន ដើម្បីគោលដៅអាជីវកម្មទេ សាលារាជធានីភ្នំពេញមានបំណងបញ្ចូលបងប្អូនអ្នកបើកឡានសាធារណៈទាំងនោះឲ្យទៅជាបុគ្គលិកជាប់កិច្ចសន្យាតែម្តង ។
លោក អ៊ាន សុឃីម ប្រធានរដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានឲ្យដឹងថា បច្ចុប្បន្នអង្គភាពរដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងមានអ្នកបើកបរចំនួន៩២នាក់, អ្នកលក់សំបុត្រ៩២នាក់បូកសរុបទាំងបុគ្គលិកការរិយាល័យនិងផ្នែកផ្សេងៗ មានចំនួន២៣១នាក់, មានរថយន្តក្រុងដឹកអ្នកដំណើរកំពុងដំណើរការមានចំនួន៤៣គ្រឿង លើចំនួនសរុប៥៧គ្រឿងដែលមានការខូចខ្លះ និងកំពុងជួសជុល ។ ចំណែកប្រាក់ចំណូលបានពីការលក់សំបុត្ររថយន្តក្រុងសព្វថ្ងៃបានពី ១៧០លានទៅ ១៨០លានរៀលក្នុងមួយខែ។
លោក អ៊ាន សុឃីម បានរំលឹកថា ខ្សែរថយន្តក្រុងដឹកអ្នកដំណើរសាធារណៈនេះ មិនយកថ្លៃឈ្នួលចំពោះជនពិការ, ជនចាស់ជរា, ព្រះសង្ឃ និងសិស្សសាលាទេ ដែលបច្ចុប្បន្នពួកគាត់ទាំងនេះ ជិះរថយន្តក្រុងច្រើនជាងគេ ៕
ដោយ៖ សំរិត
...