ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌឫស្សីកែវ ដឹកនាំផ្ទាល់ដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានចុះបិទទីតាំងកែច្នៃកម្ទេចជ័រមួយកន្លែង ស្ថិតនៅផ្ទះលេខ២២, ២៦ ផ្លូវលំ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ខណៈទីតាំងនេះបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋជុំវិញទីនោះ ។
យោងតាមមន្ត្រីសាលាខណ្ឌបានឲ្យដឹងថា ម្ចាស់ទីតាំងដែលកែច្នៃកម្ទេចជ័រធ្វើឲ្យប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋខាងលើនេះមានឈ្មោះ វង្ស សាយ ។
បន្ទាប់ពីគណៈកម្មការចម្រុះដែលដឹកនាំដោយលោកអភិបាលខណ្ឌ ជា ពិសី ចុះពិនិត្យដល់ទីតាំងខាងលើក៏បានជួបនឹងម្ចាស់ផ្ទះ ហើយបានធ្វើកំណត់ហេតុដើម្បីឲ្យម្ចាស់ទីតាំងបញ្ឈប់ជាបន្ទាន់នូវការធ្វើអាជីវកម្មទៅលើកម្ទេចជ័រនេះ ។
ខណៈអាជ្ញាធរចុះដល់ទីតាំងខាងលើពិនិត្យឃើញថា ការធ្វើអាជីវកម្មកែច្នៃកម្ទេចជ័រនេះ វាបានប៉ះពាល់ទៅដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋជុំវិញទីនោះ ។
លោកជា ពិសី អភិបាលខណ្ឌបានបញ្ជាក់ថា លោកនឹងឲ្យមន្ត្រីក្រោមឱវាទចេញលិខិតជូនដំណឹងមួយទៀតដល់ម្ចាស់ទីតាំងកែច្នៃកម្ទេចជ័រខាងលើនេះ ៕
ដោយ៖ អរុណរះ
...