ស្វែងយល់អំពីពិធីបដិមាភិសេក​ “ព្រះថោងនាងនាគ​” និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ​ នាសម័យតេជោ​សន្តិភាព

ចែករំលែក៖

ខេត្តព្រះសីហនុ : ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ត្រូវបានគិតបញ្ចូលនូវរូបចម្លាក់សម្រាប់តម្កល់នៅទីសាធារណៈដើម្បីឲ្យទីក្រុង ទំនើបនេះមានព្រលឹងវប្បធម៌ជាតិ និងលើកកម្ពស់ស្នាដៃសិល្បៈខ្មែរបុរាណឲ្យមានភាពស្ថិត សេ្ថរគង់វង់យូរអង្វែង ដែលក្នុងនោះមានបដិមាចំនួន ៤ទីតាំង ត្រូវបានសម្រេចជ្រើសរើស ដាក់តម្កល់ រួមមាន (១) បដិមាព្រះឧមា-មហេស្វរ ធ្វើពីស្ពាន់កម្ពស់ ៩ម៉ែត្រ បានសាងសង់រួច (២) បដិមាសីហរាជមុខបី ធ្វើពីស្ពាន់ កម្ពស់ ៩ម៉ែត្រ បានសាងសង់រួច (៣) បដិមាព្រះថោង នាងនាគ ធ្វើពីស្ពាន់ កម្ពស់ ២១ម៉ែត្រ គ្រោងធ្វើពិធីបដិមាភិសេកនាថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២២ និង(៤)បដិមាព្រះស្កន់ទ្រង់ក្ងោក ធ្វើពីស្ពាន់ កម្ពស់ ៩ម៉ែត្រ គ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២។

ខ្មែរក៏ដូចជាជាតិសាសន៍ដទៃទៀតដែរ គឺមានរឿងព្រេងនិទានអំពីដើមកំណើតទឹកដី និងដើមកំណើតបុព្វការីជនដំបូងបង្អស់របស់ខ្លួន។ រឿងព្រេងទាំងនោះ មានចារក្នុងសិលាចារឹក, កត់ត្រាក្នុងកំណត់ហេតុចិន, មាននៅក្នុងឯកសារពង្សាវតារ ឬ របាក្សត្រ ហើយរឿងខ្លះ ទៀតស្ថិតនៅក្នុងស្មារតីចងចាំរបស់ខ្មែររហូតមកដល់សព្វថ្ងៃ។ ទោះស្ថិតក្នុងលក្ខណៈជារឿង ព្រេងដែលគួរឲ្យជឿជាក់បានតិចតួចសម្រាប់តម្លៃជាប្រវត្តិសាស្ត្រ តែសាច់រឿងទាំងនេះមាន សារៈប្រយោជន៍យ៉ាងខ្លាំងចំពោះអារ្យធម៌ខ្មែរទាំងមូល និងបណ្តុះស្មារតីប្រជាជនកម្ពុជាឲ្យ មានឧត្តមគតិស្រឡាញ់វប្បធម៌និងជាតិមាតុភូមិរបស់ខ្លួន។

ការណ៍នេះ ញ៉ាំងឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ដែលទទួលអនុវត្តការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ខ្សែ ក្នុង ខេត្តព្រះសីហនុ សម្រេចជ្រើសរើសយករូបបដិមាព្រះថោងនាងនាគ មកដាក់តម្កល់ស្របតាម ស្ថានភាពភូមិសាស្ត្រ និងមានអត្ថន័យជ្រាលជ្រៅសម្រាប់វប្បធម៌ អរិយធម៌ខ្មែរដែលមានតាំង ពីបុរាណកាលដល់បច្ចុប្បន្ន។

រូបបដិមាព្រះថោងនាងនាគ ធ្វើពីស្ពាន់ កម្ពស់ ២១ម៉ែត្រ ពីព្រះបាទា ដល់មកុដ មាន ទម្ងន់ ៦០តោន ដាក់តម្កល់នៅលើខឿនជើងថ្កល់កម្ពស់ ៧ម៉ែត្រ និងមានកម្ពស់ពីទ្រនាប់ខ្សាច់ ដល់កំពូលមកុដសរុប ២៨ម៉ែត្រ តាំងលើខ្ពង់រាបមាន២ថ្នាក់ កម្ពស់ ២,៨ម៉ែត្រ ជានិម្មិតរូបន អាណាចក្រនគរភ្នំ បដិមាចារឹកក្នុងរង្វង់មូលអង្កត់ផ្ចិត ៩៩ម៉ែត្រ ស្ថិតនៅចំណុចប្រសព្វគ្ន រវាងមហាវិថីរា និងមហាវិថីជំទាវម៉ៅ ស្ថិតនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។ បដិមាព្រះថោងនាងនាគ បែរព្រះភ័ក្ត្រទៅទិសខាងត្បូង នោះសមុទ្ររាម ជា ឥរិយាបថព្រះថោងតោងស្បៃនាងនាគនៅកាន់ដែនមហាសាគ ទ្រង់ព្រះរាជដំណើរយាង ទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ ប្រពៃណី និង ទំនៀមទម្លាប់ខ្មែរ។

បដិមាព្រះថោងនាងនាគត្រូវបានរចនាឡើងដោយក្រុមការងារបច្ចេកទេសផ្លូវថ្នល់ ន គ.អ.ឆ.ក. ដឹកនាំដោយបណ្ឌិតស្ថាបត្យករ លី រស្មី និងទទួលផលិតដោយក្រុមជាងនរៈសឹង្ហ ដែលបានសហការជាមួយវិទ្យាស្ថានចិន Shanwei Sculpture Institute ក្នុងការចាក់ពុម្ពស្ពាន់។
អំពីព្រះថោង នាងនាគ , ទិដ្ឋភាពប្រវត្តិព្រះថោង នាងនាគ
តាមសិលាចារឹកប្រាសាទភិមានអាកាស ចារនៅសតវត្សទី១០ បាននិទានប្រវត្តិសាស្ត្រ កម្ពុជាក្នុងលក្ខណៈជាទេវកថាដោយនិយាយថា៖ បុព្វការីជនដំបូងបង្អស់របស់ជនជាតិខ្មែរគឺ ចុះតំណពូជពង្សមកពីឥសី «កម្ពុ» ដែលឥសីនោះបានកើតឡើងដោយឯកឯង (ជាភាសាសំស្ក្រឹតថា ស្វាយប្តូ/សយម្លូ)។ ឥសីនោះបានទៅភប់ប្រសព្វនឹងទេពកញ្ញានាម «មរា» ទើប បង្កើតបានជាកូនចៅខ្មែរតរៀងមក។

កំណត់ហេតុរបស់ចិនសរសេរនៅសតវត្សទី៣, ៦ និងទី៧ នៃគ.ស. ក៏បាននិយាយ អំពី ប្រវត្តិមហាក្សត្រដំបូងរបស់ខ្មែរតាមលំនាំជារឿងព្រេង ដែលអ្នកស្រុកហ្វូណន នៅចងចាំនិង ប្រាប់ផ្ទាល់មាត់ទៅគាត់ថា៖ ដើមឡើយប្រទេសកម្ពុជាគ្រប់គ្រងដោយស្តេចស្រីមួយអង្គ ព្រះនាម លីវ យី។ ក្រោយមកមានជនបរទេសម្នាក់ដែលតាមកំណត់ហេតុ ចិនស.វ.ទី៣ ថាគាត់ មានឈ្មោះ ហ៊ុន ឆេន មកពីប្រទេសឈ្មោះ «មូហ្វូ/Mofuo» តែកំណត់ហេតុចិន ស.វ.ទី៦ ថា គាត់មានឈ្មោះ ហ៊ុន ហួយ, ក៏ប៉ុន្តែកំណត់ហេតុចិន ស.វ.ទី៧ និយាយថាគាត់មានឈ្មោះ ហ៊ុនទៀន មកពីប្រទេសឈ្មោះ កិ ជនបរទេសនោះមានធ្នូទិព្វ បានធ្វើដំណើរតាមឈ្មួញ សមុទ្រមកកាន់ហ្វូណន ហើយបានដណ្តើមអំណាចពីព្រះនាង និងបានរៀប អភិសេកជាមួយព្រះនាង រួចបង្កើតបានជាសន្តតិវង្សហ្វូណនដំបូង។ ផ្ទុយពីកំណត់ហេតុចិន សិលាចារឹករបស់ចាម្បនៅម៉ីសឺន ចារនៅឆាំ្ម ៦៥៨ និយាយថាជនបរទេសឈោ្មះ កៅណ្ឌិន្យ បានរៀបអភិសេកជាមួយព្រះនាងសោម៉ា។

កន្លងមក អ្នកស្រាវជ្រាវជាច្រើនសន្និដ្ឋានថា រឿងព្រេងដែលមានក្នុងកំណត់ហេតុចិន និងសិលាចារឹកចាម្ប៉ាខាងលើ អាចជារឿងពិតដែលទំនងជាកើតមានមែននៅគ.ស.ទី១ ហើយ បានស្ថិតនៅក្នុងស្មារតីចងចាំរបស់អ្នកស្រុកហ្វូណនរាប់រយ រួចក៏បានបន្តប្រាប់រឿងនេះ ទៅលោក កង ពេលដែលគាត់បានមកដល់ហ្វូណននៅប្រហែលឆ្នាំ ២៣០ នៃគ.ស.។ អ្នកស្រាវជ្រាវក៏បានស្នើដែរថា ហ៊ុន ឆេន, ហ៊ុន ហ៊ួយ ហ៊ុន ទៀន ដែលនិយាយក្នុង កំណត់ហេតុចិន ស.វ.ទី៣, ទី៦ និងទី៧ និង កៅ ណ្ឌិន្យ ដែលចារក្នុងសិលាចារឹកចាម្ប ស.វ. ទី៧ (ឆ្នាំ៦៥៨)នោះ ទំនងជាមនុស្សតែម្នាក់ ហើយបានធ្វើដំណើរចេញពីប្រទេសឥណ្ឌាមក ហ្វូណន។ ៣. រឿងព្រះថោង នាងនាគ

ព្រះថោងនាងនាគ ជារឿងព្រេងនិទានអំពីកំណើតទឹកដី និងបុព្វការីជនខ្មែរដំបូងបង្អស់។ រឿងព្រេងនេះ ខ្មែរចេះចាំតាំងពីបុរាណកាលរហូតមកដល់សព្វថ្ងៃ។ ក្រោយមក គេក៏បាន យកមកសរសេរចងក្រងនៅក្នុងពង្សាវតារឬរបាក្សត្រ។ តើរឿងព្រេងព្រះថោង នាងនាគ មានខ្លឹមសារអ្វីខ្លះសម្រាប់សង្គមខ្មែរ? មុននឹងពិចារណាអំពីខ្លឹមសារខាងលើ ជាដំបូងយើង គួរដឹងសាច់រឿងនេះជាមុនសិន។ ខាងក្រោមនេះ ជាសាច់រឿងព្រះថោង នាងនាគ តាមការ

តំណាលពីអ្នកស្រុករស់នៅតំបន់អង្គរ ខេត្តសៀមរាប ដែលលោកបណ្ឌិត អាំង ជូលាន បាន សិក្សាស្រាវជ្រាវ និងបោះពុម្ពផ្សព្វផ្សាយក្នុងបណ្ដាញព័ត៌មានវប្បធម៌ខ្មែរ ឆ្នាំ ២០១៩ ដែល មានសេចក្តីសង្ខេបដូចតទៅ៖

កាលដើមឡើយ មានតមហាសមុទ្រទាំងអស់។ ដីគ្មានទេក្រៅតែពី«គោក»តូចមួយ ដែល លេចចេញពីផ្ទៃទឹកមក។ នៅលើគោកនោះក៏គ្មានអ្វីទៀតក្រៅពីធ្លកមួយដើមព្រមទាំងមនុស្ស ម្នាក់ ពោលគឺព្រះថោងដែលជ្រកនៅក្រោមម្លប់ដើមនោះ។ ថ្ងៃមួយ នាងនាគឡើងមកពី ស្ថានបាតាលដើម្បីកំសាន្តលេងទឹកលើផ្ទៃសមុទ្រនៅក្បែរមាត់គោកនោះ ដោយមាន បរិពារមកតាមកំដរផង ដ្បិតនាងជាបុត្រីស្ដេចភូជង្គនាគ។ ព្រះថោងឃើញនាងភ្លាមក៏ ចាប់ចិត្តប្រតិព័ទ្ធ ហើយក៏ទៅចែចង់។ នាងនាគប្រាប់ទៅវិញថា បើចង់បាននាង ទាល់តែ ចូលស្តីដល់ព្រះបិតាដែលគង់នៅឯបាតសមុទ្រ។ ព្រះថោង ក៏ព្រមធ្វើតាម។

ដំណើរទៅស្ថានបាតាលដើម្បីទៅជួបស្តេចនាគ គឺនាងនាគជាអ្នកនាំផ្លូវ។ នាងក៏មុជ ទៅក្នុងទឹក ដោយឲ្យព្រះថោងតោងស្បៃនាងឲ្យជាប់ដើម្បីកុំឲ្យឈ្លក់លង់។ ទៅដល់ ស្ថាននោះ ព្រះថោងក៏ចូលសូមសេចក្តីអនុញ្ញាតស្តីដណ្តឹងនាងពីស្តេចនាគជាឪពុកត្រឹមត្រូវ។ ស្ដេចនាគ ក៏យល់ព្រមរៀបការឲ្យអ្នកទាំងពីរបានគ្នាជាប្ដីប្រពន្ធ។ បន្ទាប់មក ព្រះថោងត្រូវត្រឡប់មក លើគោកវិញ ដ្បិតខ្លួនជាតិជាមនុស្ស ត្រូវនាំភរិយាមករៀបចំឲ្យមានជានគរនៅស្ថានគោក។

បន្ទាប់មកមិនយូរប៉ុន្មាន ព្រះបិតាក៏យាងឡើងមកលើគោកធ្លកដើម្បីវាតទីដីនោះឲ្យបាន ធំទូលាយសម្រាប់កូន។ មកដល់ភ្លាម ស្តេចនាគយកមាត់បូមទឹកនៅជុំវិញនោះព្រួសចេញ ទៅឆ្ងាយ ឯកន្ទុយក៏បក់រវិចទៅវិញទៅមកជាមួយគា្ននោះ ដើម្បីដេញទឹកវាតទីយកដីដែរ។ ឥឡូវនេះ បានលំហដីទូធំលំទូលាយហើយ។ ទីដែលដើមឡើយគ្រាន់តែជាគោកតូចមួយកំ ក្លាយទៅជានគរ គឺថា «គោកធ្លក»ក្លាយមកជា «នគរដែលពីមុនមកគ្រាន់តែជា] គោកធ្លក»។ អំណើះតទៅ ព្រះថោងត្រូវកសាងវាំងរស់នៅឲ្យបានសមរម្យ តាមពាក្យផ្តែផ្តាំនៃភូជង្គនាគ ជាបិតាក្មេក។ មុននឹងយាងចុះទៅស្ថានបាតាលវិញ ព្រះអង្គផ្តាំផ្ដាច់ទៅបុត្រប្រសាថា សាងអ្វី ក៏បាន ស្រេចតែនឹងចិត្ត ប៉ុន្តែជៀសវាងកុំឲ្យមានរូបព្រហ្មឲ្យសោះ ត្បិតព្រះអង្គខ្លាចព្រហ្មណាស់។ ប៉ុន្តែប៉ុណ្ណោះក៏យាងចុះទៅបាតសមុទ្រវិញ។

ព្រះថោងមានព្រះទ័យចង់ធ្វើអ្វីឲ្យតែផ្ទុយនឹងបណ្តាំឪពុកក្មេក ដូច្នេះក៏ចាប់ផ្តើមសាង ព្រះរាជវាំងដែលមានកំពូលដំបូលជាមុខព្រហ្ម។ មិនថាតែព្រះដំណាក់គង់នៅប៉ុណ្ណោះ ឡើយ សូម្បីតែខ្លោងទ្វារនៅឯកំពែងរាំងក៏មានមុខព្រហ្មទាំងអស់។ ថ្ងៃមួយស្តេចភ្លេជង្គនាគនឹកកូនទាំងពីរ ក៏ហែលទឹកឡើងមកនគរគោកធ្លកដើម្បីមកសួរសុខទុក្ខ ហើយចេញតាមច្រក ដែលធ្លាប់ចេញចូលពីមុនមក។ ពេលមកដល់លើគោកភា្ល ងាកទៅឯណាក៏ទតឃើញតែ មុខព្រហ្ម ជាហេតុធ្វើឲ្យខ្យល់ខ្លាំងនឹងបុត្រប្រសា ដ្បិតជាការឆ្លើននឹងបណ្តាំ។ លុះស្តីបន្ទោស ព្រះថោងទៅ ព្រះថោងក៏ពុំព្រមទទួលខុស ដែលបង្ហាញថាការសាងមុខព្រហ្មទាំងអស់នេះ ចេញមកពីចេតនាពិតប្រាកដ។ មិនយូរប៉ុន្មានការតមាត់គា្ននោះក៏ក្លាយជាជមោះធំទៅៗ រហូត ដល់ប្រយុទ្ធគ្នាដោយអាវុធ។ នៅទីបំផុត ព្រះថោងកាប់ឪពុកក្មេកដាច់ច្រើនកំណាត់។ ពេលនោះ ឈាម ស្តេចភូជង្គនាគបាញ់ចេញមកប្រសេចប្រសាចប៉ះលើខ្លួនព្រះថោង។ ដោយពៀរវេរា សម្រាប់បិតាក្មេក ឈាមប្រឡាក់លើខ្លួននេះក៏ធ្វើឲ្យព្រះថោងចេញរោគឃ្លង់ពាសពេញស្បែក។ អំណើះតទៅគេលែងនិយាយពី «ព្រះថោង» ទៀតហើយ ដ្បិតគេហៅព្រះអង្គថា «ស្ដេចគម្លង់» ដូច្នេះទៅវិញ។ ឯតំណាលពីនគរគោកធ្លកក៏ចប់ត្រឹមនេះ។
ឥទ្ធិពលរឿងព្រះថោង នាងនាគ នៅក្នុងអារ្យធម៌ខ្មែរ

រឿងព្រេងព្រះថោងនាងនាគនេះ នាំឲ្យយើងមានជំនឿថា បុព្វការីជនដំបូងរបស់ខ្មែរ គឺពូជជាសត្វនាគពាក់កណ្តាល ដ្បិតបុព្វការីស្រីទីមួយនោះជានាគរស់នៅស្ថានបាតាល។ ប៉ុន្តែក្រោយ មកនាងនាគដាច់ផុតពីភពនាគជាស្ថាពរដោយសារទីមួយបានប្ដីជាមនុស្ស ហើយមករស់នៅដីគោកជាសា្ថនមនុស្ស ឯទីពីរគឺឪពុកស្លាប់ ធ្វើឲ្យអស់ហេតុផលអ្វីទៀតនឹង ទៅស្ថានដើមវិញ ពោលគឺនៅរួមរស់ជាមួយព្រះថោងតពូជពង្សខ្មែររហូតមក។ ចំណែកឯ ដីខ្មែរដែលដើមឡើយគ្រាន់តែជាគោកតូចមួយនិងមានតែមនុស្សម្នាក់រស់នៅនោះ ក៏កើត បានជានគរមួយដោយសារតែស្តេចនាគយកមាត់បូមទឹកព្រួសចេញទៅឆ្ងាយ និងយកកន្ទុយ បក់រវិចទៅវិញទៅមកដើម្បីដេញទឹកវាតទីយកដី ក្លាយជានគរខ្មែរ។

ម្យ៉ាងវិញទៀត រឿងព្រេងនេះក៏នាំឲ្យមានប្រពៃណីកូនកម្លោះតោងស្បៃកូនក្រមុំ រួចដើរក្រោយកូនក្រមុំចូលទៅក្នុងបន្ទប់នៅក្នុងកិច្ចចុងក្រោយបង្អស់នៃពិធីមង្គលការខ្មែរ។ ត្រង់ចំណុចនេះ គេពន្យល់ថា គឺជាការឲ្យកូនកម្លោះ កូនក្រមុំនោះ ត្រាប់តាមបុព្វការីដើម បង្អស់នៃជនជាតិខ្មែរ ដោយយករឿង «ព្រះថោង នាងនាគ» មកពន្យល់។ កាលនោះ ដើម្បី បាននាងនាគជាភរិយា ព្រះថោងត្រូវចូលទៅដណ្តឹងនាងពីឪពុកជាស្តេចនាគ ដែលគង់នៅ ស្ថានបាតាល ក្នុងទីជ្រៅបំផុតនៃមហាសាគរ។ ដូច្នេះត្រូវតាមពីក្រោយនាង ត្បិតខ្លួនឯងមិន ដឹងទេថាតើស្ថាននោះនៅទីណា។ មួយវិញទៀត ទាល់តែតោងស្បៃឲ្យជាប់ទើបមិនឈ្លក់ទឹក ស្លាប់។

.រឿងព្រះថោង នាងនាគ ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រខ្មែរ

តាមការសិក្សារបស់លោកបណ្ឌិត អាំង ជូលាន បង្ហាញថារឿងព្រះថោង នាងនាគ មាន ខ្លឹមសារឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍សំខាន់មួយនៃប្រវត្តិសាស្ត្រខ្មែរក្នុងរវាងសតវត្សទី៦-៧ ន គ.ស ដែលតាមកំណត់ហេតុចិនសរសេរថា មានការផ្លាស់ប្តូរពីការគ្រប់គ្រងប្រទេសខ្មែរ ដែលពីមុនមក (ពីស.វ.ទី១ ដល់ទី៦) គ្រប់គ្រងដោយអាណាចក្រហ្វូណន តែនៅចុងបញ្ចប់ នៃសតវត្សទី៦ អាណាចក្រចេនឡា ស្ថិតនៅភាគខាងជើងប្រទេស ឬខាងជើងភ្នំដងរែក និង ធ្លាប់ជាសាមន្តរដ្ឋរបស់ហ្វូណនផងនោះ បានមកជំនួសអំណាចរបស់ហ្វូណន ហើយបន្ត គ្រប់គ្រងប្រទេសរហូតដល់សតវត្សទី៨ នៃគ.ស។ អ្នកស្រាវជ្រាវភាគច្រើនសន្និដ្ឋានថា មុនពេល អាណាចក្រចេនឡាដណ្ដើមអំណាចបាន អាណាចក្រហ្វូណន មានមជ្ឈមណ្ឌលនយោបាយ និងសេដ្ឋកិច្ចស្ថិតខាងត្បូងប្រទេស ពោលគឺមានរាជ្យធានីនៅអង្គរបុរី (ខេត្តតាកែវ និងមាន កំពង់ផែ សមុទ្រអន្តរជាតិនៅអូរកែវ (សព្វថ្ងៃស្ថិតនៅប្រទេសវៀតខាងត្បូង) ហើយមាន ព្រែកជីកវែងមួយសម្រាប់ភ្ជាប់ពីរាជធានីអង្គរបុរីទៅកំពង់ផែអូរកែវ។ ហេតុដូច្នេះហើយ ទើប សេដ្ឋកិច្ចរបស់ហ្វូណន បានរីកលូតលាស់ដោយសារកត្តាសំខាន់ពីរ គឺវិស័យពាណិជ្ជកម្មអន្តរជាតិ តាមផ្លូវសមុទ្រ និងវិស័យកសិកម្ម។

ក៏ប៉ុន្តែមកដល់សតវត្សទី៦ សេចក្តីរុងរឿងថ្កុំថ្កើងដោយសារផ្លូវពាណិជ្ជកម្មសមុទ្ទក៏ ត្រូវជាប់គាំងលែងដំណើរការ ដ្បិតមានការរីកលូតលាស់កំពង់ផែថ្មីៗជាច្រើននៅខាង ប្រទេសឥណ្ឌូនេស៊ី ហើយកប៉ាល់ក៏បានដូរទិសដៅឈប់ចតនៅអូរកែវ ទៅចតនៅកំពង់ផ ថ្មីៗទាំងនោះវិញ។ ហេតុដូច្នេះ សេដ្ឋកិច្ចរបស់ហ្វូណន ក៏ស្រុតចុះយ៉ាងឆាប់រហ័យ តម្រូវឲ្យ រាជ្យអំណាចនិងប្រជាជន ចាប់ផ្ដើមបែរខ្នងទៅសមុទ្របន្តិចម្តងៗ ដោយងាកសម្លឹងមកដីគោក ខាងជើងប្រទេសវិញ ដើម្បីពង្រឹងវិស័យកសិកម្មឲ្យខ្លាំងក្លា។ នៅសតវត្សទី៧ រាជ្យអំណាចខ្មែរ ក៏ បានផ្លាស់ប្ដូររាជធានីចេញពីអង្គរបុរីកំពង់ផែអូរកែវ ដែលនៅក្បែរសមុទ្រ មករកភាគកណ្ដាល ប្រទេស ដោយតាំងរាជធានីនៅសម្បូណ៌ព្រៃគុក (ខេត្តកំពង់ធំ) ដែលស្ថិតនៅឆ្ងាយពីសមុទ្រ។ លុះមកដល់ ស.វ.ទី៩ រាជធានីរបស់ខ្មែរ ក៏ប្ដូរមកតំបន់អង្គរ (សៀមរាប) ដែលនាំឲ្យខ្មែរនា សម័យកាលនោះ ស្ទើរតែភ្លេចសមុទ្របាត់ទៅហើយ។

ទំនាក់ទំនងរវាងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនឹងរឿងព្រះថោង នាងនាគ

ចំណុចដែលទាក់ទងខ្លាំងនោះ គឺព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានតម្រូវឲ្យ «ខ្មែរងាក ឆ្ងាយពីសមុទ» មករកដីគោកវិញ ឬអាចពោលមួយបែបទៀតថា ខ្មែរងាកមករកផ្ទៃដីកសិកម្មធំទូលំទូលាយសម្រាប់ពង្រឹងវិស័យសេដ្ឋកិច្ចរបស់ប្រទេស បន្ទាប់ពីវិស័យពាណិជ្ជកម្មតាមផ្លូវ សមុទ្រត្រូវដួលរលំ។ ចំណុចនេះ ស្របគ្នានឹងនាងនាគដែលដើមឡើយជាជីវសត្វសមុទ ហើយក្រោយមកបានដាច់ពីសមុទ្រ/ពីភពនាគជាស្ថាពរ។
សេចក្តីសន្និដ្ឋាន

សរុបសេចក្តីមក យើងអាចពោលដោយសង្ខេបខ្លីថា រឿងព្រះថោង នាងនាគ ថ្វីត្បិតតែ មានលក្ខណៈជារឿងព្រេង ក៏ប៉ុន្តែខ្លឹមសាររឿងទាំងមូល ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រខ្មែរត្រង់ ចំណុចដែលខ្មែរបោះបង់ពាណិជ្ជកម្មសមុទ្រចោល ហើយងាកវាតទីមកភាគកណ្តាល និង ភាគខាងជើងប្រទេស គឺដីគោកវិញ។ បើនិយាយតាមកំណត់ហេតុនានារបស់ចិន ហើយបើ ពាក្យតាមចិនវិញគឺនៅត្រង់ការវិវត្តន៍នៃ«ហ្វូណន»មកជា«ចេនឡា»។រឿងព្រះថោង នាងនាគនេះ ក៏មានឥទ្ធិពលមកលើពិធីមង្គលការខ្មែរ តាមរយៈកិច្ច “ព្រះថោងតោងស្បៃនាងនាគ»។ ចុងក្រោយ រឿងនេះផ្តល់ជាជំនឿថាបុព្វការីដំបូងបង្អស់របស់ខ្មែរ ដើមឡើយមានទាក់ទងនឹង នាគ។ ការស្ថាបនាបដិមាព្រះថោងនាងនាគគឺជាផ្នែកមួយដ៏សំខាន់នៃការយល់ដឹងពីទិដ្ឋភាព ប្រវត្តិ និងបណ្តុះស្មារតីស្រឡាញ់វប្បធម៌ អរិយធម៌ខ្មែរ លើកកម្ពស់អត្តសញ្ញាណជាតិ និង បានជាផ្នែកមួយនៃគោលដៅទេសចរណ៍សម្រាប់ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
ប្រភព៖​ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print