ក្រសួងទេសចរណ៍ : ថ្ងៃទីពីរនៃបុណ្យចូលឆ្នាំថ្មី មានភ្ញៀវចេញដើរកម្សាន្តជាង១លាន៥៧ម៉ឺននាក់, សរុប២ថ្ងៃមានជាង២លាន៤៤ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា, ក្នុងថ្ងៃទីពីរនៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរប្រមាណជាង១លាន៥៧ម៉ឺននាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ហើយប្រសិនបើសរុបទាំង២ថ្ងៃ គឺថ្ងៃទី១៤ និងទី១៥ គឺមានចំនួនសរុបជាង២លាន៤៤ម៉ឺននាក់។

លោករដ្ឋមន្ត្រីបានឲ្យដឹងថា ភ្ញៀវទេសចរក្នុងថ្ងៃទីពីរនៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ មានចំនួន១,៥៧៩,២៥១នាក់ ក្នុងនោះភ្ញៀវជាតិ១,៥៦៩,៤៨២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៩,៧៦៩នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តបាត់ដំបង ២៤១,៨១៧នាក់
* ខេត្តព្រៃវែង ១៥៥,៣០៤នាក់
* ខេត្តបន្ទាយមានជ័យ ១៣៧,១៨៣នាក់
* ខេត្តកំពង់ចាម ១២៣,៨៧០នាក់
* ខេត្តពោធិ៍សាត់ ១២០,៧១៤នាក់
* ខេត្តកំពត ១០៨,៤៤២នាក់
* ខេត្តសៀមរាប ១០៧,០១៤នាក់
* ខេត្តកំពង់ស្ពឺ ១០១,៧៥១នាក់។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា, លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា នាថ្ងៃទីពីរនេះ ចរន្តភ្ញៀវទេសចរមានភាពផុសផុល និងកុះករកាន់តែច្រើន បើធៀបនឹងថ្ងៃទី១ម្សិលមិញ បើទោះបីតំបន់ខ្លះមានភ្លៀងធ្លាក់ក៏ដោយ។ ជាក់ស្តែង តួលេខថ្ងៃទី២នេះ មានការកើនឡើងរហូតដល់ប្រមាណ ៨៣% ធៀបនឹងថ្ងៃចូលឆ្នាំទី១។
លោកបន្តទៀតថា សរុបទាំង២ថ្ងៃ ភ្ញៀវទេសចរសរុបមានចំនួន២,៤៤២,១៤៨នាក់។ ចរន្តភ្ញៀវទេសចរនឹងបន្តមានភាពផុសផលនាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំនាថ្ងៃស្អែក និងបន្តរហូតដល់ថ្ងៃអាទិត្យ។

ស្ថានភាពចរាចរណ៍នៅរាជធានីភ្នំពេញនៅបន្តមានភាពទូលាយ ប៉ុន្តែមានភាពកកកុញជួបជុំភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅទីតាំងសង្រ្កាន្តវត្តភ្នំ។ អ្នករាជធានីភ្នំពេញមួយចំនួន បានសម្រុកចេញពីភ្នំពេញតាំងព្រលឹមឆ្ពោះទៅកាន់គោលដៅទេសចរណ៍នានា ហើយខ្លះក៏ត្រលប់ចូលរាជធានីវិញពេលល្ងាច ខណៈដែលខ្លះនៅបន្តដំណើរកម្សាន្តនៅតាមគោលដៅផ្សេងទៀត។

នាថ្ងៃទី២នេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស រួមទាំងទីកន្លែងប្រារព្ធកម្មវិធីសង្រ្កាន្ត និងកម្មវិធីកម្សាន្តសប្បាយនានា។ ដោយឡែក បណ្តាខេត្តដែលពុំមានការរៀបចំសង្ក្រាន្តនៅទីរួមខេត្ត ក៏បានរៀបចំឲ្យមានតំបន់ត្រជាក់ចិត្តនៅក្នុងប្រជុំជនក្នុងទីរួមខេត្ត ដោយមានការដាក់ឡានទឹកដើម្បីបាញ់កម្សាន្តដាក់ប្រជាពលរដ្ឋ ចាក់ភ្លេង និងរាំលេងកម្សាន្ត រួមជាមួយការលេងល្បែងប្រជាប្រិយផងដែរ។

ក្រៅតែពីសកម្មភាពពេលថ្ងៃ គោលដៅមួយចំនួននៅបន្តមានសកម្មភាពពេលរាត្រីដែលទាក់ទាញភ្ញៀវទេសចរជាច្រើន ដូចជាតំបន់ផាប់ស្រ្ទីត (Pub Street) ក្នុងខេត្តសៀមរាប និងតាមបណ្តោយឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុជាដើម រួមជាមួយទីតាំងសង្ក្រាន្តដែលមានកម្មវិធីប្រគុំតន្រ្តី និងការតាំងពិព័រណ៌ជាដើម។

មិនសូវខុសពីថ្ងៃទី១ទេ ក្រៅពីខេត្តទាំង៤ដែលបានដកចេញកាតព្វកិច្ចពាក់ម៉ាស ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើនដែលទៅលេងកម្សាន្តកម្មវិធីសង្រ្កាន្ត តំបន់ត្រជាក់ចិត្ត ជះទឹក និងប៉ាតម្សៅ ឬកម្មវិធីកម្សាន្តតាមភូមិស្រុកនានា មានចំនួនមិនសូវច្រើនទេដែលបានពាក់ម៉ាស់បានខ្ជាប់ខ្ជួន ប៉ុន្តែយ៉ាងណាក៏ដោយ ភ្ញៀវដែលដើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការពាក់ម៉ាស់បានខ្ជាប់ខ្ជូនជាង រួមជាមួយការចូលរួមអនុវត្ត SOP បានល្អប្រសើរជាងភ្ញៀវនៅតាមកន្លែងដែលមានការប្រមូលផ្តុំច្រើន៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print