ខេត្តពោធិ៍សាត់ ៖ យោងដីកាលេខ២៣៨ ឃខ/២២ និងលេខ២៤០ ឃខ/២២ ចុះថ្ងៃសុក្រ ១៤កើត ខែចេត្រ ត្រីស័ក ព.ស ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចឃុំខ្លួនជនត្រូវចោទ២នាក់ ពីបទៈ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ ឬគំរាមកំហែងថាអាវុធ បន្ទាប់សមត្ថកិច្ចនគរបាលឃាត់ខ្លួនជាក់ស្តែង ។
យោងដីកាចៅក្រមឃុំខ្លួនជនត្រូវចោទខាងលើ ទី.១ ឈ្មោះ ដើម រ៉ើន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី.២ ឈ្មោះ សឿ លន ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ដោយឡែក ៖ មន្រ្តីនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ឈ្មោះ ដើម រ៉ើន ត្រូវបានតុលាកាឃុំខ្លួន បានវាយឈ្មោះ យឿន ពីទិ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ នៅចំណុចផ្ទះឈ្មោះ ម៉េង សែន ស្ថិតនៅភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ បណ្ដាលឲ្យរបួសធ្ងន់ មូលហេតុៈ គំនំ ។ ចំណែកឈ្មោះ សឿ កន បានវាយឈ្មោះ មួន ហន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិថ្មគោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ បណ្ដាលឲ្យរបួសធ្ងន់ មូលហេតុៈ ទំនាស់ក្នុងវង់ផឹក ៕
ដោយ ប៉ឹម ពិន