ភ្នំពេញ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង សម្រាប់ការជួសជុល ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារ) រវាង ក្រសួងសាធារណការ និងដឹកជញ្ជូន និងសាជីវកម្ម Central Consultant Inc, ដែលតំណាងដោយលោក Teruo Nakagawa ប្រធានទីប្រឹក្សា។
លោកទេសរដ្ឋមន្រ្តី បានសម្តែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និងអបអរសាទរចំពោះក្រុមហ៊ុន ដែលត្រូវបានជ្រើសរើស ជាក្រុមហ៊ុន ទីប្រឹក្សាជំនាញ សម្រាប់គម្រោងនេះ ដោយអង្គការ JICA។
ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារ) ត្រូវបានកសាងឡើង ពីឆ្នាំ១៩៦០ រហូតដល់ឆ្នាំ ១៩៦៣ ដែល មានប្រវែង ១.០៨០ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ស្ពាននេះត្រូវបានបំផ្លាញនៅក្នុង ឆ្នាំ១៩៧២ និងត្រូវបានជួសជុលឡើងវិញនៅឆ្នាំ១៩៩៤។ នៅឆ្នាំ២០១៤ អ្នកជំនាញអង្គការ JICA បានរកឃើញថា៖ ស្ពាននេះត្រូវបានខូចខាតផ្នែកខ្លះ ដែលចាំបាច់ត្រូវជួសជុលឡើងវិញ។ ដោយសារស្ពាននេះ ដើរតួនាទីជាសរសៃឈានដ៏មានសំខាន់ សម្រាប់ការដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានព្រមព្រៀងគ្នាដើម្បីជួសជុលស្ពាននេះឡើងវិញក្រោមគម្រោងជំនួយឥតសំណងរបស់ជប៉ុន។
គម្រោងដែលត្រូវ ចំណាយជាទឹកប្រាក់ ៣០លានដុល្លារសហរដ្ឋអាមេរិកនេះ ត្រូវបានអនុវត្តដោយអង្គការJICA ដែលនឹងត្រូវបញ្ចប់ក្នុងរយៈពេល ២២ខែ៕
ដោយ៖ សីលា