ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃចន្ទទី០៤ ខែកក្កដា ឆ្នាំ២០២២នេះថា៖ លោក ធូ សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចពិភាក្សអំពីការរៀបចំ “ គំនូសប្លង់លម្អិត គេហទំព័រគ្រប់គ្រងព័ត៌មាន និងទិន្នន័យ ” របស់មុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) ដោយមានចូលរួមពីក្រុមការងារបច្ចេកទេសត្រួតពិនិត្យគុណភាពផ្លូវថ្នល់ នៃអគ្គនាយកដ្ឋានបច្ចេកទេស និងក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា នៃនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ កាលពីថ្ងៃទី០១ ខែកក្កដាថ្មីៗនេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរមតិយោបល់ ក៏ដូចផ្តល់ធាតុចូលសំខាន់ៗបន្ថែមដល់ការអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) មុននឹងដាក់ដំណើរការឱ្យប្រើប្រាស់ជាផ្លូវការ។ ការរៀបចំអភិវឌ្ឍមុខងារថ្មីនេះ ដើម្បីពង្រឹងគុណភាពផ្លូវតាមស្តង់ដារបច្ចេកទេស និងធានាដល់ការគ្រប់គ្រងការអនុវត្តការងារត្រួតពិនិត្យគុណភាពបច្ចេកទេសជួសជុល ថែទាំ និងសាងសង់ផ្លូវ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងផ្ដល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំក្រសួងក្នុងការតាមដានការងារគុណភាពផ្លូវតាមរយៈការងារត្រួតពិនិត្យគុណភាព។
គួរបញ្ជាក់ផងដែរថា មកត្រឹមពេលនេះ ការរៀបចំគំនូសប្លង់លម្អិត គេហទំព័រគ្រប់គ្រងព័ត៌មាន និងទិន្នន័យ” នៃគម្រោងអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) សម្រេចបាន ៧០%ភាគរយហើយ។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស បានកោតសសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងក្រុមការងាររបស់អគ្គនាយកដ្ឋានបច្ចេកទេស ក្នុងការរៀបចំមុខងារប្រើប្រាស់សម្រាប់ត្រួតពិនិត្យគុណភាពផ្លូវប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖សហការី