ខេត្តរតនគិរី៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃសហការជាមួយកម្លាំងអាវុធហត្ថផ្ទៃប្រទេស កម្លាំងរដ្ឋបាលព្រៃឈើផ្នែកលំផាត់ និងទីស្នាក់ការផ្សារបានលុងនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ បានចុះត្រួតពិនិត្យឆែកឆេររកសាច់សត្វព្រៃដែលដាក់តាំងលក់នៅក្នុងផ្សារ។
ក្នុងការចុះត្រួតពិនិត្យឆែកឆេររុករកសាច់សត្វព្រៃនៅផ្សារបានលុងនេះដែរសមត្ថកិច្ចចម្រុះបានដកហូតរួមមានសាច់ជ្រូកព្រៃស្រស់ទម្ងន់២៥គីឡូក្រាមសាច់ឈ្លូសស្រស់ទម្ងន់៣១គីឡូក្រាមសាច់ត្រកួតស្រស់ទម្ងន់៣,៨គីឡូក្រាមនិងសត្វអាញីក្រៀម១ក្បាលប៉ុន្តែការចុះត្រួតពិនិត្យឆែកឆេរខាងលើនេះពុំបានរកម្ចាស់ដើម្បីយកមកធ្វើការផាកពិន័យនិងធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរនោះទេព្រោះក្រុមអ្នកលក់ដូរទាំងនោះហាក់បីដូចជាដឹងព័ត៌មានមុនពេលដែលក្រុមសមត្ថកិច្ចចម្រុះចុះទៅដល់ផ្សារបានលុង។
សមត្ថកិច្ចចម្រុះដែលចុះឆែកឆេររកសាច់សត្វព្រៃនៅផ្សារបានលុងប្រាប់ឲ្យដឹងថា កន្លងមកក្រុមការងារធ្លាប់ចុះរឹបអូសសាច់សត្វព្រៃនិងធ្វើកិច្ចសន្យាជាមួយអាជីវករលក់ដូរសត្វព្រៃឲ្យបញ្ឈប់ការលក់ដូរជាច្រើនដងរួចមកហើយប៉ុន្តែក្រុមអាជីវករលក់ដូរទាំងនោះហាក់បីដូចមិនរៀងចាល (មិនខ្លាចច្បាប់)ពោលគឺនៅតែបន្តធ្វើអាជីវកម្មដដែល។
បន្ទាប់ពីធ្វើការត្រួតពិនិត្យឆែកឆេររួចវត្ថុតាងសាច់សត្វព្រៃនិងអាញីក្រៀមមួយក្បាលត្រូវបានក្រុមការងារយកទៅជីករណ្តៅកប់នៅស្នាក់ការដ្ឋបាលព្រៃឈើលំផាត់។
គួរបញ្ជាក់ផងដែរថាតាមភោជនីដ្ឋានធំៗដូចជា ហាងបាតជ្រោះពន្លឺពេជ្រ ហាងសុវណ្ណគិរី ហាងម្លិះ៧៧។ល។ មានលក់ម្ហូបសត្វព្រៃគ្រប់ប្រភេទតាមតែភ្ញៀវកម្ម៉ង់។
ដោយហាងខាងលើនេះត្រូវបានគេដឹងថាបានបង់លុយជូនរដ្ឋបាលព្រៃឈើនិងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចផងដែរ៕
ដោយ៖ វុទ្ធឦសាន្ត