ក្រោយពេលដែលមិនមានបុគ្គលណាមួយប្រកួតប្រជែងដណ្តើមតំណែងបេក្ខភាព ប្រធានាធិបតីទៀតនោះ លោកត្រាំនៅតែប្រឈមមុខលើបញ្ហាផ្ទៃក្នុងគណបក្ស សាធារណរដ្ឋ ដោយសារតែមន្រ្តីជាន់ខ្ពស់ របស់បក្សសាធារណរដ្ឋរអែងមិនគាំទ្រ បេក្ខភាពរបស់មហាសេដ្ឋីដូណាល់ ត្រាំ ។
ការដកខ្លួនបោះបង់ចោលសមរភូមិជាបន្តបន្ទាប់របស់បេក្ខជនក្នុងជួរគណបក្ស សាធារណរដ្ឋបានធ្វើឲ្យមហាសេដ្ឋីអចល ទ្រព្យដូណាល់ ត្រាំ ក្លាយជាបេក្ខជនតំណាង ក្រុមសាធារណរដ្ឋសម្រាប់ប្រកួតប្រជែង នឹងគណបក្សប្រជាធិបតេយ្យនៅក្នុងការ បោះឆ្នោតប្រធានាធិបតីអាមេរិកនាខែ វិច្ឆិកា។ ទោះក្លាយជាបេក្ខជនបក្សសាធា រណរដ្ឋជាស្ថាពរលោកដូណាល់ ត្រាំ នៅតែមិនទាន់អាចរកសំឡេងគាំទ្រពីមន្រ្តីជាន់ខ្ពស់របស់បក្ស។
ការប្រកួតប្រជែងជ្រើសរើសអ្នកតំណាង បក្សសម្រាប់ចូលរួមក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិកនៅមិនទាន់ចប់ ប៉ុន្តែ លោកដូណាល់ ត្រាំ ដែលបានផ្តួលគូប្រកួត ប្រជែងអស់១៥នាក់ បានក្លាយជាបេក្ខជនពេញមុខរបស់បក្សសាធារណរដ្ឋនៅថ្ងៃ ពុធ បន្ទាប់ពីសមាជិកព្រឹទ្ធសភារដ្ឋតិចសាសលោកថេត គ្រូស ដែលជាគូប្រជែងប្រកៀក ប្រកិតបានប្រកាសលះបង់ចោលសមរភូមិ ក្រោយចាញ់ឆ្នោតនៅរដ្ឋអាំងឌីយ៉ាណា កាលពីថ្ងៃអង្គារ។ នៅថ្ងៃដដែលអភិបាល រដ្ឋអូហៃយ៉ូ លោកចន កាស៊ីក ក៏បានប្រកាស ដកខ្លួនទៀត ដោយសារតែគ្មានសង្ឃឹម ប្រមូលសំឡេងគាំទ្រដូចលោកដូណាល់ ត្រាំ។
មហាសេដ្ឋីរបស់ក្រុមហ៊ុនអចលនទ្រព្យនៅទីក្រុងញូវយ៉ក និងជាអតីតតារាទូរទស្សន៍ អាមេរិកបានប្រមូលសំឡេងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសមាជិកថ្នាក់មូលដ្ឋានរបស់ បក្សសាធារណរដ្ឋ។ ប៉ុន្តែផ្ទុយទៅវិញលោក ដូណាល់ ត្រាំ នៅតែមិនទាន់អាចបញ្ចុះ បញ្ចូលមន្រ្តីបក្សជាន់ខ្ពស់ឲ្យគាំទ្របេក្ខភាព របស់លោក។
នៅថ្ងៃព្រហស្បតិ៍លោកប៉ូល រ៉ាយអិុន ប្រធានសភាអ្នកតំណាងរាស្រ្តមកពីគណ បក្សសាធារណរដ្ឋបានប្រកាសថា លោក នៅមិនទាន់បានត្រៀមខ្លួនដើម្បីគាំទ្របេក្ខភាពរបស់លោកដូណាល់ ត្រាំ សម្រាប់ តំណាងបក្សសាធារណរដ្ឋនៅក្នុងការបោះ ឆ្នោតប្រធានាធិបតីនោះទេ។ នៅក្នុងបទ សម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CNN លោកប៉ូល រ៉ាយអុិន បាននិយាយថា លោក សង្ឃឹមនឹងដូរចិត្តប្តូរជំហរមកគាំទ្រលោក ដូណាល់ ត្រាំ នៅពេលខាងមុខ ប៉ុន្តែក្នុង ស្ថានភាពសព្វថ្ងៃនេះលោកមិនទាន់ត្រៀមចិត្តនៅឡើយ។
តាមលោកប៉ូល រ៉ាយអិុន ហេតុផល ដែលធ្វើឲ្យលោកមិនទាន់អាចគាំទ្រលោកដូណាល់ ត្រាំ នៅពេលនេះបានដោយ សារតែលោកដូណាល់ ត្រាំ មិនទាន់អាចប្រមូលផ្តុំបង្រួបបង្រួមសំឡេងគាំទ្រតែ មួយក្នុងបក្សសាធារណរដ្ឋ។ ដរាបណា យើងមិនអាចបង្រួបបង្រួម និងផ្សះផ្សារការ បែកបាក់នៅក្នុងបក្ស នោះយើងពិតជាមិនអាចឈ្នះឆ្នោតបានទេ។ នេះជាប្រសាសន៍ របស់លោកប៉ូល រ៉ាយអិុន។ កាលពីខែធ្នូ ឆ្នាំ២០១៥ លោកប៉ូល រ៉ាយអុិន ធ្លាប់បាន រិះគន់ខ្លាំងៗ លោកដូណាល់ ត្រាំ ដែលបាន ស្នើឲ្យបិទហាមមិនឲ្យអ្នកកាន់សាសនា អ៊ិស្លាមចូលទឹកដីអាមេរិក។
ក្រៅតែពីលោកប៉ូល រ៉ាយអុិន នៅមានមន្រ្តីជាន់ខ្ពស់របស់បក្សសាធារណរដ្ឋផ្សេង ទៀតដែលបដិសេធមិនគាំទ្របេក្ខភាព របស់លោកដូណាល់ ត្រាំ។ ឪពុក កូន George W Bush George H W Bush អតីត ប្រធានាធិបតីអាមេរិកដែលធ្លាប់គាំទ្របេក្ខភាពរបស់លោក Jeb Bush ក៏បដិសេធ មិនគាំទ្រលោកដូណាល់ ត្រាំ ដែរ។ កន្លងមកអតីតប្រធានាធិបតីឪពុកកូន តែងតែចេញមុខគាំទ្រជួយរកសំឡេង ឆ្នោតឲ្យបេក្ខជនដូចជា លោកចន ម៉ាក់ ខេន ឬលោកមីត រូមនី ជាដើម ដែលត្រូវ តំណាងបក្សសម្រាប់ប្រកួតប្រជែងនឹងបក្ស ប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោត ប្រធានាធិបតីកន្លងមក។ ប្រតិកម្មទៅនឹង ចរិតមាត់រប៉ិលរប៉ូចរបស់បេក្ខជនដូណាល់ ត្រាំ លោក George W Bush ធ្លាប់បាននិយាយ ថា មនុស្សដែលខ្លាំងមិនមែនមនុស្សដែល ពូកែនិយាយខ្លាំងៗជាងគេនោះទេ។
គ្រួសារត្រកូល Bush មិនគាំទ្របេក្ខ ភាពរបស់មហាសេដ្ឋីដូណាល់ ត្រាំ និង បានបដិសេធមិនទៅចូលរួមនៅក្នុងសន្និបាតរបស់បក្សនៅខែកក្កដាខាងមុខជាទីដែលលោកត្រាំនឹងត្រូវជ្រើសតាំងជាបេក្ខជនផ្លូវការសម្រាប់តំណាងបក្សសាធារណរដ្ឋ។ នៅខែកុម្ភៈកន្លងមកលោកត្រាំ ក៏ធ្លាប់បានរិះគន់នយោបាយរបស់លោកអតីត ប្រធានាធិបតី George W Bush ដែលបើ តាមលោកបានធ្វើកំហុសជាប្រវត្តិសាស្រ្ត ដោយបានកុហកយកលេសចោទសាដាម ហូស៊េន ថា មានអាវុធគីមីដើម្បីធ្វើសង្រ្គាមនៅអុីរ៉ាក់៕
ប្រែសម្រួល៖ ម៉ែវ សាធី