ប្រទេសថៃ៖ បើយោងតាមការដកស្រង់ចេញពីកាសែតក្នុងស្រុកថៃប្រាប់ឱ្យដឹងថាៈ យ៉ាងហោចណាស់មានឈើគ្រញូងដែលគេប៉ាន់ប្រម៉ាណមានតម្លៃរាប់ម៉ឺនដុល្លារដែលគេសង្ស័យជារបស់ឈ្មួញខ្មែរត្រូវបានទាហានថៃបង្រ្កាបកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចតំបន់អភិរក្សមួយកន្លែងក្នុងខេត្តស្រះកែវ ប្រទេសថៃ ខណៈមានមនុស្សជាច្រើននាក់ ដែលគេសង្ស័យជាកម្មករខ្មែរកំពុងលីសែងឈើគ្រញូងចុះពីលើភ្នំ។
សេចក្តីរាយការណ៍ឱ្យដឹងថា ទាហានថៃបង្រ្កាបឈើគ្រញូងក្នុងខេត្តស្រះកែវនោះដែរ មិនបានចាប់ឃាត់ខ្លួនកម្មករណាម្នាក់បានឡើយនៅពេលកម្លាំងទាហានថៃចុះទៅដល់ ហើយក្រុមកម្មករទាំងនោះឃើញក៏បានទម្លាក់ឈើចុះ នាំគ្នារត់គេចខ្លួនបាត់។
ឈើគ្រញូងដែលរងការបង្រ្កាបសរុបមានចំនួន១១១ដុំ នៅលើឈើគ្រញូងមានសរសេរលេខទូរស័ព្ទខ្មែរនិងឈ្មោះឈ្មួញនោះផងដែរ មិនតែប៉ុណ្ណោះទាហានថៃក៏បានដកហូតម៉ាស៊ីនកាត់ឈើចំនួន៥គ្រឿង និងបន្ទះផ្លែរណា៦សន្លឹកទៀតផង។
សូមរំលឹកថាកាលពីកន្លងទៅថ្មីៗនេះមានពលករខ្មែរចូលទៅកាប់ឈើគ្រញូងក្នុងខេត្ត ប្រាជីនបុរី ប្រទេសថៃចំនួន២៩នាក់រងការបង្រ្កាបពីទាហានថៃដោយប្រើកាំភ្លើងបាញ់រះក៏ប៉ុន្តែគ្មានកម្មករខ្មែរណាម្នាក់បានរងរបួសរឺស្លាប់ឡើយ។កម្មករទាំងនោះត្រូវបានតុលាការប្រទេសថៃចាប់យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់នោះហើយ។
ការចូលទៅកាប់ឈើគ្រញូងរបស់កម្មករខ្មែរនៅក្នុងប្រទេសថៃកន្លងមកត្រូវគេរាយការណ៍ឱ្យដឹងថា មានពលករខ្មែរខ្លះរងការបាត់ខ្លួន និងបាញ់សម្លាប់ ពីសំណាក់ទាហានថៃ ជាបន្តបន្ទាប់សកម្មភាពនោះត្រូវគេមើលឃើញថានៅតែជាបញ្ហាប្រឈមរបស់កម្មករខ្មែរ ដែលនៅតែបន្តទៅចូលកាប់ឈើគ្រញូងក្នុងដីថៃ ដែលមានការជួលចូលទៅកាប់ឈើគ្រញូងពីសំណាក់ក្រុមឈ្មួញខ្មែរនិងថៃ៕
ដោយ៖ សំ វិច្ឆិកា