លោក វេង សាខុន ទទួលជួបសវនាការជាមួយ លោក Lan Van Nguyen សេដ្ឋវិទូជាន់ខ្ពស់ និងជាប្រធានក្រុម ដឹកនាំកម្មវិធីទ្រទ្រង់អភិវឌ្ឍន៍ពាណិជ្ជកម្ម

ចែករំលែក៖

ភ្នំពេញៈ​ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសវនាការជាមួយ លោក Lan Van Nguyen សេដ្ឋវិទូជាន់ខ្ពស់ និងជាប្រធានក្រុម ដឹកនាំកម្មវិធីទ្រទ្រង់អភិវឌ្ឍន៍ពាណិជ្ជកម្ម (Trade Development Support Program – TDSP) នៃធនាគារពិភពលោក (Word Bank) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាចំពោះការគាំទ្ររបស់ធនាគារពិភពលោកនារយៈពេលកន្លងមក ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក Van Nguyen បានអបអរសាទរចំពោះលោករដ្ឋមន្រ្តីដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងលោករដ្ឋមន្រ្តីជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយបានប្រសិទ្ធិពរជ័យជូន លោករដ្ឋមន្រ្តី សូមឲ្យបានទទួលជោគជ័យគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន។ លោក Van Nguyen ក៏បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការល្អរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលកន្លងមក ហើយបានជម្រាបជូនអំពីគោលបំណងនៃកិច្ចសវនាការជាមួយលោករដ្ឋមន្ត្រី ក្នុងការពិនិត្យ និងវាយតម្លៃចំពោះការអនុវត្តកម្មវិធីទ្រទ្រង់អភិវឌ្ឍន៍ពាណិជ្ជកម្ម (Trade Development Support Program – TDSP)។ កម្មវិធីនេះ មានគោលបំណងចូលរួមចំណែកក្នុងការជួយបង្កើនប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់បង្កើត និងអនុវត្តគោលនយោបាយពាណិជ្ជកម្មឲ្យមានប្រសិទ្ធភាពខ្ពស់ មានទឹកប្រាក់សរុបចំនួន ១៦.២៥០.០០០ ដុល្លារអាមេរិក សម្រាប់អនុវត្តរយៈពេល ៨ឆ្នាំ (ខែមករា ឆ្នាំ២០០៩ ដល់ខែសីហា ឆ្នាំ២០១៦) ដោយក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធីនេះ ផ្តោតជាសំខាន់លើការកសាងគោលនយោបាយពាណិជ្ជកម្ម ការចរចារ និងការជម្រុញការនាំចេញ ខ្សែចង្វាក់តម្លៃផលិតកម្ម ការជម្រុញការនាំចេញផលិតកម្មដំណាំស្រូវ ការបង្កើតមន្ទីរពិសោធន៍ជលផល និងកសាងប្រព័ន្ធច្បាប់ស្តីអំពី អនាម័យ និងភូតគាមអនាម័យ សម្រាប់ជួយជម្រុញក្នុងការត្រួតពិនិត្យផលិតផលកសិកម្មមុនពេលនាំចេញ។ ជាលទ្ធផល លោកបានបញ្ជាក់ថា សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទោះបីជាមានបញ្ហាតិចតួចមិនទាន់បានដោះស្រាយដូចជា ការរងចាំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការពិនិត្យ និងសម្រេចលើច្បាប់ស្តីពីអនាម័យ និងភូតគាមអនាម័យ និងការឯកភាពគ្នាក្នុងការជួលជុលពង្រីកមន្ទីរពិសោធន៍ជលផលក៏ដោយ តែលោកបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងមានការសហការបានល្អក្នុងការអនុវត្តកម្មវិធីនេះនារយៈពេលកន្លងមកនេះ។ ទន្ទឹមនឹងនេះ លោកបានស្នើសុំ លោករដ្ឋមន្ត្រី មេត្តាជួយបន្តនិងគាំទ្រកិច្ចសហប្រតិបត្តិការដ៏ល្អនេះតទៅទៀត ដើម្បីអនុវត្តកម្មវិធីឲ្យបញ្ចប់ទៅប្រកបដោយភាពជោគជ័យ។
លោករដ្ឋមន្រ្តី ទទួលយកសំណើនេះ ហើយនឹងជំរុញឲ្យអង្គភាពជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការងារជាមួយមន្រ្តីធនាគារពិភពលលើការងារដែលនៅសេសសល់ដើម្បីបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ លោករដ្ឋមន្រ្តី តាមរយៈលោក Van Nguyen បានស្នើឲ្យធនាគារពិភពលោកបន្តជួយគាំទ្រផ្តល់គម្រោងពាក់ព័ន្ធការអភិវិឌ្ឍវិស័យកសិកម្ម ជលផល ផលិតកម្ម និងបសុព្យាបាលឲ្យបានច្រើនបន្ថែម ទៀតដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចសវនាការបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងផ្តល់នូវកិច្ចសហប្រតិបត្តិការខ្ពស់៕​

image image image image image

ដោយ​ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print