ភ្នំពេញ៖ ក្រុមក្មេងស្ទាវ២ក្រុមមានគ្នាប្រមាណ៥ទៅ៦ម៉ូតូ ប្រដាប់ដោយខ្យែក្រវ៉ាត់និងដុំថ្មជិះម៉ូតូដេញវាយនិងគប់គ្នាតាមដងផ្លូវសារធារណះបណ្ដាលអោយប៉ះត្រូវបុរសអ្នករត់រឺម៉កម៉ូតូកង់បីម្នាក់ដែលកំពុងឈរនិយាយគ្នាលេងនៅខាងមុខមន្ទីរពេទ្យរុស្សី បណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវសមត្ថកិច្ចប៉ុស្ដិ៍ទំនប់ទឹកឃាត់ខ្លួនបានពីរនាក់ ចំណែកបក្ខពួកផ្សេងទៀតគេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចខាងមុខមន្ទីរពេទ្យរុស្សីនិងដេញឃាត់ខ្លួនជនបង្កបាននៅចំណុចផ្លូវលេខ១៦៧កែងនិងផ្លូវ៤៣២ ស្ថិតក្នុងសង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះទី១ ផន ផាន់ណា ភេទប្រុសអាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២ឈ្មោះ រស់ សម្បត្តិ មុខរបរជាជាងចាក់សាក់ ស្នាក់នៅក្នុងសង្កាត់ បឹងត្របែក។ ដោយជិះម៉ូតូម៉ាក ស៊ុយស៊ូគីវ៉ា ពណ៍ក្រហម ពាក់ស្លាកលេខ ប.មានជ័យ 1H 8514 ដោយមានកាន់ខ្សែក្រវ៉ាត់ពីរនិងថ្មសំរាប់ធ្វើសកម្មភាព។ ចំណែកជនរងគ្រោះមានឈ្មោះ មាស មាន អាយុ៣០ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរជាអ្នករត់រឺម៉កកង់បី។
បើតាមការរៀបរាប់ពីអ្នកដែលបានឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគឺគេឃើញក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៥ទៅ៦ម៉ូតូជិះដេញវាយគ្នាតាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីត្បូងទៅជើងដោយមានកាន់ទាំងខ្សែក្រវ៉ាត់និងដុំថ្ម ហើយពេលមកដល់ខាងមុខមន្ទីរពេទ្យរុស្សីក្រុមក្មេងស្ទាវមួយក្រុមបានគប់ដុំថ្មទៅលើក្មេងស្ទាវមួយក្រុមទៀតតែមិនត្រូវហើយដុំថ្មបានខ្ទាតទៅប៉ះបុរសជាអ្នករត់រឺម៉កកង់បីដែលកំពុងឈរនិយាយគ្នាលេងបណ្ដាលអោយរងរបួសធ្ងន់។
ប្រភពបានបន្តថាក្រោយពីគប់រួចក្រុមក្មេងស្ទាវទាំងនោះបានជិះម៉ូតូព្យាយាមរត់គេចរហូតមកដល់ផ្លូវលេខ១៦៧កែងនិងផ្លូវលេខ៤៣២ទើបសមត្ថកិច្ចតាមឃាត់បានពីរនាក់ចំណែកបក្ខពួកផ្សេងទៀតរត់គេចខ្លួនបាត់អស់។
បើតាមការរៀបរាប់ពីជនបង្កទាំងពីរនាក់បានអោយដឹងថាពួកគេទើបតែចេញពីក្លឹបហើយត្រូវភាគីមួយក្រុមទៀតដេញវាយពួកគេទេ។
ក្រោយមកសមត្ថកិច្ចបាននាំជនបង្កទាំងពីរនាក់យកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ចំណែកជនរងគ្រោះត្រូវបានមិត្តភ័ក្រ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យរួចទើបដាក់ពាក្យបណ្ដឹងនៅពេលក្រោយ៕
ដោយ៖ ជីម ភារ៉ា ដង្កោ