ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់យកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាបន្ទាប់ពីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់គេយកទៅលក់។
ករណីឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៦និង១០នាទីរសៀលថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ សម្បត្តិ រាសី ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ហើយបច្ចុប្បន្នស្នាក់នៅ ឃុំព្រែកសួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ចំណែកជនរងគ្រោះមានឈ្មោះ សុខ ទាន់ ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្សារដេប៉ូ៣ ខណ្ឌទួលគោក។
តាមប្រភពពីបុរសដើមបណ្តឹងបានអោយដឹងថា កាលពីព្រឹកថ្ងៃទី១៦ជនសង្ស័យបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងដែលគេតចូលមកផ្ទះរបស់គាត់ម្តងរួចមកហើយលុះដល់ម៉ោងកើតហេតុខាងលើស្រាប់តែឃើញជនសង្ស័យមកកាត់ខ្សែភ្លើងទៀតក៍ឃាត់ខ្លួនប្រគល់អោយនគរបាលប៉ុស្តិ៍ទឹកថ្លាធ្វើការសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពង់សាកសួរនៅប៉ុស្តិ៍នគរបាលទឹកថ្លានិងកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្ត៕
តុង សីហា