ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រលប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា បានបង្ហោះរូបចៅស្រីទី២១ និងចៅស្រីទី២២ កំពុងលេងជាមួយគ្នា សំដៅថា, ជីតានឹកចៅៗទាំងអស់ណាស់ ទោះមានភារកិច្ចមមាញឹក អញ្ជើញដឹកនាំប្រតិភូប្រជុំអង្គការសហប្រជាតិក៏ដោយ ! មិនខុសពី ពាក្យបុរាណខ្មែរចែងថា “ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង” មែន។
នៅលើផេកហ្វេសប៊ុកផ្លូវការ សម្តេចតេជោ បានបង្ហោះ ហើយផ្ញើសារយ៉ាងខ្លីថា, “នាងទី២១និងនាងទី២២ចេះលេងជាមួយគ្នាហើយ” ។
សូមបញ្ជាក់ផងដែរថា, ពាក្យ : «តៅ» ជាឈ្មោះរង្វាល់របស់ខ្មែរ មានរូបរាងដូចគ្នានឹងល្អី ធ្វើអំពីចម្រៀកឫស្សី មានទំហំខុសពីល្អី សម្រាប់វាល់ធញ្ញជាតិនានា ដូចជា ស្រូវ អង្ករ សណ្ដែក ពោត ។ល។
-ពាក្យ: «ថាំង» គឺជាទំហំរង្វាល់មួយដែលមានចំណុះស្មើនឹង២តៅ ។
ខ្មែរ កាលណាវាល់ត្រូវគេយកពាក្យ «តៅ» ឬ «ថាំង» នេះមកប្រើ ។ បើចំនួនតិចជាងមួយថាំង គេប្រើពាក្យ «តៅ» ដូចជាគេនិយាយថា ស្រូវ១តៅ ១តៅកន្លះ ។ កាលណាចំនួនហួសពី២តៅ គេប្រើពាក្យ «ថាំង» វិញ ។ មួយថាំងមានពីរតៅ ។
សុភាសិតខាងលើនេះ ពោលសំដៅទៅលើរឿងស្រលាញ់ដែលជីដូនជីតាភាគច្រើនមានទៅលើចៅរបស់ខ្លួន ។ ទៅលើកូនផ្ទាល់ ការស្រលាញ់របស់មាតាបិតាមានទំហំត្រឹមតែ «មួយតៅ» ។ លុះដល់បានចៅ មាតាបិតាតែងមានចិត្តស្រលាញ់ចៅដល់ទៅ «មួយថាំង» មានន័យថា ទំហំនៃការស្រលាញ់កើនដល់ទៅ២ដង ៕
ដោយ : សុខ ខេមរា