ខេត្តត្បូងឃ្មុំ៖ សកម្មភាពដឹកជញ្ជូនឈើប្រណិតចាប់ផ្តើមកក្រើកឡើងវិញជាបណ្តើរៗ ខណៈជំនាញរដ្ឋបាលព្រៃឈើ សមត្ថកិច្ចពាក់ព័ន្ធ ឆ្លៀតឱកាសដើម្បីទាញយកផលប្រយោជន៍ ។ យ៉ាងតិចក្នុងមួយយប់ មានឈើប្រណិតប្រភេទយីឌុបត្រូវបានដឹកចេញទៅវៀតណាម តាមច្រករបៀងតាដោក ឬច្រកលេខ៧៨ ស្ថិតនៅក្នុងការគ្រប់គ្រងរបស់ច្រកទន្លេចាម ក្នុងនោះ លោក នឹម ផល្លី ប្រធានស្នាក់ការគយ និងរដ្ឋាករទន្លេចាម គឺជាអ្នកអនុញ្ញាត ដែលគេហៅថា ឆ្លៀតឱកាសលោតឆត្រ និងកើតឡើងដោយការឃុបឃិតគ្នា ជាមួយនឹងលោក នី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ដោយពួកគាត់រំពឹងថា ការបង្ក្រាបបទល្មើសព្រៃឈើ អាចស្ងាត់ស្ងៀម ។
គួររំលឹកថា ច្រកទន្លេចាម កន្លងទៅគឺជាច្រកឆ្លងកាត់បទល្មើសព្រៃឈើដ៏ខ្លាំងក្លា ក្នុងនោះមានឧកញ៉ាជាច្រើននាក់ ដែលបច្ចុប្បន្នជាផ្ទាំងស៊ីបជាតុលាការ បានចេញជាហូរហែ និងមានការពាក់ព័ន្ធផងដែរជាមួយមេច្រកខាងលើនេះ ប៉ុន្តែ រយៈពេលជិត១សប្តាហ៍នេះ ការចេញឈើគ្រញូង ឈើធ្នង់ បានលួចដំណើរការយ៉ាងតិចក្នុងមួយយប់មាន១ឡានយីឌុបទៅ៣ឡានយីឌុប ដោយគេរាយការណ៍មកថា មានឈ្មោះ សាយ ម៉េងឡាយ គឺជាអ្នកនាំឈើចេញតាមច្រកតាដោក យ៉ាងគឃ្លើននឹងច្បាប់ ។
រយៈពេលប៉ុន្មានថ្ងៃនេះផងដែរ គេបានឃើញសមត្ថកិច្ចដ៏ពពាក់ពពូនគ្នា ក្នុងនោះមាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានពង្រាយកម្លាំង ចុះស្រាវជ្រាវស៊ើបអង្កេត ធ្វើស្ថិតិពីបទល្មើស ប៉ុន្តែគេទម្លាយថា ក្រុមសមត្ថកិច្ចទាំងនោះ ប្រើមធ្យោបាយដើម្បីទាញយកផលពីបទល្មើសនោះតែប៉ុណ្ណោះ ។
ពាក់ព័ន្ធទៅនឹងបទល្មើសខាងលើនេះ នគរដ្រេហ្គន មិនអាចទាក់ទងបានទេពីលោល នឹម ផល្លី មេគយច្រកទន្លេចាម ខណៈកំពុងងប់ងល់ នឹងលាភសក្ការបែបនេះ ដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែក លោក នូ ស៊ីថា ប្រធានសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ នគរដ្រេហ្គនក៏មិនអាចសុំការបំភ្លឺបានដែរ ដោយទូរស័ព្ទចូលគ្មានអ្នកលើក ។ គេបានរាយការណ៍មកថា ជារៀងរាល់យប់ មានឈើប្រណិត និងឈើជន្លង់ម្រេច ដ៏អនាធិបតេយ្យ លួចចេញតាមច្រកនេះ ច្រកនោះ ប៉ុន្តែគោលដៅឈើប្រណិតៗ គេបានបង្វែរឲ្យឆ្លងកាត់តាមច្រកតាដោក ហើយឲ្យលោកនឹម ផល្លី គឺជាអ្នកចាត់ចែង គ្រប់គ្រងសេដ្ឋកិច្ចរួម ដើម្បីបែងចែក ហែកប្រយោជន៍ទាំងនោះទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីលាក់លៀម ប៉ុន្តែពួកគេពុំទាន់ដឹងថា សកម្មភាពទាំងនេះ ជាបទល្មើសធ្ងន់នោះឡើយ ជាពិសេស លោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ត្រូវបានគេទទួលស្គាល់ថា មានជំនាញក្នុងការប្រមូលលុយពីបទល្មើសឈើ មិនខ្លាចរអារ ពីវិធានការច្បាប់ ការរឹតបន្តឹងពីថ្នាក់លើ ដោយបុគ្គលរូបនេះ យល់ឃើញថា ខ្លួនមានលុយ គឺអាចដោះស្រាយបានអ្វីគ្រប់យ៉ាង ៕
នេះជារូបភាពដឹកឈើឆ្លងទៅវៀតណាមកន្លងមក
សុខ ខេមរា