ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនពរដល់ជនរួមជាតិក្នុងថ្ងៃព្រះរាជ ហើយសម្តេចបានមានប្រសាសន៍បញ្ជាក់ផងដែរថាៈ ពិធីបុណ្យច្រត់ព្រះនង្គ័លព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានខ្មែរយើងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ។ គឺជាព្រះរាជពិធីដ៏សំខាន់បំផុតមួយ បន្ទាប់ពីព្រះរាជាអភិសេក ជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំនេះនឹងរៀបឡើងនៅទីលានជល់ដំរី ក្រុងអង្គរ ខេត្ត សៀមរាប។
ព្រះរាជពិធីច្រត់ព្រះនង្គ័លធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿនក្រើនរំឭកដល់ប្រជាជនខ្មែរយើងដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថារដូវវស្សាបានចូលមកដល់ហើយ។
សម្តេចតេជោសូមជូនពរបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកសិករមានទឹកភ្លៀងប្រើប្រាស់គ្រប់គ្រាន់ក្នុងការប្រកបរបរកសិកម្ម និងបានទទួលផលល្អគ្រប់ៗគ្នាទូទាំងប្រទេសកុំបីខាន៕
ដោយ សុខ ខេមរា