ខេត្តតាកែវ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ តែងតែបន្តចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារ ដើម្បីស្វែងរកទំនិញមិនមានអនុលោមភាពដែលអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់និងសុខុមាលភាពប្រជាពលរដ្ឋមិនមានស្ថិរភាពនៅក្នងសហគមន៍។
មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអមដំណើរដោយរថយន្តចល័តផ្នែកម្ហូបអាហារ កាលពីថ្ងៃទី៦ ខែវិច្ឆិកាម្សិលមិញនេះ បានចូលរួមត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលដាក់លក់ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យអុំទូកដែលធ្វើឡើងក្នុងខេត្តតាកែវ។ ការត្រួតពិនិត្យគឺដើម្បីបង្ការហានិភ័យណាមួយកើតឡើង និងធានាការពារទំនិញដែលមិនមានអនុលោមភាពអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលចូលរួមដើរកម្សាន្តក្នុងពិធីបុណ្យអុំទូក។
ជាលទ្ធផលពុំមានទំនិញណាមួយមិនមានអនុលោមភាពនោះទេ។ សូមបងប្អូនប្រជាពលរដ្ឋរីករាយជាមួយដំណើរកម្សាន្តគ្រប់ទីកន្លែងនាបុណ្យអុំទូក និងសូមជូនពរការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពគ្រប់ទីកន្លែងទាំងជិតនិងឆ្ងាយ។
ក្នុងរយៈពេល៣ថ្ងៃនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់នាថ្ងៃឈប់សម្រាកប្រកបដោយភាពសប្បាយរីករាយ ជួបជុំក្រុមគ្រួសារ និងធ្វើដំណើរទៅកាន់រមណីយដ្ឋាននានានៅក្នុងទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលនូវវិធានការ “៣ការពារ និង៣កុំ” ឱ្យមានប្រសិទ្ធភាព។ អរគុណសន្តិភាព!៕ ដោយ៖សហការី