ភ្នំពេញ៖ រឿងបញ្ហាការប្រើប្រាស់អគ្គិសនីនរណាៗក៏មានចម្ងល់ដែរ រឿងគីឡូវ៉ាត់ម៉ោងកើនឡើង តែសំខាន់ខាងជំនាញបច្ចេកទេសគេពិនិត្យឃើញបញ្ជាក់ថាត្រឹមត្រូវគឺត្រឹមត្រូវហើយ បើចង់ប្រឹងតវ៉ាអាចប្រឈមនឹងការរិះគន់ទៅវិញទេពីខាងអគ្គិសនីថាយើងមិនដឹងខ្យល់ មិនយល់ពីបច្ចេកទេស ឬគំរាមអោយខាងអង្គការចៃកា(JIKA)មកពិនិត្យ…ម្នាក់ៗរួញទ័លច្រកកប់យោបល់ ម្លោះហើយអង្គភាពអគ្គិសនីធ្វើអ្វីៗដោយរលូន ស្របពេលលោករដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងអគ្គិសនីផ្តល់កម្លាំងចិត្តទៀតថា អ្នកនិយាយរឿងភ្លើងសុទ្ធតែខាងក្រុមប្រឆាំងផ្កាប់មុខទៅវិញទៀតនោះ? កាន់តែធ្វើអោយមេអគ្គិសនីមហាទទួលបានកិត្តិយសប្រកបដោយសក្តានុពលមកលើអ្នកប្រើប្រាស់ភ្លើង។
កុំថាឡើយពលរដ្ឋកំពុងរអ៊ូមិនដាច់ពីមាត់ សូម្បីតែលោក ប៊ុន ហ៊ុន ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ប្រហែលជាលោកអាចរងគ្រោះចំណាយខុសខ្ទង់ខ្ពស់រឿងតម្លៃភ្លើងដូចប្រជាពលរដ្ឋដែរហើយមើលទៅ ទើបគាត់បង្ខំចិត្តបង្ហើរចម្ងល់រឿងប្រើប្រាស់អគ្គិសនីនេះ លើហ្វេសប៊ុករបស់គាត់យ៉ាងដូច្នេះថាៈ ខ្ញុំមានចម្ងល់លើថ្លៃប្រើប្រាស់អគ្គិសនីខែនេះ កើនឡើងលើសខែមុនៗជាង ៥០មុឺនរៀល ហើយការប្រើប្រាស់មិនមានអ្វីខុសពីខែមុនៗច្រើនទេ។ សូមEDC មេត្តាពិនិត្យលើបញ្ហានេះផង។ យើងខ្ញុំជាប្រជាពលរដ្ឋមានចម្ងល់លើបញ្ហានេះណាស់?
ដោយឡែកមានប្រភពអាចយកជាការបានលួចបង្ហើបថាៈ រឿងប្រើប្រាស់អគ្គិសនីកើនឡើងកុំទៅឆ្ងល់ ពលរដ្ឋមិនឈ្នះលើការបកស្រាយពីជំនាញបានទេ ព្រោះមានរឿងករណីចម្លែកមួយទៀតដែលកំពុងកើតមានរាល់ថ្ងៃ គឺលក្ខណះពិសេសបើអ្នកណាប្រើប្រាស់ភ្លើងអស់ច្រើន បើបង់លុយតាមខ្សែបណ្តោយគេ គឺបញ្ចុះតម្លៃអោយយ៉ាងតិច១០ភាគរយទៀត?
ក្នុងករណីនេះនគរដ្រេហ្គន មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោក កែវ រតនៈ ប្រធានអង្គភាពអគ្គិសនីកម្ពុជានាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ៕
ដោយ៖ សីលា